សកម្មជនវ័យក្មេងដ៏លេចធ្លោម្នាក់នៅក្នុងទីក្រុងហុងកុង គឺលោក Joshua Wong ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ចំពោះការចូលរួមក្នុងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំមុន ប៉ុន្តែ លោកបានប្ដេជ្ញាបន្តទប់ទល់នឹងការបង្ក្រាបរបស់ចិនមកលើអ្នកប្រឆាំង។
ការចាប់ខ្លួនសកម្មជនប្រឆាំងដ៏លេចធ្លោបំផុតរបស់ហុងកុងនេះ គឺជាការចាប់ខ្លួនក្រុមអ្នកប្រឆាំងរដ្ឋាភិបាលចុងក្រោយបំផុតមួយ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងអនុម័តច្បាប់សន្តិសុខជាតិ មកលើទីក្រុងហុងកុងកាលពីចុងខែមិថុនា។
លោក Wong ត្រូវបានចាប់ខ្លួនពីបទ «ការប្រជុំខុសច្បាប់» ចំពោះបាតុកម្មឆ្នាំ ២០១៩ ប្រឆាំងនឹងការហាមឃាត់របស់រដ្ឋាភិបាល មិនឲ្យពាក់របាំងមុខ នៅអំឡុងមុនមានការរាតត្បាតនៃជំងឺកូវីដ១៩ នេះបើតាមការឲ្យដឹងពីមេធាវីរបស់លោក Wong។
លោក Wong អាយុ ២៣ ឆ្នាំ ដែលកំពុងរងការចោទប្រកាន់បីករណីផ្សេងគ្នា បានឲ្យដឹងបន្ទាប់ពីគេធានាឲ្យនៅក្រៅឃុំថា លោកត្រូវបានគេចោទឃុំខ្លួនពីបទរំលោភច្បាប់ប្រឆាំងនឹងការពាក់របាំងមុខ ដែលទើបតែត្រូវបានគេកំណត់ថាជារឿងខុសធម្មនុញ្ញហុងកុង។
មេធាវីរបស់លោក Wong បានឲ្យដឹងថា លោក Wong ត្រូវបានគេចាប់ខ្លួនជាថ្មីម្ដងទៀត នៅពេលលោក បានទៅបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិស អំពីបទចោទមួយផ្សេងទៀត ដែលលោកកំពុងត្រូវគេជំនុំជម្រះ។
លោក Wong បានប្រាប់អ្នកសារព័ត៌មានថា៖ «ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំនឹងបន្តតទល់ និងសង្ឃឹមថា អាចប្រាប់ទៅកាន់ពិភពលោកថា ពលរដ្ឋហុងកុងមិនព្រមចុះចាញ់ឡើយ»៕