ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មេទ័ព​ជើងគោក​ថៃ​ធ្វើ​ទស្សនកិច្ច​កម្ពុជា​​មុន​ការ​បោះ​ឆ្នោត


នាយ​ឧត្ដម​សេនីយ៍ ​Apirat ​Kongsompong ​មេបញ្ជាការ​កងទ័ព​ជើងគោក​ភូមិន្ទថៃ​ និង​នាយ​ឧត្ដមសេនីយ៍ ​ទៀ ​បាញ់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ នៅ​ក្នុង​ជំនួប​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២៩​ ខែមករា ​ឆ្នាំ២០១៩។ (រូបថត៖ ក្រសួង​ការពារ​ជាតិ​កម្ពុជា)

​នាយ​ឧត្ដមសេនីយ៍​ ​Apirat​ ​Kongsompong​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក​ភូមិន្ទ​ថៃ​ ​មកដល់​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃអង្គារ​ ​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ។

មេ​បញ្ជាការ​កងទ័ព​ជើងគោក​ថៃ​ ​Apirat Kongsompong​ ​បាន​លើក​យក​ប្រធាន​បទ​ជាច្រើន​ ​ទាក់​ទង​នឹង​បញ្ហា​សន្តិសុខ​នៃ​ប្រទេស​ទាំងពីរ​និង​តំបន់​ ​បូករួម​ទាំង​ការ​ពង្រឹង​ចំណង​ទាក់ទង​យោធា​ទ្វេភាគី​ ​មក​និយាយ​នឹង​ថ្នាក់ដឹកនាំ​កងទ័ព​កម្ពុជា​ ​អំឡុង​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​រយៈពេល​ពីរ​ថ្ងៃនៅរាជធានីភ្នំពេញ​ ​ក្នុង​សប្ដាហ៍​នេះ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រ​សួង​ការពារ​ជាតិ​កម្ពុជា។

​នាយ​ឧត្ដមសេនីយ៍​ ​Apirat​ ​Kongsompong​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក​ភូមិន្ទ​ថៃ​ ​មកដល់​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃអង្គារ​ ​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ។​ ​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ ​សម​ភាគី​កម្ពុជា​ ​គឺ​លោក​ឧត្ដម​សេនីយ៍​ឯក​ ​ហ៊ុន ម៉ាណែត​ ​មេ​បញ្ជាការ​ទ័ពជើង​គោក​ខេមរ​ភូមិន្ទ​ ​ព្រមទាំងជាមួយ​នាយ​ឧត្ដមសេនីយ៍​ ​ទៀ បាញ់​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គ​មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ផង​ដែរ។

​នាយ​ឧត្ដមសេនីយ៍​ ​ទៀ បាញ់​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ ​បាន​បញ្ជាក់​ប្រាប់​VOA​ ​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃពុធ​នេះថា​ ​លោក​មេទ័ព​ជើងគោក​ថៃ​ ​បាន​លើកយក​បញ្ហា​នា​នា​មក​ជជែក​នឹង​មន្ត្រី​បញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា​ ​ដែល​រួមមាន​ការ​បន្ត​រឹតចំណង​ទាក់ទង​ទ្វេភាគី​ ​និង​ចំណង​ទាក់ទង​កងទ័ព​នៅ​សងខាង​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដែល​ធ្លាប់​មាន​ជម្លោះ​នឹង​គ្នា។

នាយ​ឧត្ដមសេនីយ៍​ ​ទៀ​ ​បាញ់​ បាន​បញ្ជាក់​ថា៖​

​«​ធម្មតា​ទេ​ ​គឺ​ជួប​ ​ក៏​មាន​ការ​ផ្ដោះ​ប្ដូរ​គ្នា​ ​អំពី​បញ្ហា​និយាយ​គ្នា​អំពី​បញ្ហា​មួយចំនួន​ ​ជាមួយគ្នា​នោះ​ដែរ​ ​បាន​ធានា​គ្នា​ទៅវិញ​ទៅមក​ ​ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ ​ដ៏​ល្អ​ ​ដូច្នេះ​គឺ​ខាង​តំបន់​ព្រំដែន​ ​ដែល​មាន​យោធា​ ​ធ្វើ​ការងារ​ហ្នឹង​ ​គឺ​ធ្វើ​យ៉ាងម៉េច​ ​ឯកភាព​គ្នា​ ​ល្អូក​ល្អឺ​ន​ជាមួយគ្នា។​ ​បញ្ហា​ទាំង​អស់​ហ្នឹង​ ​វា​តែ​ប៉ុណ្ណឹង​ទេ​ ​វា​អត់មាន​អ្វី​វែងឆ្ងាយ​ទេ​ បាទ»!

​នាយ​ឧត្ដមសេនីយ៍​ ​Apirat​ ​ទើប​ចូល​មកកាន់​ការ​ជា​មេ​បញ្ជាការ​ទ័ព​ជើង​គោក​ភូមិន្ទ​ថៃ​ ​កាលពី​ខែកញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ខណៈ​ដែល​ប្រទេស​ថៃ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការបោះឆ្នោត​ជាតិ​នា​ខែមីនា​ខាង​មុខ។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​នា​សប្តាហ៍​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​របាយការណ៍​ព័ត៌មាន​ដែល​ថា​កម្ពុជា​ ​បាន​ចេញ​ឯកសារ​ធ្វើ​ដំណើរ​ដល់​អ្នកស្រី​ ​Yingluck Shinawatra​ ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​រត់គេច​ខ្លួន។

នាយ​ឧត្ដម​សេនីយ៍ ​Apirat ​Kongsompong ​មេបញ្ជាការ​កងទ័ព​ជើងគោក​ភូមិន្ទថៃ ពេល​អញ្ជើញ​ដល់មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី២៩​ ខែមករា ​ឆ្នាំ២០១៩។ (រូបថត៖ ​ស្ថានទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ)
នាយ​ឧត្ដម​សេនីយ៍ ​Apirat ​Kongsompong ​មេបញ្ជាការ​កងទ័ព​ជើងគោក​ភូមិន្ទថៃ ពេល​អញ្ជើញ​ដល់មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី២៩​ ខែមករា ​ឆ្នាំ២០១៩។ (រូបថត៖ ​ស្ថានទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ)

នាយ​ឧត្ដម​សេនីយ៍ ​Apirat ​Kongsompong ​មេបញ្ជាការ​កងទ័ព​ជើងគោក​ភូមិន្ទថៃ ពេល​អញ្ជើញ​ដល់មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី២៩​ ខែមករា ​ឆ្នាំ២០១៩។ (រូបថត៖ ​ស្ថានទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ)

​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​កាលពី​ដើម​ខែ​មករា​នេះ​បាន​បដិសេធ​ភ្លាម​ៗ​ ​បន្ទាប់​ពី​កាសែត​ហុងកុង​ ​South​ ​China​ ​Morning​ ​Post​ ​បាន​ចេញ​របាយការណ៍​ផ្ដាច់​មុខ​ដែល​ថា​ ​អ្នកស្រី​ ​Yingluck​ ​បាន​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា​ ​ទៅចុះ​បញ្ជី​ក្រុមហ៊ុន​ជំនួញ​របស់​អ្នកស្រី​នៅ​ទីក្រុង​ហុងកុង​ ​និង​ទំនង​ជា​បាន​ប្រើ​ប្រាស់​លិខិតឆ្លង​ដែន​ខាងលើ​ធ្វើការ​រត់គេច​ពី​ការ​ចាប់ចង​របស់​រដ្ឋាភិបាល​យោធា​ថៃ​ផង។

​យ៉ាងណា​ក៏​ដោយ​ ​ក្រោយ​មក​គេ​ឃើញ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ចេញ​បទបញ្ជា​មួយ​ដល់​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ធ្វើ​ការ​ដកហូត​រាល់​លិខិតឆ្លង​ដែន​កម្ពុជា​ ​ដែល​ត្រូវ​បាន​ផ្ដល់​ជូន​ជនបរទេស​ក្រោម​រូប​ភាព​ផ្សេង​ៗ​ ​ដែល​ទាក់ទិន​នឹង​តំណែង​របស់​ពួកគេ​ក្នុង​ការ​ផ្ដល់​ប្រឹក្សា​ដល់​រដ្ឋាភិបាល​ខ្មែរ​។​ ​រដ្ឋាភិបាល​ថៃ​បាន​ស្វាគមន៍​ចំណាត់​ការ​ខាង​លើ​ ​និង​បាន​ហៅ​ការ​សម្រេច​នោះ​ថា​ជា​កាយវិការ​បង្ហាញ​ពី​ការ​ ​«យល់​ចិត្ត​យល់​ថ្លើម»​រវាង​រដ្ឋាភិបាល​ក្រុងភ្នំពេញនិង​បាងកក។

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​លោក​ ​ទៀ​ ​បាញ់​ ​បាន​ប្រាប់VOA​ថា ​សំណុំ​រឿង​អ្នកស្រី​ ​Yingluck​ ​មិន​ត្រូវ​បាន​លើក​យក​មក​ធ្វើជា​ប្រធាន​រឿង​ជជែក​ពិភាក្សា​របស់​ ​នាយ​ឧត្ដមសេនីយ៍​ ​Apirat​ ​ជា​មួយ​មេទ័ព​ធំៗ​របស់​កម្ពុជា​ឡើយ។​ ​តែ​លោក​ថា​ ​លោក​បាន​កត់សម្គាល់​អំពី​ស្ថានភាព​ល្អ​ប្រសើរ​ ​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ​ដែល​ភាគី​ទាំងពីរ​ធ្លាប់​ពើប​ប្រយុទ្ធ​គ្នា​អំឡុង​ឆ្នាំ២០០៨​ ​ដល់​ឆ្នាំ​២០១១។

​«អត់មាន​បញ្ហា​អ្វី​ទេ​ ​អាហ្នឹង​គឺ​ ​ទាំងសង​ខាង​ ​ក៏បាន​យល់ដឹង​កាន់តែ​ច្បាស់​ហើយ​ ​ឥឡូវហ្នឹង​ ​វា​មិន​អី​ទេ​ ​និយាយ​គ្នា​ ​ស្ដាប់គ្នា​បាន​ ​វា​និយាយ​គ្នា​ស្ដាប់គ្នា​បាន​ហើយ​ ​អត់មាន​បញ្ហា​អ្វី​ទេ!»។

​ប្រទេស​ថៃ​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះឆ្នោត​ថ្ងៃទី២៤​ ​ខែ​មិនា​ ​ខាងមុខ​ ​ដែលគេ​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​យូរ​មក​ហើយ​ ​ថា​ជា​ការ​វិលត្រឡប់​ដ៏​ចម្រូង​ចម្រាស់​ ​ទៅ​រក​ការ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​វិញ​ ​តែ​នៅ​ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៧​ ​ដែល​គូស​វាស​ដោយក្រុម​ទាហាន​ ​ដែល​ត្រូវ​បាន​អ្នករិះគន់​មើលឃើញ​ថា​ ​មុខ​ជា​នឹង​បន្ថយ​អំណាច​គ្រប់គ្រង​រដ្ឋ​នៃ​រដ្ឋា​ភិបាល​ស៊ីវិល​ជាប់ឆ្នោត​ ​និង​បន្ថែម​ឥទ្ធិពល​របស់​ទាហាន​ទៅ​ក្នុង​នយោបាយ។

​នាយ​ឧត្ដមសេនីយ៍​ ​Apirat​ ​ខ្លួន​លោក​ផ្ទាល់​ ​ក៏បាន​ធ្វើការ​ប្ដេជ្ញា​ដោយ​គ្មាន​រួញរា​ ​ថា​លទ្ធភាព​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នឹង​នៅតែ​បន្ត​មាន​ ​ប្រសិនបើ​នយោបាយ​នៃ​ការបោះឆ្នោត​នៅតែ​បង្ក​ភាព​ចលាចល​ដល់​ស្ថិរភាព​សង្គម​ថៃ​ ​ក្រោយ​ការបោះឆ្នោត​នៃ​ប្រទេស​ដែល​មាន​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ដ៏​ញឹកញាប់​ ​និង​ទម្រង់​នយោបាយ​ដែល​មានការ​បែកបាក់​ដ៏​ជ្រាល​ជ្រៅ។

​លោក​ ​Paul Chambers​ ​អ្នកវិភាគ​កិច្ចការ​សន្តិសុខ​ ​នៅ​សាកល​វិទ្យាល័យ​នរេនសូរ​ប្រទេស​ថៃ​ ​បាន​និយាយ​ថា​ ​លើស​ពី​ការ​ពង្រឹង​ចំណងទាក់ទង​យោធា​កម្ពុជា​ថៃ​ ​ដំណើរ​ទស្សនកិច្ច​របស់​ ​នាយ​ឧត្ដម​សេនីយ៍​ ​Apirat​ ​ដ៏​បាន​ផ្ដល់​សញ្ញា​នៃ​ការ​បន្ត​ភាពល្អូកល្អឺន​រវាង​យោធា​ថៃ​ ​និង​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​និង​ក៏ដូចជា​ការ​ព្យាយាម​ចង់​បង្ហាញ​នូវ​ចេតនា​ ​មិន​ចង់ឱ្យ​ទីក្រុង​ភ្នំពេញ​ ​និង​សម្ព័ន្ធ​នយោបាយ​គាំទ្រ​លោក​ ​Thaksin​ ​ខិត​ជិត​គ្នា​សាជាថ្មី។

​យ៉ាងណា​ក្ដី​ ​អ្នកវិភាគ​រូប​នេះ​ ​បាន​លើកឡើង​ថា​ ​គណបក្ស​ណាក៏ដោយ​ដែល​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋា​ភិបាល​ថ្មី​របស់​ថៃ​ ​មុខតែ​ជា​នឹង​បន្ត​ការ​សហការ​ល្អជា​មួយ​នឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ជាក់ជា​មិន​ខាន។

​លោក​បាន​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិកត្រូនិក​ថា៖​

​«​យ៉ាងណា​ក៏​ដោយ​ ​បើ​បក្ស​ដែល​គាំទ្រ​លោក​ ​Thaksin​ ​ឈ្នះ​ការបោះឆ្នោត​នោះ​ ​វា​ប្រហែលជា​នឹង​ទៅ​រួច​ដែល​ថា​ ​បណ្ដាជន​ថៃ​ដែល​ប្រឆាំង​នឹង​ ​Thaksin​ ​ឬក៏​ក្រុម​យោធា​ ​នឹង​ធ្វើការ​ចោទប្រកាន់​ ​រដ្ឋាភិបាល​សម្ព័ន្ធ​មិត្ត​លោក​ ​Thaksin​ ​ថា​ខិត​ទៅ​ស្និទ្ធស្នាល​ជ្រុល​ជាមួយ​លោក​ ​ហ៊ុន​ ​សែន​។​ ​ដែល​ការ​ចោទប្រកាន់​បែបនេះ​គ្រាន់តែ​ជា​ ​វោហា​សាស្រ្ត​នយោបាយ​ ​ក្នុង​អង្រួន​សាធារណមតិ​ថៃ​ឱ្យ​ប្រឆាំង​តទល់​នឹង​រដ្ឋាភិបាល​សម្ព័ន្ធ​មិត្ត​លោក​ ​Thaksin​ ​តែប៉ុណ្ណោះ»។

​ទាក់ទិន​នឹង​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​នេះ​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​បញ្ហា​អ្វី​ដល់​ទំនាក់ទំនង​កម្ពុជា​ថៃ​ឡើយ។

​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ​បាន​ប្រាប់​ ​VOA​ ថា៖​

​«​ទោះជា​អ្វីក៏ដោយ​គឺ​យើង​បាន​បញ្ជាក់​ហើយ​ ​គឺ​យើង​លើកទឹកចិត្ត​ដំណើរការ​បោះឆ្នោត​ ​ឱ្យ​បាន​រលូន​ ​កុំឱ្យ​មាន​បញ្ហា​អ្វី​កើតឡើង​ ​នូវ​អំពើ​ណា​មាន​ជា​ការ​នាំ​ឱ្យ​មានការ​ប៉ះទង្គិច​អ្វី​គ្នា​ ​យើង​ជ្រោមជ្រែង​លើក​ទឹកចិត្ត​ ​តែ​ប៉ុណ្ណឹង​ទេ​!​ ​មិន​អាច​មាន​អ្វី​ដែល​វែងឆ្ងាយ​ទេ​បាទ»​!

​នាយ​ឧត្ដមសេនីយ៍​ ​ទៀ បាញ់​ ​បាន​បន្ត​ថា ​រដ្ឋាភិបាល​ ​និង​យោធា​កម្ពុជា​ ​នឹង​នៅតែ​បន្ត​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ក្រោយ​បោះឆ្នោត​ ​និង​ទទួល​ព្រះរាជ​ទាន​តែងតាំង​ពី​ព្រះ​មហាក្សត្រ​ថៃ​ ​ដើម្បី​ថែរក្សា​ស្ថិរភាព​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG