ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​ខ្មែរ​ក្នុង​ប្រទេស​ថៃ​​​ព្រមាន​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​នេះ​​ពី​ខ្យល់​កខ្វក់​ដ៏​គ្រោះថា្នក់​ដែល​កំពុង​រីក​សាយភាយ


ខ្យល់កខ្វក់គ្របដណ្តប់តំបន់សួនឧទ្យាន Lumpini Park កណ្តាលទីក្រុងបាងកក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។
ខ្យល់កខ្វក់គ្របដណ្តប់តំបន់សួនឧទ្យាន Lumpini Park កណ្តាលទីក្រុងបាងកក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ថៃ​ ឲ្យមាន​ការ​ប្រុងប្រយ័ត្ន​ និង​ពាក់ម៉ាស​ការពារ​ ចៀសវាង​គ្រោះ​ថ្នាក់​​​ដល់​សុខភាព​ដោយសារ​ខ្យល់​កខ្វក់​ PM2.5​ ​រហូត​បណ្តាល​ឲ្យ​គ្រឹះ​ស្ថាន​សិក្សា​មួយចំនួន​បិទទ្វារ​បណ្តោះ​អាសន្ន​នោះ​នៅ​សប្តាហ៍​នេះ។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ថៃ​ទាំង​អស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​ពាក់​ម៉ាស់​ប្រភេទ​ ​N95​ ​ដើម្បី​ការពារ​ខ្យល់​កខ្វក់​ប្រភេទ ​PM2.5​ ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ក្នុង​ប្រទេស​ក្បែរ​ខាង​មួយ​នេះ។​

សេចក្តី​ជូន​ដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ចេញ​នៅ​ថ្ងៃទី​៣១​ ខែ​មករា​ ឆ្នាំ​២០១៩​ បញ្ជាក់​ថា​ ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​ ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព​ ​ដោយសារ​នៅ​ទីក្រុង​បាងកក​និង​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ​ ដូច​ជា​ខេត្ត​សមុទ្រ​ប្រាកាន​ ​ខេត្ត​សមុទ្រ​សាខន​ ​ខេត្ត​នន្ទបុរី​ ​ខេត្ត​ណាខន​ប៉ាធុម​ជាដើម​ ​កំពុង​មាន​ភាព​ជ្រួល​ច្របល់​អំពី​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​ឥទ្ធិពល​ខ្យល់​កខ្វក់​ម្យ៉ាង​ឈ្មោះ​ថា​ PM2.5។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បន្ថែម​ថា​ ​ខ្យល់​កខ្វក់ ​ដែលកំពុងកើត​ឡើង​ក្នុង​ទីក្រុង​បាងកក​ និង​ខេត្ត​មួយ​ចំនួន​នោះ ​បាន​ធ្លាក់​ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់​ ​ដែល​មាន​កម្ទេច​ធូលី​ជាច្រើន​ ដែល​គេ​ស្គាល់​ឈ្មោះ​ថា PM2.5ដែល​ភាគល្អិត​នៃ​ធូលី​មាន​ទំហំ​តូច​ជាង​២,៥​មីក្រូម៉ែត្រ​ហើយ​ត្រូវ​ចាត់​ទុក​ថា​ បង្កគ្រោះថ្នាក់​បំផុត ​ដោយសារ​ទំហំ​តូច​របស់​វា​អាច​ចូល​ជ្រៅ​ក្នុង​សួត ​និង​ប៉ះពាល់​សេរីរាង្គ​ផ្សេង​ទៀត។​

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​តាម​ន័យ​ដើម​ថា៖​

«ទាក់ទង​នឹង​បញ្ហា​នេះ​ រាជរដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ឲ្យ​សាលារៀន​និង​គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន​បិទ​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​ក្នុង​គោល​បំណង​ការពារ​សុវត្ថិភាព​ ​សុខភាព​របស់​សិស្ស​ និស្សិត​ទាំង​អស់។​ ​អាស្រ័យ​ហេតុនេះ​ ​ស្ថាន​ទូត​ឯក​អគ្គរាជទូត​កម្ពុជា​សូម​អំពាវនាវឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ថៃ​ទាំងអស់​មេត្តា​ថែរក្សា​សុខភាព​ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ដោយ​ពាក់​ម៉ាស់​ការពារ​ប្រភេទ​ N95»។​

លោក​ឌី ថេហូយ៉ា​ មន្ត្រី​កម្មវិធី​នៃ​អង្គការ​ការពារ​សិទ្ធិ​ពលករគឺសង់​ត្រាល់ ​ប្រាប់ ​VOA ​ថា​ រហូត​មក​ដល់​ពេល​នេះ ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណជា​២​លាននាក់​កំពុង​ធ្វើ​ជា​ពលករក្នុង​ប្រទេស​ថៃ។ ​លោក​បន្ថែម​ថា ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែលកំពុង​ស្ថិតក្នុង​ប្រទេស​ថៃ ​និង​អ្នក​ដែល​មាន​បំណង​ធ្វើ​ដំណើរ​កម្សាន្តទៅ​ទីនោះ ​ត្រូវ​ប្រុង​ប្រយ័ត្ន ​និង​គួរតែ​តាម​ដាន​ព័ត៌មាន​ឲ្យ​បាន​ដិត​ដល់​ទាក់ទង​នឹង​ករណី​នេះដើម្បី​បង្ការ​គ្រោះ​ថ្នាក់​ផ្សេងៗ។​

លោក​បញ្ជាក់​ថា៖​

«សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​ដែល​ទៅ​ថៃ​ហ្នឹង​ ព្យាយាម​តាម​ដាន​បន្តិច​ទាក់ទង​នឹង​រឿង​ទៅ​បាងកក។ ​បើ​សិនជា​អាច​ថា​ អ្នក​លក្ខណៈ​ទេសចរ ​មិន​ចាំ​បាច់​ទៅ​បាងកក​អី​ទេ​ គួរតែ​ប្តូរ​ទិស​ដៅ​ទៅ​លេង​ឯណា​ឯណី​ ដែល​ជា​ខេត្ត​អាច​ថា ស្រូប​ខ្យល់​អាកាស​ធាតុ​ល្អ​ជាជាង​យើង​ទៅ​កម្សាន្ត​ ​ក៏​ប៉ុន្តែ​យើង​ទទួល​រង​ប៉ះពាល់​ដល់​សុខភាព»។​

VOA​ ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​លី សូវ៉ាន់​ ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ និង​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ទេ​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។​

កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៥​ ​ករណី​ខ្យល់​កខ្វក់នេះក៏​បាន​កើត​ឡើង​ក្នុង​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​បណ្តាល​ឲ្យ​មាន​ការ​បិទ​ទ្វារ​គ្រឹះ​ស្ថាន​សិក្សា​មួយ​ចំនួន​ផង​ដែរ៕

XS
SM
MD
LG