ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​បក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ជំរុញ​លោក Biden ឱ្យ​ចរចា​ជាមួយ​រុស្ស៊ី​រឿង​អ៊ុយក្រែន


រូបឯកសារ៖ សមាជិក​រដ្ឋសភា​អ្នកស្រី Pramila Jayapal ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន Congressional Progressive Caucus កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ សមាជិក​រដ្ឋសភា​អ្នកស្រី Pramila Jayapal ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន Congressional Progressive Caucus កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ទស្សនៈ​វិវឌ្ឍ​និយម​មួយ​ចំនួន​បាន​ជំរុញ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ចន្ទ​ឱ្យ​ផ្លាស់ប្ដូរ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី។

លិខិត​មួយ​ច្បាប់​ដែល​ចុះ​ហត្ថលេខា​ដោយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​ចំនួន ៣០ រូប​នៅ​ក្នុង​ក្រុម​សមាជិក​សភា​ដែល​មាន​ទស្សនៈ​វិវឌ្ឍ​និយម ដែល​ដឹកនាំ​ដោយ​សមាជិក​រដ្ឋសភា​អ្នកស្រី Pramila Jayapal បាន​បញ្ជាក់​ថា ពួកគេ​សម្ដែង​ការ​ដឹងគុណ​ចំពោះ​ការ​តាំងចិត្ត​របស់​លោក Biden «ចំពោះ​ការ​តស៊ូ​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​សង្គ្រាម​បែប​គឃ្លើន​របស់​រុស្ស៊ី» និង​បាន​ទទួល​ស្គាល់​ថា ជំនួយ​សេដ្ឋកិច្ច យោធា និង​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក​គឺ​មាន​សារៈសំខាន់​សម្រាប់​ជ័យជម្នះ​របស់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ប្រយុទ្ធ​តតាំង​នឹង​រុស្ស៊ី។

ប៉ុន្តែ​នៅ​ក្នុង​លិខិត​ដដែល​នោះ​ដែល​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​កាសែត Washington Post ក្រុម​សមាជិក​សភា​ទាំងនេះ​បាន​និយាយ​ថា កិច្ច​ប្រឹងប្រែង​ការទូត​ក៏​គួរតែ​ជា​ផ្នែក​មួយ​នៃ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នេះ​ផង​ដែរ ដែល​សង្គ្រាម​នេះ​បាន​បង្ក​ផល​វិបាក​ដ៏​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ​អ៊ុយក្រែន និង​គំរាមកំហែង​ដល់​វិបត្តិ​ស្បៀង​អាហារ​និង​ភាព​ក្រីក្រ​នៅ​លើ​ពិភពលោក​ដោយសារ​ការ​ឡើង​ថ្លៃ​តម្លៃ​ប្រេង​ឥន្ធនៈ​និង​ធញ្ញជាតិ។

ក្រុម​សមាជិក​សភា​ទាំង​នេះ​បាន​សរសេរ​នៅ​ក្នុង​លិខិត​នោះ​ដូច្នេះ​ថា៖ «ក្នុង​នាម​ជា​សមាជិក​សភា​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ចំណាយ​ថវិកា​បង់​ពន្ធ​រាប់​ម៉ឺន​លាន​ដុល្លារ​របស់​ពលរដ្ឋ​អាមេរិកាំង​សម្រាប់​ជំនួយ​យោធា​នៅ​ក្នុង​សង្គ្រាម​នេះ យើង​ជឿ​ថា ការ​ប្រឡូក​ដូច​នេះ​នៅ​ក្នុង​សង្គ្រាម​នេះ​ក៏​បង្កើត​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​សហរដ្ឋ​អាមេរិក​ផង​ដែរ​នៅ​ក្នុង​ការ​ស្វែងរក​ឱ្យ​មាន​ម៉ឺងម៉ាត់​នូវ​វិធី​ដែល​អាច​ទៅ​រួច​ទាំង​អស់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រឡូក​ដោយ​ផ្ទាល់​ជាមួយ​នឹង​រុស្ស៊ី​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ផល​អាក្រក់​និង​គាំទ្រ​អ៊ុយក្រែន​ឱ្យ​សម្រេច​ឱ្យ​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ»៕

XS
SM
MD
LG