ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហោ ណាំហុង​ចំអក​ឱ្យ​អ្នក​រិះគន់​ផែនទី​និង​សុំ​ឱ្យ​ធ្វើ​នយោបាយ​សុចរិត


លោក​ ហោ ណាំ​ហុង​ និយាយ​​បញ្ជាក់​អំពី​ផែន​ទី​ដែល​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) និង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិធី​ប្រគល់​ ទទួល​ និង​ផ្ទៀង​ផ្ទាត់​​ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)
លោក​ ហោ ណាំ​ហុង​ និយាយ​​បញ្ជាក់​អំពី​ផែន​ទី​ដែល​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) និង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិធី​ប្រគល់​ ទទួល​ និង​ផ្ទៀង​ផ្ទាត់​​ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)

លោក​ ហោ ណាំហុង​ ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​នា​ពេល​ដ៏​​ខ្លី​ខាង​មុខនេះ​​ ​រដ្ឋាភិបាល​បារាំង​នឹង​ផ្តល់​​ផែនទី​ Bonne​ ១ភាគ​ ​១០០​ពាន់​ឲ្យ​កម្ពុជា​ថ្មី​ ​​ស្រប​គ្នា​នោះ​​ដែរ​ ​មន្ត្រី​កម្ពុជា​នឹង​ទៅ​ពិនិត្យ​ផែនទី​​នៅ​ក្នុង​ប្រទេស​​អង់​គ្លេស​ផង​ដែរ​។​

​លោករដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ​ ហោ ណាំហុង​ ​បាន​បញ្ចេញប្រតិកម្ម​ខ្លាំងៗ​នៅ​ថ្ងៃ​ពុធ​នេះ​វាយ​ប្រហារ​លើ​ការរិះគន់​និង​មន្ទិល​សង្ស័យ​ដែលគណបក្ស​ជំទាស់​នៅ​តែ​មានទាក់ទិន​នឹង​ការ​ប្រើប្រាស់​ផែន​ទី​សម្រាប់​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​មិន​ទាន់​យល់​ស្រប​នឹង​រដ្ឋាភិបាល​នៅ​ឡើយ​ទេបើ​ទោះ​ជា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ព្យាយាម​ ​បញ្ជាក់​និង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​យ៉ាង​ណាក៏​ដោយ​។​

​ថ្លែង​ទៅកាន់​អ្នកសារ​ព័ត៌មាន​បន្ទាប់ពី​ប្រគល់​ផែនទី​ UTM​ ១ភាគ​១០០ពាន់​ ជូន​ទៅ​មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​នៅព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ ហោ ណាំហុង​ បាន​បញ្ជាក់​ពី​សុក្រិតភាព​របស់​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​ ​ដោយ​ផែនទី ​UTM ​គឺ​ជា​ផែនទី​ដែល​ចម្លង​ចេញ​ពី​ ​Bonne​ខ្នាត​១ភាគ​ ១០០​ពាន់​របស់ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូចិន។​ ​ក្នុង​នោះ​ដែរ​ លោករដ្ឋមន្ត្រី​ការបរទេស​បាន​ ​ស្នើ​ឲ្យ​អ្នក​នយោបាយ​និង​អ្នក​វិភាគ​មួយ​ចំនួន​ឈប់​យក​បញ្ហា​«​ព្រំដែន​កម្ពុជា​ វៀតណាម​ ​ឈប់​យក​បញ្ហា​ផែនទី​ ​ធ្វើ​ជា​យុទ្ធនា​ការ​នយោបាយ​ ធ្វើ​ជា​អាយ៉ៃ​ឆ្លើយ​ឆ្លង​ តាមវិទ្យុ​ តាម​សារ​ព័ត៌មាន»​ ​។​

​លោក​ ហោ ណាំហុង​ ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​នា​ពេល​ដ៏ខ្លី​ខាង​មុខនេះ ​រដ្ឋាភិបាល​បារាំង​នឹង​ផ្តល់ផែនទី​ Bonne​ ១ភាគ​ ​១០០​ពាន់​ឲ្យ​កម្ពុជា​ថ្មី​ ស្រប​គ្នា​នោះដែរ​ ​មន្ត្រី​កម្ពុជា​នឹង​ទៅ​ពិនិត្យ​ផែនទីនៅ​ក្នុង​ប្រទេសអង់​គ្លេស​ផង​ដែរ​។​ ​ហើយ​រដ្ឋាភិ​បាល​របស់​លោកនឹង​បើក​ឲ្យ​មាន​ការ​ផ្ទៀងផ្ទាត់​បន្ថែម​ទៀត​។

«ហើយ​ខ្ញុំសង្ឃឹម​ទេ​ ​សង្ឃឹ​ម​ថាភ្លឺភ្នែក​ ​សង្ឃឹម​ថា​ឈប់​យក​បញ្ហានេះ​មក​ធ្វើ​យុទ្ធនាការ​នយោបាយ​រក​សន្លឹក​ឆ្នោត​ យើង​មាន​ទឡ្ហីករជាក់លាក់​ដែល​ធ្វើ​យុទ្ធនាការ​នយោបាយ។ យើង​ធ្វើ​នយោបាយ​តោង​ឲ្យ​មាន​សុចរិត ​ខាង​សីលធម៌​ ​មិនមែន​ធ្វើ​នយោបាយ​ដោយ​ការ​ឃោសនា​បោក​ប្រាស់​ ធ្វើ​យុទ្ធនា​ការ​បោក​ប្រាស់ដើម្បី​ចំណេញ​សន្លឹក​ឆ្នោត​នោះ​ទេ។​ ត្រូវ​ឲ្យ​មាន​សុចរិត​ខាង​មាយាទ​ខាង​ខួរ​ក្បាល»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​បង្ហាញ​និង​ផ្ទៀងផ្ទាត់​ផែនទីដែល​បាន​ខ្ចី​ពី​ អង្គការ​សហ​ប្រជា​ជាតិ​ ដោយ​មាន​ការ​ចូល​រួម​ពី​ ​ឥស្សរជន​មួយ​ចំនួន​ ដូច​ជា​ ​តំណាង​គណបក្ស​នយោបាយ​ ​តំណាង​រដ្ឋសភា​ តំណាងព្រឹទ្ធសភា​ ​តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផង​ដែរ។​ ​បញ្ហា​បោះ​បង្គោលព្រំដែន​កម្ពុជា​វៀតណាម​និង​ការ​មន្ទិល​ទាក់ទិន​នឹង​ការ​ប្រើប្រាស់​ផែនទី​នេះបាន​ឡើង​កំ​ដៅ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក​នេះដោយ​សារ​តែ​សកម្មជន​ព្រំដែន​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើ​គឺជា​ផែនទី​ក្លែងក្លាយ។​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិដែល​ចូល​រួម​កិច្ចការ​ផ្ទៀងផ្ទាត់​ផែន​ទី​នោះ​នៅ​តែបញ្ជាក់​ថា​ខ្លួន​ត្រូវ​ការ​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​នេះ​ ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ​ហើយ​ខ្លួន​នៅ​តែ​មាន​មន្ទិល​សង្ស័យចំពោះ​ផែន​ទី​ដែល​ប្រើ​ប្រាស់​ដដែល។

​លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ បញ្ជាក់​ប្រាប់​ VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មាន​ការ​ស្វាគមន៍​ចំពោះ​ការ​ផ្តល់​ផែនទី ​Bonne​ ពី​ប្រទេស​បារាំង​ និង​ការ​ផ្ទៀងផ្ទាត់​ផែនទី​បន្ត​ទៀត ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ គឺ​ចង់​ឃើញ​ភាព​ត្រឹមត្រូវ​ ​និង​តម្លាភាព​ក្នុង​ដំណើរការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​ជិតខាង​នោះ​មិនមែន​ជា​ការ​កេង​ចំណេញ​នយោបាយ​អ្វី​នោះ​ទេ​។​

«យើង​ចង់​ឲ្យ​តែ​មានការ​ត្រឹមត្រូវ​នោះ​ទេ។​ យើង​មិន​ចង់ឲ្យ​ទឹក​ដី ​របស់​យើង​បាត់​បង់​ យើង​មិនចង់​ឃើញ​ការ​ខុសគ្នា​នៃ​ផែនទី​នោះ​ទេ។ យើង​ចង់​ណាស់​ចង់​ឲ្យ​មាន​ផែនទី​ត្រឹមត្រូវ​ ហើយ​បើ​បាន​គោរព​ទៅ​តាម​ផែនទី​តាមអី​ទាំងអស់​នោះ​គឺ​យើង​មាន​ការ​គាំទ្រ​ ដូច្នេះ​ហើយ​យើង​មិន​គួរ​ធ្វើ​ការ​សន្និដ្ឋាន​ ​វាយ​ប្រហារ​ខ្មែរ​គ្នា​ឯង​ យើង​រង់ចាំ​មើល​សិន​ទៅ»។​

