រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃពុធបានឲ្យដឹងថាអាជ្ញាធរចិនធ្លាប់បានស្នើកម្ពុជាថាចង់បង្ក្រាបបទល្មើសឧក្រិដ្ឋកម្មនានាក្នុងខេត្តព្រះសីហនុពាក់ព័ន្ធករណីឃាតកម្មការចាប់ជំរិតការបង្ខាំងមនុស្សខុសច្បាប់ដោយប្រើកម្លាំងនគរបាលរបស់ចិន។ ប៉ុន្តែសំណើនេះត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថាមិនអាចទៅរួចទេ ពីព្រោះពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់កម្ពុជា។
លោកស ខេង បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយបទល្មើសឧក្រិដ្ឋកម្មដែលកើតឡើងក្នុងខេត្តព្រះសីហនុ ឲ្យមានប្រសិទ្ធភាពខ្ពស់មុនការបោះឆ្នោតឃុំសង្កាត់ដែលសល់រយៈពេលប្រមាណ៣ខែទៀតតែប៉ុណ្ណោះ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៩ ខែមីនាឆ្នាំ២០២២។
លោក ស ខេង ថ្លែងថា៖«យើងចង់បានថាសុំឲ្យគាត់ផ្តល់ព័ត៌មានមក ផ្តល់ដីកា ផ្តល់ឯកសារមកមុខសញ្ញាណាខ្លះដែលគាត់ក្តាប់បានថាជាជនល្មើសយើងគាំទ្រ ហើយនឹងយើងចាប់ឃាត់ខ្លួនដូចដែលយើងកំពុងធ្វើសព្វថ្ងៃនេះ។យើងចង់បានអ៊ីចឹងប៉ុន្តែខាងគាត់ថាគាត់ដើរតួរជាប្រតិបត្តិករដើម្បីចាប់។ នេះដែលជាបញ្ហាមិនឯកភាព ហើយមិនអាចទទួលយកបានហើយវាពាក់ព័ន្ធជាមួយអធិបតេយ្យភាពរបស់ប្រទេសមួយ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យស្ថាប័នពាក់ព័ន្ធរួមគ្នាប្តេជ្ញាបញ្ចប់ឧក្រិដ្ឋកម្មដែលភាគច្រើនបង្កក្នុងចំណោមប្រជាពលរដ្ឋចិនក្នុងខេត្តព្រះសីហនុឲ្យបានច្រើនបំផុតឬត្រឹមកម្រិតមូលដ្ឋាននៅមុនការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។
ក្នុងពិធីនោះដែរ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើនបានថ្លែងថាកាលពីថ្ងៃទី៨ខែមីនា ស្ថាប័នពាក់ព័ន្ធដែលរួមមានអគ្គនាយកនៃអគ្គស្នងការនគរបាលជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងរូបលោកផ្ទាល់បានដឹកនាំកិច្ចប្រជុំកិច្ចគណៈបញ្ជាការរដ្ឋបាលខេត្ត និងស្ថាប័នតុលាការស្តីពីការពង្រឹងសន្តិសុខសុវត្ថិភាពក្នុងខេត្តព្រះសីហនុ ដោយផ្តោតលើបញ្ហាប្រឈមធំៗរួមមានបទឧក្រិដ្ឋឃាតកម្ម ការចាប់ជំរិតនិងបង្ខាំងមនុស្សខុសច្បាប់ជាដើម។
លោកគួច ចំរើនបន្តថាសមាជិកអង្គប្រជុំបានដាក់ចេញវិធានការមួយចំនួនក្នុងការអនុវត្តដោះស្រាយបញ្ហាប្រឈមទាំងនោះដែលរួមមានការគ្រប់គ្រងអាជីវកម្មការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស និងការត្រួតពិនិត្យតាមទីតាំងកាស៊ីណូនៅតាមតំបន់តូចៗ និងតាមដងផ្លូវជាដើមដើម្បីទប់ស្កាត់បទល្មើសនានារួមមានការរត់ពន្ធមនុស្សនិងការជួញដូរកម្លាំងពលកម្មជាដើម។ លោកក៏ស្នើឲ្យមានចំណាត់ការរហ័សពីស្ថាប័នតុលាការផងដែរ។
លោកគួច ចំរើន បញ្ជាក់ថា៖«ចំពោះបទល្មើសឧក្រិដ្ឋដែលពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ការជួញដូរគ្រឿងញៀន អំពើឃាតកម្ម ការត់ពន្ធមនុស្សការបង្ខាំងមនុស្សជំរិតទារប្រាក់...ស្នើស្ថាប័នតុលាការផ្តន្ទាទោសឲ្យបានម៉ឺងម៉ាត់និងត្រូវបណ្តេញចេញក្រោយពីអនុវត្តទោសរួចរាល់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំនៅកម្ពុជាបាននៅឡើយទេ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំសំអាត ឲ្យដឹងថាបទល្មើសភាគច្រើនក្នុងខេត្តព្រះសីហនុ បង្កឡើងដោយជនជាតិចិន ដែលមកស្នាក់នៅកម្ពុជាដែលបណ្តាលឲ្យកើតមានបទល្មើសជាច្រើនដូចជាបទល្មើសគ្រឿងញៀន បទល្មើសឧក្រិដ្ឋបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតជាដើម ដែលបញ្ហាទាំងនេះជាការព្រួយបារម្ភនិងបង្កការភ័យខ្លាចនិងផលលំបាកទាក់ទងបញ្ហាសន្តិសុខសុវត្តិភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់និងប៉ះពាល់ដល់អ្នកវិនិយោគដោយអាជ្ញាធរត្រូវតែទប់ស្កាត់។
លោកថ្លែងថា៖«ហើយត្រូវតែខិតខំក្នុងការទប់ស្កាត់បន្តទៀត ចំពោះស្ថាប័នដែលពាក់ព័ន្ធដើម្បីធ្វើយ៉ាងម៉េចកាត់បន្ថយឬក៏លុបបំបាត់នូវបទល្មើសកុំឲ្យកើតឡើងចំពោះជនបរទេសដែលចូលមកក្នុងខេត្តព្រះសីហនុនេះ»។
ប្រធានមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង មើលឃើញថារដ្ឋាភិបាលតែងតែប្តេជ្ញាចិត្តជាច្រើនលើកប៉ុន្តែនៅតែខកខានចំពោះការកាត់បន្ថយនូវភាពអវិជ្ជមានក្នុងខេត្តព្រះសីហនុ។ប៉ុន្តែទោះជាយ៉ាងណាលោកសាទរចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថានឹងប្តេជ្ញាចិត្តក្នុងការលុបបំបាត់នូវភាពអវិជ្ជមាន និងបទល្មើសឧក្រិដ្ឋក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
លោកថ្លែងថា៖«រឿងដែលសំខាន់ទី១ត្រូវតែពិនិត្យមើលនិងចាត់វិធានការជាក់ស្តែងចំពោះក្រុមហ៊ុនណាដែលមកបង្កវិនាសកម្ម មកបង្កបទឧក្រិដ្ឋមកបង្កបញ្ហាឲ្យកម្ពុជា គឺត្រូវចាត់វិធានការជាក់ស្តែងហើយត្រូវបញ្ជូនគាត់ទៅប្រទេសវិញ ឬក៏ពិនិត្យមើលពួកជនបរទេសទាំងអស់ដែលមកប្រទេសកម្ពុជា ថាតើគាត់មានប្រវត្តិយ៉ាងណា បើគាត់មានប្រវត្តិមិនល្អទេគួរតែមានការប្រុងប្រយ័ត្តឬក៏អត់ឲ្យមកតែម្តង»។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៥ស្ថាប័នក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះរបាយការណ៍អំពីការកើតឡើងយ៉ាងច្រើននៃការជួញដូរមនុស្សចូលមកក្នុងប្រទេសកម្ពុជា ដែលបង្កើតជាបញ្ហាមួយចំនួនដូចជាពលកម្មដោយបង្ខំ អំពើទាសភាព និងទារុណកម្មនៅតាមបរិវេណអគារនានានៅក្នុងប្រទេសកម្ពុជា។ អង្គការនិងស្ថាប័នទាំងនោះបញ្ជាក់ថាការរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងគណនីបណ្តាញសង្គមរបស់ជនរងគ្រោះជាច្រើន ដែលចងក្រងដោយអង្គការក្នុងស្រុកនិងអន្តរជាតិបង្ហាញថាមនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាជនបរទេសត្រូវបានជាប់ក្នុងស្ថានភាពទាំងអស់នេះ ។ សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថាក៏មានការរំលោភបំពានស្រដៀងគ្នានេះ ដែលត្រូវបានគេរាយការណ៍ថាកើតឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកោះកុងនិងខេត្តផ្សេងទៀតផងដែរ ។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «យើងខ្ញុំស្នើសុំឱ្យអាជ្ញាធរកម្ពុជាបំពេញការទទួលខុសត្រូវរបស់ខ្លួនដើម្បីស៊ើបអង្កេតឱ្យបានពេញលេញនូវការរំលោភបំពាននៅក្នុងប្រទេសរបស់ខ្លួនលុបបំបាត់រាល់ទីតាំងទាំងអស់ដែលជាប់ទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់និងប្រតិបត្តិការបោកបញ្ឆោត និងការបង្ខំឱ្យធ្វើពលកម្មទាសភាព ឬការធ្វើទារុណកម្មនិងធានាថា អ្នកដែលជាប់បង្ខាំងខ្លួនត្រូវបានដោះលែងនិងត្រូវបានផ្តល់សុវត្ថិភាពនិងកាត់ទោសអ្នកទទួលខុសត្រូវទាំងអស់តាមច្បាប់កម្ពុជា»៕