នៅថ្ងៃសុក្រនេះ អាជ្ញាធរក្រុងហុងកុងបានបង្ហាញច្បាប់ត្រូវដាក់ស្នើមួយដែលគំរាមកំហែងដាក់គុកមួយជីវិតនូវពលរដ្ឋក្រុងហុងកុងទាំងឡាយណា ដែល«ធ្វើឱ្យសន្តិសុខជាតិមានគ្រោះថ្នាក់» ដោយបង្កើនកង្វល់អំពីការចុះថយសេរីភាពនៃទីក្រុងនេះ ក្នុងពេលបួនឆ្នាំក្រោយរដ្ឋាភិបាលប៉េកាំងដាក់កំហិតច្បាប់ស្រដៀងគ្នាមួយដែលកម្ចាត់ការប្រឆាំងជាសាធារណៈ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
គេឃើញជាទូទៅថា សេចក្តីព្រាងច្បាប់នេះជាវិធានការថ្មីបំផុតនៅក្នុងការបង្ក្រាបខាងនយោបាយដែលបានចាប់ផ្តើមនៅក្រោយទីក្រុងពាក់កណ្តាលស្វយ័តនេះនៃប្រទេសចិនមានបាតុកម្មលម្អៀងទៅខាងប្រជាធិបតេយ្យ កាលពីឆ្នាំ ២០១៩។
មេដឹកនាំក្រុងហុងកុង លោក John Lee បានសុំដល់ក្រុមសមាជិកសភាឱ្យជំរុញសេចក្តីព្រាងច្បាប់ថែរក្សាសន្តិសុខជាតិឱ្យបាន«លឿនពេញទំហឹង» ហើយសមាជិកសភាក៏បានចាប់ផ្តើមពិភាក្សាដេញដោលគ្នានៅក្រោយសេចក្តីព្រាងច្បាប់នេះត្រូវបានចេញផ្សាយជាសាធារណៈ។
សេចក្តីព្រាងច្បាប់ដែលបានស្នើឡើងនឹងពង្រីកអំណាចរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បញ្ហាប្រឈមចំពោះការគ្រប់គ្រងរបស់ខ្លួន វែកមុខចារកម្ម ការបង្ហាញការសម្ងាត់របស់រដ្ឋ និង «ការឃុបឃិតជាមួយកងកម្លាំងពីខាងក្រៅ» ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ជាដើម។ ច្បាប់នេះរួមបញ្ចូលការដាក់ទោសកាន់តែតឹងរ៉ឹងលើអ្នកដែលត្រូវបានផ្តន្ទាទោសពីបទធ្វើការជាមួយរដ្ឋាភិបាលបរទេស ឬអង្គការនានាដើម្បីបំពានបទប្បញ្ញត្តិមួយចំនួន។
ច្បាប់នេះនឹងដាក់ពន្ធនាគារជនដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈដោយមានចេតនាបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរយៈពេល ២០ ឆ្នាំ ឬមួយជីវិត ប្រសិនបើពួកគេឃុបឃិតជាមួយកម្លាំងខាងក្រៅដើម្បីធ្វើដូច្នេះ។ ក្នុងឆ្នាំ ២០១៩ ក្រុមអ្នកតវ៉ាបានកាន់កាប់អាកាសយានដ្ឋាននិងបំផ្លាញស្ថានីយ៍រថភ្លើង។
ដូចគ្នានេះដែរ អ្នកដែលប្រព្រឹត្តអំពើបះបោរប្រឈមនឹងការជាប់ពន្ធនាគារប្រាំពីរឆ្នាំ ប៉ុន្តែការឃុបឃិតជាមួយកម្លាំងពីខាងក្រៅដើម្បីអនុវត្តអំពើបែបនេះនឹងបង្កើនទោសដល់ ១០ ឆ្នាំ៕
វេទិកាបញ្ចេញមតិ