​លោក​ យឹម សុវណ្ណ បាន​បន្ថែម​ទៀត​ថា​៖​ ​«ការងារ​ព្រំដែន​មិន​មែន​ជា​រឿង​ចប់​ត្រឹម​តែ​លើផែនទី​នោះ​ទេ​ រឿង​ផែនទី​ជា​រឿង​មួយ​ ក៏ប៉ុន្តែ​ការ​បោះ​បង្គោល​ព្រំដែន​ទៅ​តាម​ផែនទី​ឬ​មិន​ត្រូវ​ទៅ​តាម​ផែនទី​គឺ​ជា​រឿង​មួយ​ទៀត​។​ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​ហ្នឹង​ជា​រឿង​មួយ​ ​ក៏ប៉ុន្តែ​ភាគី​នៃ​បណ្តា​ប្រទេស​ដែល​ជាប់ពាក់ព័ន្ធ​នឹង​បង្គោល​ព្រំដែន​ហ្នឹង​ គេ​គោរព​ទៅ​តាម​បង្គោល​ព្រំដែន​ដែល​បាន​បោះ​ឬ​មិនមែន​ជា​រឿង​ផ្សេង​មួយ​ទៀត។​ ដូច្នេះ​វា​មិន​មែន​បញ្ចប់​នា​ថ្ងៃ​នេះ​ឬ​ថ្ងៃស្អែក​ ​ខាន​ស្អែក​នោះ​ទេ​ វាគឺ​ជា​ភារកិច្ច​របស់​យើង​ទាំង​អស់​គ្នា​ក្នុង​ការ​តា​ម​ដាន»។​

លោក​ ​អ៊ូ វីរៈ​ ​នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​យល់ឃើញ​ថា​ការ​បញ្ជាក់​ផ្ទៀងផ្ទាត់​ផែនទី​បន្ថែមទៀត​របស់​រដ្ឋាភិបាល​គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​រិះគន់​ក្នុង​ការ​ប្រើប្រាស់​ផែនទី​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នោះ​។​ ​ក៏ប៉ុន្តែ​ ការ​ចាប់​ខ្លួន​មន្ត្រី​និង​សកម្មជន​គណបក្ស​ជំទាស់​នា​ពេល​ថ្មីៗ​គឺ​ធ្វើ​ឱ្យ​មាន​មន្ទិល​សង្ស័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដដែល​។

«ទី១​ការ​បញ្ជាក់​ផែនទី​ថា​គឺ​វា​ល្អ​ ហើយ​ជួយ​រដ្ឋាភិបាល​ច្រើន​ ដែល​ជា​រឿង​មួយ​ដែល​ខ្ញុំ​ស្វាគមន៍ ​ប៉ុន្តែ​ការ​គំរាមកំហែង​ក្នុង​ការ​ចាប់​អ្នករិះគន់​ ​និង​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​គឺ​ធ្វើ​ឲ្យ​មាន​ការសង្ស័យ​វិញ​។​ អញ្ចឹង​ជា​អកុសល​ ​មន្ទិល​សង្ស័យ​នេះ​វា​នៅ​តែ​មាន​ដោយ​សារ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​នៅ​តែ​សង្ស័យ​រដ្ឋាភិបាល​ ​ដោយ​សារ​តែ​រដ្ឋាភិបាល​ហាក់​ដូច​ជា​គាប​សង្កត់​សេរីភាព​នៃ​អ្នកតវ៉ា»។​

​សកម្មជននិង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​បាន​ចាប់​ឃុំខ្លួន​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេលប៉ុន្មានខែចុ​ង​ក្រោយនេះ។​ ​ក្នុង​នោះ​ក៏​មាន ​លោក​ ហុង សុខ​ហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម រង្ស៊ី​ ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ។​ ដោយ តុលាការ​ក្រុង​ភ្នំពេញ​ចោទ​រូប​លោក​ពី​បទ​ ​«ក្លែង​បន្លំ​ឯក​សារ​ ​សា​ធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»​ ​ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នាឆ្នាំ​១៩៧៩​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ​ដែល​ក្នុង​នោះ​លោក​បង្ហាញ​ថា​ វៀតណាម​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ ​ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម៕

XS
SM
MD
LG