ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ហុងកុង​បើក​ចំហរ​ការ​សន្ទនា​ ប៉ុន្តែ​សច្ចា​ថា​នឹង​លុបបំបាត់​អំពើ​ហិង្សា


លោកស្រី Carrie Lam​ ទទួល​សំណួរ​ពី​អ្នកសារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។
លោកស្រី Carrie Lam​ ទទួល​សំណួរ​ពី​អ្នកសារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

នាយកប្រតិបត្តិ​ទីក្រុង​ហុងកុង​លោកស្រី Carrie Lam នៅ​ថ្ងៃអង្គារ​នេះ​បាន​ថ្លែង​ថា​ លោកស្រី​បើក​ចំហរ​ដើម្បី​ធ្វើ​ការ​សន្ទនា​ជាមួយ​នឹង​ក្រុម​បាតុករ​ ក៏ប៉ុន្តែ​ថា​រដ្ឋាភិបាល​នឹង​មិន​អត់ធ្មត់​ចំពោះ​អំពើ​ហិង្សា​ទេ។

លោកស្រី Lam បាន​ថ្លែង​ដូច្នេះ​ថា «ប្រសិន​បើ​អំពើ​ហិង្សា​នៅ​តែ​បន្ត​កើតឡើង​ រឿង​តែ​មួយ​គត់​ដែល​យើង​គួរ​ធ្វើ​គឺ​ត្រូវ​បំបាត់​អំពើ​ហិង្សា​តាមរយៈ​ការ​អនុវត្ត​ច្បាប់»។

លោកស្រី​បាន​ថ្លែង​បន្ថែម​ទៀត​ថា​ វា​ជា​ការ​មិន​សមរម្យ​ទាល់​តែ​សោះ​ដែល​រដ្ឋាភិបាល​ត្រូវ​យល់​ព្រម​តាម​ការទាមទារ​របស់​ក្រុមបាតុករ​ដែល​ជា​ភាគី​បង្ក​ហិង្សា​និង​ការ​យាយី។​

លោកស្រី Lam បាន​ថ្លែង​បន្ត​ទៀត​ថា «យើង​ចង់​បញ្ចប់​ស្ថានភាព​វឹកវរ​នៅក្នុង​ទីក្រុង​ហុងកុង​ តាមរយៈ​ការ​ពង្រឹង​ច្បាប់។ ហើយ​ស្របពេល​ជាមួយ​គ្នា​នេះ​យើង​នឹង​មិន​បោះ​បង់ចោល​ការ​បង្កើត​វេទិកា​សន្ទនា​នោះ​ទេ»។

លោកស្រី Lam បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ពីរបីលើក​រួច​មក​ហើយ​ នៅ​អំឡុង​ពេល​បាតុកម្ម​ជាច្រើន​ខែ​មក​នេះ​ ដែល​ផ្តើម​ចេញ​ពី​ការអំពាវនាវ​ឲ្យ​បញ្ឈប់​សំណើ​ច្បាប់​បត្យាប័ន​ ហើយ​បន្ទាប់​មក​បាតុករ​បាន​បន្ថែម​ការទាមទារ​មួយចំនួន​ទៀត​ រួមទាំង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ផងដែរ។

ក្រុមបាតុករ​មាន​គម្រោង​បន្ត​បាតុកម្ម​ ដែល​ជា​ការគំរាមកំហែង​ខ្លាំង​បំផុត​ចំពោះ​សន្តិភាព​នៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅ​តំបន់​អាស៊ី​មួយ​នេះ​ ចាប់តាំង​ពី​អង់គ្លេស​បាន​ប្រគល់​ទឹកដី​ហុងកុង​ឲ្យ​ទៅ​ប្រទេស​ចិន​វិញ​កាល​ពីឆ្នាំ១៩៩៧។ ក្រុមបាតុករ​បាន​និយាយ​ថា​ ពួកគេ​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ពួកគេ​មើលឃើញ​ថា​ជា​ការ​លុបបំបាត់​សិទ្ធិ​នានា​នៅក្រោម​ការរៀបចំ​ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែល​ស្ថិត​ក្រោម​ការសន្មត​របស់​រដ្ឋា​ភិបាល​ក្រុងប៉េកាំង​ក្នុង​ការគ្រប់គ្រង​ដែនដី​មួយ​នេះ។
ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជាង៨០នាក់​នៅ​អំឡុងពេល​បាតុកម្ម​កាល​ពី​ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ​ដែល​រួម​ទាំង​ការប៉ះទង្គិច​គ្នា​ជាមួយ​មន្ត្រី​ប៉ូលិស​ផងដែរ៕

XS
SM
MD
LG