សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យសំខាន់បីរូបក្នុងទីក្រុងហុងកុង ត្រូវបានកាត់ទោសនៅថ្ងៃពុធនេះ ក្នុងការពាក់ព័ន្ធការប្រឆាំងតវ៉ានៅខាងក្រៅអគារស្នាក់ការធំប៉ូលិសក្រុងហុងកុង កាលពីខែមិថុនាឆ្នាំ២០១៩។
ការផ្តន្ទាទោសដ៏ខ្លាំងនេះ ត្រូវបានធ្វើឡើងដល់សកម្មជន Joshua Wong អាយុ២៤ឆ្នាំ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៣ខែកន្លះ ក្នុងបទបានរៀបចំនិងញុះញង់ក្នុងការប្រមូលផ្តុំជួបជុំដោយខុសច្បាប់មួយ។ សកម្មជន Agnes Chow អាយុ២៣ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១០ខែ ពីបទចូលរួមនិងញុះញង់អ្នកដទៃឲ្យចូលរួមក្នុងការប្រឆាំងតវ៉ា ហើយសកម្មជន Ivan Lam អាយុ២៦ឆ្នាំត្រូវទទួលទោសចំនួន៧ខែ ពីបទបង្កអំពើញុះញង់។
សកម្មជនទាំង៣រូបនេះ បានសារភាពទទួលកំហុស ចំពោះបទចោទប្រកាន់ទាំងនោះកាលពីខែមុន ក្នុងអំឡុងពេលនៃការបង្ហាញមុខក្នុងតុលាការ តាមការផ្តល់យោបល់ពីមេធាវីរបស់ពួកគេ។
ក្រុមអ្នកប្រឆាំងតវ៉ារាប់ពាន់នាក់ បានឡោមព័ទ្ធទីស្នាក់ការធំរបស់ប៉ូលិសកាលពីថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៩ ដោយទាមទារឲ្យរដ្ឋាភិបាលហុងកុង ដកចេញនូវច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលបានអនុញ្ញាតឲ្យជនសង្ស័យប្រព្រឹត្តបទឧក្រិដ្ឋ អាចត្រូវគេធ្វើបត្យាប័នទៅកាន់ប្រទេសចិនដីគោក។ ច្បាប់នោះបានបង្កឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាលក្រុងហុងកុងក្នុងទ្រង់ទ្រាយធំ អស់រយៈពេលរាប់ខែ ដែលពេលខ្លះការប្រឆាំងតវ៉ានោះបានបង្កឲ្យមានអំពើហិង្សាផងដែរ។
អ្នកស្រី Yamini Mishra នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការ Amnesty International បានថ្កោលទោសការកាត់ទោសនោះ ដោយអ្នកស្រីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយកំណត់មុខសញ្ញាសកម្មជនល្បីឈ្មោះនៅក្នុងចលនាប្រឆាំងតវ៉ាដែលជាទូទៅគ្មានមេដឹកនាំក្នុងការធ្វើបាតុកម្មនោះ អាជ្ញាធរក្រុងហុងកុង កំពុងបញ្ជូនសារព្រមានមួយ ដល់មនុស្សគ្រប់រូប ដែលហ៊ានរិះគន់ដោយចំហទៅលើរដ្ឋាភិបាលថា អ្នកអាចជាមនុស្សបន្ទាប់ដែលអាចត្រូវកាត់ទោស»៕