ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចម្រៀង «Glory to Hong Kong» ត្រូវ​បាន​ហាម​ឃាត់​នៅហុងកុង​ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បដិសេធ​សេចក្តី​សម្រេច​


រូបឯកសារ៖ និស្សិតច្រៀង​ចម្រៀង​ដោយ​បាតុករក្នុង​ទីក្រុង​ហុងកុងកាលពីថ្ងៃទី​១១ កញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ និស្សិតច្រៀង​ចម្រៀង​ដោយ​បាតុករក្នុង​ទីក្រុង​ហុងកុងកាលពីថ្ងៃទី​១១ កញ្ញា ឆ្នាំ២០១៩។

តុលាការ​ឧទ្ធរណ៍​នៅ​ថ្ងៃទី​៨​ ខែ​ឧសភា​បាន​សម្រេច​តាម​សំណើ​របស់​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​ក្នុង​ការ​ហាម​ឃាត់​បទ​ចម្រៀង​តវ៉ា​ដ៏​ពេញ​និយម​មួយ ​ដោយ​លុប​ចោល​សេចក្តី​សម្រេច​ពី​មុន​ ដែល​ធ្វើ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​អំពី​ការ​លុប​បំបាត់​សេរីភាព​នៅ​ក្នុង​ទីក្រុង​នេះ​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​សកល​ដែល​ធ្លាប់​មាន​សេរីភាព។​ នេះ​បើ​តាម ទីភ្នាក់​ងារ​ព័ត៌មាន​ The Associated Press ​រាយ​ការណ៍​នៅ​ថ្ងៃ​ទី ​៨ ខែ​ឧសភា។​

បទ​ចម្រៀង​ Glory to Hong Kong​ ជារឿយៗ​ត្រូវ​បាន​ក្រុម​បាតុករ​ ច្រៀង​ក្នុង​អំឡុង​ពេល​មាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​ក្នុង​ឆ្នាំ ២០១៩។ ​បទ​ចម្រៀង​នេះ​ក្រោយ​មក​ត្រូវ​បាន​គេ​លេង​ច្រឡំ​ថា​ ជា​ចម្រៀង​ជាតិ​របស់​ទីក្រុង​នេះ​នៅ​ឯ​ព្រឹត្តិ​ការណ៍​កីឡា​អន្តរជាតិ​ជំនួស​ចម្រៀងMarch of the Volunteers​ របស់​ប្រទេស​ចិន​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ក្រុង​ខក​ចិត្ត​ជា​ខ្លាំង។​
វា​ជា​លើកទីមួយ​ហើយ​ដែល​បទ​ចម្រៀង​នេះ​ត្រូវ​បាន​ហាម​ប្រាម​នៅ​ក្នុង​ទីក្រុង​នេះ​ ចាប់តាំង​ពី​ចក្រភព​អង់គ្លេស​បាន​ប្រគល់​ទឹកដី​នេះ​ទៅ​ឱ្យ​ការ​គ្រប់គ្រង​របស់​ចិន​ក្នុង​ឆ្នាំ ១៩៩៧។​

ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា ​ការ​ហាម​ឃាត់​ការ​ផ្សាយ ​ឬ​ការ​ចែក​ចាយ​បទ​ចម្រៀង​នេះ​ កាន់​តែ​កាត់​បន្ថយ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​ចាប់តាំង​ពី​ទីក្រុង​ប៉េកាំង​បាន​ចាប់​ផ្តើម​ការ​បង្រ្កាប​នៅ​ក្នុង​ទីក្រុង​ហុងកុង​ បន្ទាប់ពី​មាន​ការ​តវ៉ា​នៅ​ឆ្នាំ​ ២០១៩។ ​ពួកគេ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ​ ការ​ហាម​ឃាត់នេះ​អាច​រំខាន​ដល់​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​យក្ស ​និង​ប៉ះពាល់​ដល់​ការ​អំពាវនាវ​របស់​ទីក្រុង​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម។​

ចៅក្រម ​Jeremy Poon ​បាន​សរសេរ​ថា​ អ្នក​និពន្ធ​មាន​ចេតនា​ប្រែក្លាយ​ឱ្យ​បទ​ចម្រៀង​នេះ​ជា​«អាវុធ»​ ដោយ​ចង្អុល​បង្ហាញ​ពី​ឥទ្ធិពល​របស់​ចម្រៀង​នេះ​ក្នុង​ការ​ដាស់​អារម្មណ៍​អ្នក​ស្រុក​មួយ​ចំនួន​ក្នុង​ទីក្រុង។​

ការ​ហាម​ប្រាម​នេះ​នឹង​កំណត់​គោលដៅ​លើ​អ្នក​ដែល​ផ្សាយ ​ឬ​ចែកចាយ​បទ​ចម្រៀង​ ដើម្បី​តស៊ូ​មតិ​សម្រាប់​ការ​បំបែក​ហុងកុង​ពី​ប្រទេស​ចិន។​ បម្រាម​នេះ​ក៏​នឹង​ហាម​ឃាត់​រាល់​សកម្មភាព​ដែល​បន្លំ​យក​បទ​ចម្រៀង​ជា​ចម្រៀង​ភ្លេង​ជាតិ​ក្នុង​ចេតនា​ប្រមាថ​ ចម្រៀង​ភ្លេង​ជាតិ​ផង​ដែរ។​

បទ​ចម្រៀង​នេះនៅ​តែ​អាច​ចាក់​បាន​សម្រាប់​សកម្ម​ភាព​សារ​ព័ត៌មាន ​និង​សកម្ម​ភាព​សិក្សា​ស្រប​ច្បាប់។​

ការ​ខកខាន​មិន​បាន​អនុវត្ត​តាម​ដីកា​របស់​តុលាការ​អាច​ចាត់​ទុក​ថា​ ជា​ការ​មាក់ងាយ​តុលាការ​ ហើយ​អាច​ត្រូវ​ទទួល​ទោស​ពិន័យ​ជា​ប្រាក់ ​ឬ​ដាក់​ពន្ធនាគារ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា ​ កន្លង​មក​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​លេង​បទ​ចម្រៀង​នៅ​ទីសាធារណៈ​ ដោយ​ចោទ​ថា​ជា​បទ​ល្មើស​ផ្សេងៗ​ ដូចជា​ការ​លេង​ឧបករណ៍​ភ្លេង​នៅ​ទីសាធារណៈ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។​

ក្រុម​ហ៊ុន​ Google ​បាន​និយាយ​នៅ​ក្នុង​អ៊ីមែល​ទៅ​កាន់ ​AP ​ថា​ ខ្លួន​កំពុង​«ពិនិត្យ​មើល​ការ​វិនិច្ឆ័យ​របស់​តុលាការ»។​ ក្រុមហ៊ុន​ Spotify ​និង​ Apple ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ។​
លោក ​George Chen ​សហ​ប្រធាន​នៃ​ការ​អនុវត្ត​ឌីជីថល​នៅ ​The Asia Group ​ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​ពាណិជ្ជ​កម្ម​ និង​គោល​នយោបាយ​ដែល​មា​នទីស្នាក់​ការ​កណ្តាល​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​និយាយ​ថា ​ ទំនងណាស់​សម្រាប់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​រឹត​បន្តឹង​ការ​ទទួល​បាន​ខ្លឹមសារ​ នេះ​នៅ​ក្នុង​តំបន់​ជាក់លាក់​មួយ​ដើម្បី​អនុវត្ត​តាម​បទ​បញ្ជា។​

លោក ​Chen ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ពី​វិធី​បន្ធូរ​បន្ថយ​កង្វល់​របស់​សាធារណ​ជន​ ជុំវិញ​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​បទ​បញ្ជា​នេះទៅ​លើ​សេរីភាព​និយាយ​ស្តី។​

លោក​បាន​និយាយ​ថា​ លោក​សង្ឃឹម​ថាការ​ហាម​ឃាត់​បែប​នេះ​នឹង​មិន​ក្លាយ​ជា​ «ទម្លាប់​ថ្មី» ​ហើយ​បង្កើត​ជា​លំនាំ​មួយ។​ ​ លោក​បាន​បន្ត​ថា៖​ «នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា ​តើ​សេរីភាព​អ៊ីនធឺណិត​នៅ​ទីក្រុង​ហុងកុង​នឹង​ទៅជា​យ៉ាងណា​ទៅ​ថ្ងៃ​អនាគត»។​

ក្រុង​ប៉េកាំង​បាន​ដាក់​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ធំ​មួយ​នៅ​ឆ្នាំ ​២០២០ ​ដើម្បី​បំបាត់​ភាព​ចលាចល​រយៈ​ពេល​ច្រើន​ខែ។​ ច្បាប់​នោះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ចាប់​ខ្លួន​សកម្ម​ជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឈាន​មុខ​គេ​ជាច្រើន​ក្នុង​ទីក្រុង​នេះ។ ​កាលពី​ខែ​មីនា ​ទីក្រុង​នេះ​បាន​បង្កើត​ច្បាប់​សន្តិសុខ​ ​ដោយ​ធ្វើ​ឱ្យ​មាន​ការ​ភ័យខ្លាច​កាន់​តែខ្លាំង​ថា​ សេរីភាព​ស៊ីវិល​តាម​បែប​លោក​ខាង​លិច​នៅ​ទីក្រុង​នេះ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​បន្ថែម​ទៀត។ ​ច្បាប់​ទាំងពីរ​នេះជា​ធម្មតា​ផ្តោត​ទៅលើ​អំពើ​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ជាង​នេះ។​

បន្ទាប់ពី​ការ​សម្រេច​នេះ ​លោក​ Lin Jian ​អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ បាន​និយាយ​ថា ​ ការ​រារាំង​នរណា​ម្នាក់​មិន​ឱ្យ​ប្រើប្រាស់​បទ​ចម្រៀង​នេះ​ដើម្បី​ញុះញង់​ឱ្យ​មាន​ការ​បែកបាក់ ​និង​ប្រមាថ​បទ​ចម្រៀង​ភ្លេង​ជាតិ​ គឺ​ជា​វិធានការ​ចាំបាច់​សម្រាប់​ទីក្រុង​រក្សា​សន្តិសុខ​ជាតិ។​

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG