ការសម្រេចរបស់រដ្ឋាភិបាលហុងកុង កាត់ទោសសកម្មជនលេចធ្លោវ័យក្មេងបីរូបឲ្យជាប់ពន្ធនាគារ ពីបទរៀបចំការប្រមូលផ្ដុំដោយគ្មានច្បាប់អនុញ្ញាត ទទួលបានការរិះគន់ខ្លាំងពីសមាជិករដ្ឋសភាអាមេរិកជាច្រើនរូប។
កាលពីថ្ងៃពុធ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបីរូបរួមមានលោក Joshua Wong កញ្ញា Agnes Chow និងលោក Ivan Lam ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទរៀបចំបាតុកកម្ម ដែលកើតឡើងនៅខាងក្រៅការិយាល័យកណ្ដាលប៉ូលិសក្រុងហុងកុង កាលពីខែមិថុនា ឆ្នាំ២០១៩។
លោក Wong ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយ:ពេល១៣ ខែកន្លះ។ កញ្ញា Chow ឲ្យជាប់ពន្ធនាគារចំនួន ១០ខែ និងលោក Lam ជាប់ពន្ធនាគារចំនួន ៧ខែ។
សមាជិកសភាសហរដ្ឋអាមេរិកមកពីទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតយ្យបានឆ្លើយតបទាំងកំហឹងចំពោះការកាត់ទោសនេះ។ ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ពីខាងគណបក្សប្រជាធិបតេយ្យ បានហៅការកាត់ទោសនេះក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា ជាហេតុការណ៍ «ដ៏រន្ធត់» មួយ។
ចំណែកសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Florida លោក Marco Rubio បាននិយាយថា ការកាត់ទោសបានផ្ញើសារយ៉ាងច្បាស់ទៅកាន់ពិភពលោក ហើយថា រដ្ឋាភិបាលក្រុងប៉េកាំងត្រួតត្រាទាំងស្រុងលើទីក្រុងហុងកុង ដូច្នេះក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនផ្សេងៗទៀតគួរតែចាកចេញ [ពីទីក្រុងហុងកុង] នៅពេលដែលនៅអាចធ្វើបាន៕