ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​ដល់​ការ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ


អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Denys Shmyhal និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyenនៅក្នុង​អំឡុងពេល​សន្និសីទ​ស្តីអំពី​ការកសាង​ឡើងវិញ​ក្រោយ​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​ទីក្រុង​ប៊ែរឡាំង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Denys Shmyhal និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyenនៅក្នុង​អំឡុងពេល​សន្និសីទ​ស្តីអំពី​ការកសាង​ឡើងវិញ​ក្រោយ​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​ទីក្រុង​ប៊ែរឡាំង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​លើ «ការ​ស្តារ» ប្រទេស​អ៊ុយក្រែន​ឡើង​វិញ «ឱ្យ​បាន​ឆាប់» ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​អ្វី​ដែល​អ្នកស្រី​ហៅ​ថា​ជា​ការ​វាយ​ប្រហារ​ដោយ​មាន​គោលដៅ​របស់​កងកម្លាំង​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល។

នៅ​ក្នុង​ការ​ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​នៅ​ក្នុង​រដ្ឋធានី​ប៊ែរឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​ពិភាក្សា​អំពី​ការ​រើប​ឡើង​វិញ​និង​ការ​កសាង​ឡើង​វិញ​សម្រាប់​ប្រទេស​អ៊ុយក្រែន អ្នកស្រី Von der Leyen បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​កំពុង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​បាន​កាត់ផ្តាច់​ប្រព័ន្ធ​សេវាកម្ម​ទឹក កម្តៅ និង​អគ្គិសនី​សម្រាប់​ពលរដ្ឋ​អ៊ុយក្រែន​នៅ​ពេល​ដែល​រដូវ​រងា​កំពុង​ឈាន​ចូល​មក​ដល់។ អ្នកស្រី​បញ្ជាក់​ថា ការ​វាយ​ប្រហារ​ដូច​នេះ​របស់​រុស្ស៊ី «គឺ​ជា​សកម្មភាព​ភេរវកម្ម​សុទ្ធសាធ»។

អ្នកស្រី Von der Leyen បាន​ពណ៌នា​អំពី​ការ​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ក្រោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​រយៈពេល ៨ ខែ​កន្លង​មក​នេះ​ថា​មាន «ទំហំ​ធំធេង​គួរ​ឱ្យ​ភ្ញាក់ផ្អើល»។

សន្និសីទ​នេះ​មាន​ការ​ចូលរួម​ពី​តំណាង​មកពី​រដ្ឋាភិបាល​ថ្នាក់​ជាតិ​នានា ស្ថាប័ន​សិក្សា​អប់រំ និង​អង្គការ​អន្តរជាតិ​ផ្សេងៗ។ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ការ​ពិភាក្សា​នេះ​ផ្តោត​លើ​វិធី​ផ្ដល់​អាទិភាព​លើ​តម្រូវការ​របស់​ប្រទេស​អ៊ុយក្រែន​និង​ជម្រើស​ដែល​មាន​ស្រាប់​សម្រាប់​គម្រោង​ហិរញ្ញវត្ថុ​នានា។

រដ្ឋាភិបាល​អ៊ុយក្រែន គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប និង​ធនាគារ​ពិភពលោក​បាន​ប៉ាន់ស្មាន​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ថា គេ​អាច​ត្រូវការ​ទឹក​ប្រាក់​ប្រមាណ ៣៥០ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​ប្រទេស​អ៊ុយក្រែន​ឡើងវិញ នៅ​ក្រោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG