សកម្មជនហុងកុងវ័យក្មេង ៣ នាក់ ដែលក្នុងនោះមានទាំងលោក Joshua Wong ផងដែរ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់មន្ទីរឃុំឃាំងវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានសារភាពទទួលទោសចំពោះការញុះញង់ឲ្យមានការធ្វើបាតុកម្មក្នុងអំឡុងពេលនៃការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ទីក្រុងហុងកុងបានប្រឈមនឹងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យអស់រយៈពេល ៧ ខែជាប់ៗគ្នា កាលពីឆ្នាំមុន ដែលជារឿយៗមានអំពើហិង្សាកើតឡើង។
រដ្ឋាភិបាលក្រុងប៉េកាំងនិងអាជ្ញាធរក្រុងហុងកុងបានច្រានចោលការទាមទាររបស់បាតុករដែលចង់ឲ្យមានការបោះឆ្នោតដោយសេរី ហើយបានប្រឆាំងនឹងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដោយប្រើសំណុំរឿងព្រហ្មទណ្ឌនិងច្បាប់សន្តិសុខជាតិថ្មី។
លោក Joshua Wong អាយុ ២៤ ឆ្នាំ ត្រូវបានកាត់ទោសជាមួយលោក Ivan Lam និងនាង Agnes Chow ទាក់ទិននឹងការតវ៉ាដែលបានធ្វើឡើងកាលពីរដូវក្តៅឆ្នាំមុននៅខាងក្រៅទីស្នាក់ការប៉ូលិសក្រុងហុងកុង។
លោក Joshua Wong បានប្រាប់អ្នកយកព័ត៌មានមុនពេលការកាត់ទោសបានចាប់ផ្តើមថា៖ «យើងនឹងបន្តប្រយុទ្ធដើម្បីសេរីភាព ហើយឥឡូវនេះមិនមែនជាពេលវេលាសម្រាប់យើងដើម្បីលុតក្រាបរដ្ឋាភិបាលក្រុងប៉េកាំង និងចុះចាញ់នោះទេ»។
រីឯលោក Ivan Lam វ័យ ២៦ ឆ្នាំវិញ បាននិយាយថា៖ «យើងមិនមានការស្តាយក្រោយនោះឡើយ»៕