ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ហុងកុង​ដ៏​សំខាន់​លោក Joshua Wong ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​វិទ្ធង្សនា


រូបឯកសារ៖ លោក Joshua Wong សកម្មជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ នៅក្នុងមន្ទីរឃុំឃាំង Lai Chi Kok បន្ទាប់ពីត្រូវបានកាត់ទោសឲ្យពន្ធនាគារពីបទរៀបចំការតវ៉ាដោយគ្មានការអនុញ្ញាតក្បែរទីស្នាក់ការប៉ូលិសកាលពីឆ្នាំ២០១៩ ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ លោក Joshua Wong សកម្មជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ នៅក្នុងមន្ទីរឃុំឃាំង Lai Chi Kok បន្ទាប់ពីត្រូវបានកាត់ទោសឲ្យពន្ធនាគារពីបទរៀបចំការតវ៉ាដោយគ្មានការអនុញ្ញាតក្បែរទីស្នាក់ការប៉ូលិសកាលពីឆ្នាំ២០១៩ ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។

អាជ្ញាធរ​ហុងកុង​ត្រូវ​បាន​រាយ​ការណ៍​ថា​បាន​ចោទ​ប្រកាន់​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ លោក ​Joshua Wong​ ពីបទ​ធ្វើ​វិទ្ធង្សនា​ក្រោមច្បាប់​សន្តិសុខ​ជាតិ​ថ្មី។​ ព័ត៌មាន​នៃការ​ចោទ​ប្រកាន់​ថ្មីនេះ​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ Wong ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​

បច្ចុប្បន្ន​សកម្មជន​វ័យ ​២៤ ​ឆ្នាំរូប​នេះ​ កំពុង​ជាប់​ពន្ធនាគារ​ ១៣​ ខែ​កន្លះ ​ពីបទ​រៀបចំ​ការ​តវ៉ា​ដោយគ្មាន​ការ​អនុញ្ញាត​ នៅ​ឆ្នាំ​២០១៩។​

ការចោទ​ប្រកាន់​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ បន្ទាប់ពី​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​យ៉ាងហោច​ណាស់​ចំនួន​ ៥៣​ នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ក្នុង​ការបង្ក្រាប​ដ៏ធំ​បំផុត​ទៅលើ​សមាជិក​ក្រុម​ប្រឆាំង​នៅក្នុង​ទីក្រុង​ពាក់​កណ្តាល​ស្វ័យភាព​នេះ ​ចាប់​តាំង​ពីច្បាប់​នេះ​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ កាលពី​ខែ​កក្កដា​មក។​

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការ​វាយ​ឆ្មក់​ មុន​ពេលថ្ងៃរះ ​រួមមាន​សមាជិក​ជាច្រើន​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ហុងកុង​ ដែល​បានចូល​រួម​ក្នុង​ការ​បោះឆ្នោត​បឋម​ក្រៅផ្លូវការ​ កាលពី​ខែ​កក្កដា ​ដើម្បីជ្រើស​រើស​បេក្ខជន​ឱ្យចូលរួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នីតិប្បញ្ញត្តិ​ ដែល​ពីដំបូង​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែ​កញ្ញា។​ ការបោះ​ឆ្នោត​នេះ​ត្រូវបាន​ពន្យារ​ពេល​ ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​រាតត្បាត​កូវីដ១៩។​

គណបក្ស​នេះ​បាន​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនថា ​អតីត​សមាជិក​សភា​និង​សកម្មជន​ឈ្មោះ​ Benny Tai ឈ្មោះ James To ឈ្មោះ Lester Shum ​និង​ឈ្មោះ Lam Cheuk-ting ​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បានឃាត់​ខ្លួន​នៅក្នុង​ការ​វាយ​ឆ្មក់​ចាប់​ខ្លួន​នេះ។​

បេក្ខជន​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​សង្ឃឹម​ថា ​នឹង​ឈ្នះ​អាសនៈ​ភាគច្រើន​នៅក្នុង​ក្រុម​ប្រឹក្សា​នីតិប្បញ្ញត្តិ​ ដែល​នឹង​អនុញ្ញាត​ឱ្យពួក​គេ​បោះឆ្នោត​បដិសេធ​កញ្ចប់​ថវិកា​ ដែលបាន​ស្នើឡើង​និង​ច្បាប់ណា​មួយ​ដែល​ត្រូវបាន​គេចាត់ទុក​ថា​ គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​ពុធផង​ដែរ​ គឺ​លោក​ John Clancey​ ដែល​ជា​មេធាវីជន​ជាតិ​អាមេរិកាំង ​ដែល​ធ្វើការ​អោយ​ក្រុមហ៊ុន​ច្បាប់​ហុងកុង​ឈ្មោះ​ Ho, Tse, Wai and Partners​ ដែល​ទទួល​ការពារក្តី​សិទ្ធិ​មនុស្ស។

លោក​ត្រូវបាន​ចាប់ខ្លួន​នៅពេល​ប៉ូលិស​បាន​ឆ្មក់ចូល​ការិយាល័យ​របស់​ក្រុមហ៊ុន​នេះ។​ សារមួយ​ដែល​បាន​បង្ហោះ​នៅលើ​គណនី​ Twitter ​របស់​លោក Joshua Wong​ និយាយថា ​ផ្ទះ​របស់​លោក Wong ​ក៏ត្រូវ​បាន​វាយ​ឆ្មក់ចូលនៅ​ក្នុង​ការ​បោស​សម្អាត​នេះ​ដែរ។​

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក​ Mike Pompeo​ បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​ពិចារណា​ការដាក់​ទណ្ឌកម្ម​ និង​ការរឹតបន្តឹង​បន្ថែម​ទៀត​លើ​ «បុគ្គល​និង​អង្គភាព​ទាំងអស់» ដែលពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​ទាំងនេះ។

អាជ្ញាធរ​ហុងកុង​បាន​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើង​លើ​កម្លាំង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​នេះ​ ចាប់តាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដាក់​ចេញ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ កាលពី​ខែ​កក្កដា​មក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG