… «យប់ខ្មៅងងឹតគ្រប់ច្រកបិទជិតនាំគ្នាអុជទៀន...គំនិតខ្ញុំកើតកំណើតខ្ញុំមាន នាំគ្នាអុចទៀនសង្គ្រោះជាតិយើង»។ កំណាព្យខ្លីនេះបានក្លាយជាការប្តេជ្ញាថ្មីមួយដែលលោកសម រង្ស៊ីនិងអ្នកគាំទ្របានសូត្រជាប្រចាំដោយមានការអុជទៀនផងដែរជារៀងរាល់ពេលជួបជុំនយោបាយក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល២សប្តាហ៍មកនេះបន្ទាប់កិច្ចប្រជុំលើកផែនការកាលពីថ្ងៃទី១៩ដល់២១ខែកុម្ភៈ។
នៅក្នុងកម្មវិធីមួយនៅទីក្រុង Springfield រដ្ឋ Virginia នៅថ្ងៃពុធសប្តាហ៍មុនលោក សម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានពន្យល់ថា៖ «ភ្លើងទៀនគឺជានិមិត្តរូបនៃអំពើល្អដែលយើងចង់កសាងទាំងអស់គ្នា។ ភ្លើងទៀនគឺនាំមកនូវពន្លឺឱ្យចិត្តយើងជ្រះថ្លា។ ភ្លើងទៀនគឺបំភ្លឺផ្លូវយើងឱ្យយើងដើរផ្លូវត្រង់ផ្លូវត្រូវផ្លូវល្អហើយក្នុងសាសនាណាក៏ដោយពេលថ្វាយបង្គំព្រះគេតែងតែអុជទៀន»។
សកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសកាន់តែផុលផុសឡើងស្របពេលគ្នាដែលគណបក្សនយោបាយនានានៅក្នុងប្រទេសកម្ពុជាកំពុងតែរៀបចំសមាសភាពថ្នាក់ដឹកនាំនៅថ្នាក់មូលដ្ឋានដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ដែលគ្រោងរៀបចំនៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ។ ក្នុងចំណោមនោះគឺគណបក្សភ្លើងទៀនដែលជាគណបក្សមួយដែលលោកសម រង្ស៊ីបានបង្កើតមុនពេលដែលលោកចាកចេញមកបង្កើតគណបក្សសង្គ្រោះជាតិជាមួយនឹងលោក កឹម សុខា។
ប៉ុន្តែលោក សម រង្ស៊ី បានដកថយពីការបញ្ចេញជំហរច្បាស់ថាលោកគាំទ្រគណបក្សភ្លើងទៀនដែលពេលនេះត្រូវបានដឹកនាំដោយក្រុមអតីតមន្ត្រីជំនិតរបស់លោក។
លោក សម រង្ស៊ី បានពន្យល់ថា៖ «យើងមិនបាច់និយាយច្រើនទេ។ និយាយច្រើននាំតែអត់ប្រយោជន៍ផងហើយនាំតែជួបការលំបាកដល់អ្នកដទៃផង។ អ៊ីចឹងក្នុងចិត្តគឺយើងគ្រប់គ្រាន់ហើយ។ ខ្ញុំគេថាឃើញភ្លើងទៀន។ យើងនៅពីក្រោយភ្លើងទៀនប៉ុន្តែយើងអត់នៅពីក្រោយបក្សណាទេ»។
លោក សម រង្ស៊ី និងថ្នាក់ដឹកនាំមួយចំនួនកំពុងរស់នៅនិរទេសខ្លួនទៅក្រៅប្រទេសដោយប្រឈមនឹងបទចោទប្រកាន់ជាច្រើនក្នុងតុលាការកម្ពុជាក្នុងនោះមានបទក្បត់ជាតិចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយនៅចុងឆ្នាំ២០១៧។
រដ្ឋសភានិងព្រឹទ្ធសភារបស់អាមេរិកបានស្នើច្បាប់ចំនួនពីរដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជានិងជនទាំងឡាយណាដែលរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជានិងច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា។ សេចក្តីព្រាងច្បាប់ទាំងពីរកំពុងស្ថិតនៅគណៈកម្មាធិការការបរទេសនៃព្រឹទ្ធសភា។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សពន្យល់ប្រាប់ដល់អ្នកចូលរួមពីការវិវត្តនៃច្បាប់ទាំងពីរថា៖ «ជាជោគជ័យរបស់យើង យើងបានសមាជិកព្រឹទ្ធសភា១៣រូបហើយដែលគាំទ្រ។ អ៊ីចឹងយើងបន្តទៅទៀត។ ១៣រូបមែនប៉ុន្តែយើងបន្តជួបជាមួយនឹងសមាជិករបស់គេ បុគ្គលិករបស់គេ មន្ត្រីរបស់គេជាង៦០នាក់។ នេះគឺជាការចូលរួមរបស់បងប្អូនទាំងអស់នៅគ្រប់រដ្ឋទាំងអស់»។
ដូចការសច្ចានៅពេលដុតទៀន គឺលោក សម រង្ស៊ី រក្សាសុទិដ្ឋិនិយមថាដំណោះស្រាយនយោបាយមួយនឹងកើតមានឡើង។ ជាពិសេសនៅពេលដែលមេដឹកនាំសហរដ្ឋអាមេរិកនិងអាស៊ានជួបប្រជុំគ្នានៅសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងពេលខាងមុខដោយលោកសម រង្ស៊ីព្យាករណ៍ថាលោកហ៊ុន សែនត្រូវតែឈប់ចោទប្រកាន់អាមេរិកថាមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បើធ្វើបានបែបនេះមានន័យថាគណបក្សសង្គ្រោះជាតិក៏មិនមានទោសដែរហើយអាចដំណើរការឡើងវិញ។
លោក សម រង្ស៊ី បានបន្ថែមថា៖ «លោក ហ៊ុន សែនត្រូវតែទម្លាក់ចោលការចោទប្រកាន់មកលើសហរដ្ឋអាមេរិក។ យើងធ្វើជាភ្ញៀវគេ យើងមកដល់ស្រុកគេ យើងមិនអាចនៅតែចោទប្រកាន់សហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកបានចូលដៃជាមួយលោកកឹម សុខាចង់រំលំរដ្ឋាភិបាលហ៊ុន សែន ថាសហរដ្ឋអាមេរិកបានប្រព្រឹត្តទង្វើខុសឆ្គងហើយមន្ត្រីសហរដ្ឋអាមេរិកមានទោស។ អ្នកណាចូលរួមសកម្មភាពជាមួយនឹងលោក កឹម សុខាមានទោស។ ខ្ញុំជឿថានៅពេលហ្នឹងលោកហ៊ុន សែនគាត់ពិចារណាថាបោះបង់ចោល ទម្លាក់ចោលការចោទប្រកាន់មកលើសហរដ្ឋអាមេរិក»៕