ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ប្រៀបធៀប​ការ​កែប្រែ​លទ្ធផល​បោះឆ្នោត​ស្មើ​នឹង​រដ្ឋប្រហារ


ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​បទបទ​សម្ភាសន៍​នៅ​កន្លែង​ធ្វើបាតុកម្ម។​
ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​បទបទ​សម្ភាសន៍​នៅ​កន្លែង​ធ្វើបាតុកម្ម។​
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​បាន​ចោទប្រកាន់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​រដ្ឋប្រហារ​ដោយ​កែប្រែ​លទ្ធផល​បោះឆ្នោត​យក​ជ័យជម្នះ។​ លោកសុខ ខេមរា​នៃ​វីអូអេ​បាន​រាយ​ការណ៍​ថា​ ការ​ចោទ​ប្រកាន់​ដូច្នេះ​បានធ្វើ​ឡើង​ជា​សាធារណៈ​នៅឯ​ទីលាន​ប្រជា​ធិបតេយ្យ​ដែល​មាន​ក្រុម​បាតុករ​ជាច្រើន​កំពុង​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​យុត្តិធម៌​ចេញ​ពីការ​បោះ​ឆ្នោត។​

ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ជាមន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​សម្តេចឳ​ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហនុ​ បាន​ ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​នៅថ្ងៃ​អង្គារ​នេះ​ពីបទ​ធ្វើរដ្ឋ​ប្រហារ​ក្នុង​ ពេល​បោះ​ឆ្នោត។​

ព្រះ​អង្គម្ចាស់​ធម្មិកោ​មាន​បន្ទូល​ដូច្នេះ​ទៅកាន់​ក្រុម​បាតុករ​ជាច្រើន​នៅ​ឯទីលាន​ ប្រជា​ធិបតេយ្យ​ក្នុងថ្ងៃ​បញ្ចប់​បាតុកម្ម​បីថ្ងៃ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ពីការ​បោះ​ឆ្នោត។​ ​នៅពេល​សំណួរ​និង​ចម្លើយ​ ក្នុងពេល​មាន​បន្ទូល​ទៅកាន់​ហ្វូង​បាតុករ​ អហិង្សា​ទាំង​នោះ​ ព្រះអង្គ​ម្ចាស់​ធម្មិកោ​បាន​លើក​យក​អំណះ​អំណាង​មួយ​ចំនួន​ មក​បញ្ជាក់​ ដូចជា​ការ​ចល័តទ័ព​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ ការប្តូរ​លទ្ធ ផល​ការ​បោះឆ្នោត​ ការដាក់​សម្ពាធ​លើ​ស្ថាប័ន​គ.ជ.ប.​ ក្រុម​បឹក្សា​ធម្មនុញ្ញ​និង​ការ ដាក់​សម្ពាធ​លើ​ព្រះ​មហាក្សត្រ​ជាដើម។​

«គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​សប្បនិម្មិត។​ មែន​អត់?​ មែន!​ រៀបចំ​ការ​បោះឆ្នោត​ដូច្នេះ​ហើយ​នៅ​តែ​ចាញ់។​ មែន​អត់?​ មែន!​ ​មិនទាន់​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត​ផង​ចល័ត​ទ័ព​ពេញ​ប្រទេស​ជាតិ​បញ្ចេញ​រថក្រោះ​(ទះដៃ)​ គេ​ហៅ​ថា​ ម៉េច?​ គេហៅ​ថា ​ស្រប​ច្បាប់ ​ឬ​អត់?​ អត់!​ ដូច្នេះ​ធ្វើ​រដ្ឋ​ប្រហារ»។​

ព្រះអង្គ​មាន​បន្ទូល​បន្ថែម​ទៀត​ថា៖ ​«ខ្លួនឯង​ចាញ់​ហើយ​ប្រកាស​លទ្ធផល​សប្បនិមិ្មត​ដែល​ខ្លួន​ឯង​រៀបចំ។​ ខ្លួន​ឯង​ចាញ់​ហើយ​បង្គាប់​គ.ជ.ប. បង្គាប់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​កុំឲ្យ​ផ្តល់​យុត្តិធម៌។​ អាហ្នឹង​គេ​ហៅ​ថា​ម៉េច? ​ រដ្ឋប្រហារ!»​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​នៃ​របស់​រដ្ឋាភិបាល​និងជា​សមាជិក​គណ​បក្ស​គ្រប់គ្រង​ប្រទេស​ បាន​អះអាង​ថា អ្វី​ដែល​ព្រះ​អង្គ​ម្ចាស់​ធម្មិកោ​មាន​បន្ទូល​គឺ​ផ្ទុយទៅ​នឹងកិច្ច​ខិតខំ​ប្រឹងប្រែង​និង​ជំហរ​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា ​ហើយនឹង​ព្រះ​រាជ​តម្រិៈព្រះ​មហាក្សត្រ​ ក្នុង​រឿង​ផ្សះផ្សារ​ជាតិ​ និង​សន្តិភាព។​ លោក​ចាត់​ទុក​ថា​ ភាសា​របស់​ព្រះអង្គ​ម្ចាស់​ធម្មិកោ​នេះ​មិន​អាច​ទទួល​យក​បានទេ។​ វាជា​ការ​បំផុស​ឲ្យ​មាន​កំហឹង​ប៉ះបោរ។​

«សំណួរ​ ថា​តើ​បំផុស​របៀប​ម៉េច​ រឿង​ហ្នឹង​ស៊ីសង​ ថាតើ​គេ​ចោទ​ប្រកាន់​លោក​ឬ​មិន​ចោទ។​ តែបើ​តាម​ផ្លូវ​ច្បាប់​លោក​ខុស​រួចស្រេច​ទៅ​ហើយ​ ព្រោះថា​នេះ​មិន​មែន​ជាការ​បញ្ចេញ​យោបល់​ទេ។​ នេះ​ជា​ការ​បំពាន​លើ​អំណាច​សារធារណៈ​ដែល​មាន​ការ​វាយ​ប្រហារ​លើ​ស្ថាប័ន​ជាតិ​ រាប់​ទាំង​ព្រះ​មហាក្សត្រ​ផង»។​

គណបក្ស​ជំទាស់​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គណបក្ស​ ប្រជា​ជន​បាន​ឈ្នះ​៦៨​អាសនៈ​ ហើយ​គណបក្ស​ជំទាស់​ឈ្នះ​អាសនៈ​៥៥​ក្នុង​ ចំណោម​១២៣​អាសនៈ​សរុប​នោះទេ។​ គណបក្ស​នេះ​បាន​ចោទ​ប្រកាន់​ថា​ មាន​ការ​បន្លំសន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​កើតឡើង​ដែល​គ្មាន​ការ​ដោះស្រាយ​ដោយ​យុត្តិធម៌​ទេ។​ គណបក្ស​នេះ​ទាមទារ​ថា ​ត្រូវ​មាន​ការស៊ើប​អង្កេត​ដោយ​ឯករាជ្យ​និង​ផ្តល់​យុត្តិធម៌​ដល់ម្ចាស់​ឆ្នោត ​បើ​ពុំដូច្នោះ​ទេ ​ពួកគេ​នឹងមិន​ចូលរួម​បង្កើត​សភា​ថ្មីស្រប​ច្បាប់​ ហើយនឹង​បន្ត​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​អហិង្សា។​

គណបក្ស​នយោបាយ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ដឹកនាំ​ដោយ​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​សម រង្ស៉ី​ បាន​ជួប​ចរចា​គ្នា​បី​លើក​ហើយ​មកត្រឹម​ថ្ងៃ​អង្គារ​នេះ។​ គេឃើញ​មាន​ការ​ រីក​ចម្រើនខ្លះ​ចេញ​ពីកិច្ច​ចរចា​ដើម្បី​ព្យាយាម​រកច្រក​ចេញ​ផ្នែក​នយោបាយ​ដែល​ កំពុង​ជាប់​គាំង​នេះ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG