ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ច្រើន​ជាង​មុន​បី​ដង​ត្រឹម​ឆ្នាំ​២០២០


នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្រ្តី​ថៃ​លោក Prayuth Chan-ocha ចាប់ដៃគ្នា​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់ពី​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ក្រុង​បាងកក​ ប្រទេស​ថៃ​កាលពី​ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៥។
នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្រ្តី​ថៃ​លោក Prayuth Chan-ocha ចាប់ដៃគ្នា​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់ពី​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ក្រុង​បាងកក​ ប្រទេស​ថៃ​កាលពី​ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៥។

កាលពីថ្ងៃសៅរ៍ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែង​ថា ភាគី​កម្ពុជា​ និង​ថៃ​ បាន​យល់​ព្រម​លើ​គម្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​​ឲ្យ​ដល់​ ១៥.០០០ ​លាន​ដុល្លារ​អាមេរិក​​នៅ​ក្នុង​ឆ្នាំ​២០២០​ខាងមុខ​នេះ តាមរយៈ​ការ​ពង្រីក​វិសាល​ភាព​នៃ​ការ​ដឹកជញ្ជូន​ទាំង​ផ្លូវ​គោក​ និង​ផ្លូវ​ដែក។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ បាន​ថ្លែង​ថា ភាគី​កម្ពុជា​ និង​ថៃ​ បាន​យល់​ព្រម​លើ​គម្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីឲ្យ​ដល់​ ១៥.០០០ ​លាន​ដុល្លារ​អាមេរិកនៅ​ក្នុង​ឆ្នាំ​២០២០​ខាងមុខ​នេះ តាមរយៈ​ការ​ពង្រីក​វិសាល​ភាព​នៃ​ការ​ដឹកជញ្ជូន​ទាំង​ផ្លូវ​គោក​ និង​ផ្លូវ​ដែក។

គម្រោង​នៃ​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​នេះ​ កើត​មាន​នៅ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ កំពុងប្រឈម​មុខ​នឹង​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ថៃ ដែល​បាន​នាំ​ទំនិញ​ចូល​មក​កម្ពុជា​ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។

ថ្លែង​ទៅ​កាន់​លោកឧត្ដម​សេនីយ៍ ប្រា​យុទ្ធ​ ច័ន្ទ​អូ​ចា នាយក​រដ្ឋ​មន្ត្រី​ថៃ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ចម្រុះ​លើក​ទី២ កម្ពុជា​ ថៃ​ ដែល​គេ​រៀបចំ​ឡើង​នាទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​សៅរ៍ លោក ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ដ៏​មានឥទ្ធិពល​របស់​កម្ពុជា​ បាន​ថ្លែង​ថា​ ទំនាក់​ទំនងពាណិជ្ជកម្មរវាង​ប្រទេស​ទាំង​ពីរ បាន​បង្ហាញ​នូវ​សញ្ញា​វិជ្ជមាន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ពីព្រោះទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​បន្ត​កើន​ឡើង​ ដោយ​ក្នុង​ឆ្នាំ​២០១៤ កម្ពុជា​ និង​ថៃ បាន​នាំ​ទំនិញ​ចេញចូល​ទៅវិញ​ទៅមក​មាន​តម្លៃ​ប្រមាណ​៥០០០​លាន​ដុល្លារ។

លោក​ ហ៊ុន សែន​ ថ្លែង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​គ្រោង​ថា​ នឹង​កើន​ដល់​១៥០០០​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត។

«យើង​មាន​វឌ្ឍនភាព​ច្រើន​ណាស់​ ហើយ​យើង​ក៏​នៅ​សេសសល់​សក្ដានុពល​ ដើម្បី​នឹង​ពង្រីក​សហ​ប្រតិបត្តិការ​នេះ​បន្ថែម​ទៀត​។​ ខ្ញុំ​លើក​ឧទាហរណ៍​ វិស័យ​ពាណិជ្ជកម្ម​ ទំហំ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៤​គឺ​មាន​រហូត​ដល់​៥០០០​លាន​ដុល្លារ។ ក្នុង​៥០០០លានដុល្លារ​នេះ គឺ​នាំចេញ​ពី​កម្ពុជា​មក​កាន់​ថៃ​ប្រមាណ ​៥០០លាន​ ហើយ​នាំ​ពី​ថៃ​ទៅកាន់​កម្ពុជា​ប្រមាណ​៤៥០០​លាន។ ឥឡូវ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ទាំង​ពីរ បាន​ដាក់​ចេញ​នូវ​គោល​ដៅ​ហើយ​ដែល​រដ្ឋាភិបាល​ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​គាំ​ទ្រ​ គឺ​ឆ្នាំ​២០២០​ត្រូវ​សម្រេច​ឲ្យ​បាន​១៥០០០​លាន​ដុល្លារ»។

លោក​ ហ៊ុន សែន​ ថ្លែង​បញ្ជាក់​ថា​ ភាគី​ទាំង​ពីរ​នឹងធ្វើការ​បង្កើន​ចរាចរណ៍​ដឹកទំនិញ​តាម​ផ្លូវ​គោក ​ដោយការ​បើក​ច្រក​ព្រំដែន​ថ្មីៗ​បន្ថែម​ទៀត​ និង​ការ​តភ្ជាប់​ផ្លូវ​ដែក​ ក៏ដូចជា​ការ​សម្រួល​ពាណិជ្ជ​កម្ម​ សម្រាប់​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ដល់​កម្រិត​ដែល​បាន​ព្រមព្រៀង​គ្នា។ ជាមួយ​គ្នា​នេះ ភាគី​ទាំង​ពីរ​ បានឯកភាព​ឲ្យមានការ​បង្កើន​រថយន្ត​ដឹកជញ្ជូន​ពី​ចំនួន​៤០​គ្រឿង​នា​ពេល​បច្ចុប្បន្ន​នេះ ឲ្យដល់​៥០០​គ្រឿង​នៅពេល​ខាងមុខ​នេះ។​ រីឯ​ការ​តភ្ជាប់​ផ្លូវដែក​ ភាគី​ថៃ​ គឺ​ជា​អ្នក​ចំណាយ​ក្នុង​ការ​សាង​សង់។

សេដ្ឋ​វិទូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធ្លាប់​លើក​ឡើង​ថា​ កម្ពុជា​ទំនង​ជា​ពិបាក​នឹង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ ជញ្ជីង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្បែរ​ខាង​ ជាពិសេស​ គឺ​ប្រទេស​ថៃ​ ដោយ​សារ​កម្លាំង​ផលិត​នៃ​ឧស្សាហកម្ម​កម្ពុជា នៅ​មាន​លក្ខណៈ​ទន់ខ្សោយ ហើយ​ប្រទេស​នេះ ​នៅ​ពឹង​ផ្អែក​ខ្លាំង​លើ​ទំនិញ​នាំ​ចូល។ ពួក​គេ ឲ្យ​ដឹង​ដែរ​ថា​ កម្ពុជា​ ត្រូវ​ធ្វើ​ពិពិធ​កម្ម​ ឬ​ធ្វើ​ឲ្យ​មាន​ភាព​ចម្រុះ​នៃ​ការ​ផលិតរបស់​ខ្លួន ដោយ​ប្រទេស​កសិកម្ម​មួយ​នេះ​ មិន​អាច​ផ្អែក​លើ​តែ​ផលិតកម្ម​ស្រូវ​ និងឧស្សាហកម្ម​កាត់​ដេរនោះ​ឡើយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការបរទេស​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ដំណើរ​ទស្សនៈ​កិច្ច​រយៈ​ពេល​២ថ្ងៃ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ ទៅ​កាន់​ប្រទេស​ថៃ​ពី​ថ្ងៃ​ទី​១៨​និង​១៩​ខែ​ធ្នូ​នេះ នឹង​ជួយ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ សុខភាព​សាធារណៈ​ និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត។

ទាក់​ទិន​វិស័យ​កសិកម្ម​ ភាគី​ថៃ ​នឹង​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស។ ចំណែក​ឯ​ខាង​សុខភាព​សាធារណៈ វិញ​ ភាគី​ទាំងពីរ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ជាពិសេស​នៅ​តាម​បណ្ដោយ​តំបន់​ព្រំដែន​ រួម​ទាំង​ការ​អភិវឌ្ឍ​ការ​បង្កើត​ ប្រព័ន្ធ​បញ្ជូន​អ្នក​ជំងឺ ឆ្លង​កាត់​ព្រំដែន​ឲ្យ​មាន​លក្ខណៈ​ សាមញ្ញ​ និង​ការ​បង្កើត​ការ​រៀប​ចំ​ «​មន្ទីរ​ពេទ្យ​សម្ព័ន្ធ​មេត្រី​ ភាព»។

ភាគី​ថៃ​ នឹង​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ដើម្បី​ជួយ​កសាង​សមត្ថភាព​ ដល់​គ្រូពេទ្យ​ជំនាញ​ និង​បុគ្គលិក​សុខាភិបាល​សាធារណៈ​របស់​កម្ពុជា។

នៅ​ក្នុង​វិស័យ​ការងារ​ ភាគី​ទាំង​ពីរ​ បាន​ស្វាគមន៍​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ និង​កិច្ច​ព្រមព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ និង​បាន​ជំរុញ​អាជ្ញាធរ​ពាក់​ព័ន្ធ​អនុវត្ត​ឲ្យ​បាន​ ពេញលេញ​នូវ​អនុស្សរណៈ​យោគ​យល់​គ្នា​នេះ​ ឲ្យ​បាន​ឆាប់​បំផុត។​

ភាគី​ថៃ​ នឹង​បន្ត​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​លើ​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជា​ជីវៈ​នៅ​តាម​បណ្ដោយ​ព្រំដែន​ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈកម្ពុជា​ ថៃ​នៅ​រាជធានី​ភ្នំពេញ។

ប្រទេស​ទាំង​ពីរ ក៏​បាន​ឯកភាព​បន្ត​ជំរុញ​យុទ្ធនាការ​ «ព្រះរាជាណាចក្រ​ពីរ​ គោលដៅ​តែមួយ» ដើម្បី​ទាក់​ទាញ​អ្នក​ទេសចរ​ បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ ដូច​ជា​ទីតាំង​បេតិកភណ្ឌ​ ពិភពលោក​ និង​តំបន់​ប្រវត្តិសាស្ត្រ​ ក៏ដូចជា​ការ​លើក​កម្ពស់​ ទេសចរណ៍​តាមរយៈ​ការ​តភ្ជាប់​ផ្លូវ​សមុទ្រ​ ជាពិសេស​រវាង​កម្ពុជា​ ថៃ​ និង​វៀតណាម។

ភាគី​ទាំងពីរ​បាន​លើក​ទឹក​ចិត្ត​ឲ្យ សមាគម​មិត្ត​ភាព​នៃ​ប្រទេស​ទាំង​ពីរ ​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ ដើម្បី​ប្រយោជន៍​ទៅវិញ​ទៅមក​ និង​វិបុលភាព​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ។

ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ចម្រុះ​លើក​ទី​២​ កម្ពុជា​ ថៃ​ដដែល​នោះ​ លោក​ឧត្ដម​សេនីយ៍​ ប្រា​យុទ្ធ​ ច័ន្ទ​អូចា​ ថ្លែង​ចំពោះ​មុខ​លោក​ ហ៊ុន សែន​ និង​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ថា​ រដ្ឋាភិបាល​ថៃ នឹង​បន្ត​ការ​ទិញ​យក​ផលិតផល​កសិកម្មពី​កម្ពុជា​ ហើយ​ថា​ ភាគី​ទាំង​ពីរ​ បាន​ជជែក​គ្នា​ទាក់​ទិន​នឹង​ការ​រុក​រក​ថាមពល​ក្នុង​បាត​សមុទ្រ​ ដែល​នឹង​ទាញ​យក​មក​ប្រើ​ជា​ប្រយោជន៍​សម្រាប់​ថ្ងៃ​ខាងមុខ។

«ចំពោះ​វិស័យ​ខាង​ការ​រុក​រក​ថាមពល​នោះ​ យើង​ក៏​បាន​ពិភាក្សា​គ្នា​ស៊ី​ជម្រៅ​មួយ​កម្រិត​ហើយ។ យើង​ នឹង​បន្ត​ធ្វើ​ឲ្យ​មាន​តម្លាភាព​ដើម្បី​នាំ​យកថាមពល​ដែល​មាននៅ​ក្នុង​បាត​សមុទ្រ​មក​ប្រើ​ដើម្បី​ឲ្យ​បាន​ជា​ប្រយោជន៍​ត​ទៅ​នៅក្នុង​អនាគត»។

VOA​ ព្យាយាម​ទាក់​ទង​លោក​ ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ តែ​នៅ​មិនទាន់​អាច​ទាក់​ទង​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ​នេះ។

យ៉ាង​ក៏ដោយ​ ក្រសួង​ការបរទេស​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​បន្ថែម​ទៀត​ថា​ ភាគី​ទាំង​ពីរ​ បាន​ពិនិត្យ​ទៅ​លើ​បញ្ហា​សន្តិសុខ​ និង​កិច្ច​ការ​សំខាន់ៗជាច្រើន​ទៀត​ ទាក់​ទិន​នឹង​ការ​តភ្ជាប់​ ហើយ​និង​ពាណិជ្ជកម្ម។

ភាគី​ទាំងពីរ​ បាន​ឯកភាព​ពន្លឿន​ការ​ចាប់​ផ្ដើម​ការ​ធ្វើ​ល្បាត ដោយ​សហការ​គ្នា​នៅ​តាម​បណ្ដោយ​តំបន់​ព្រំដែន​ ដើម្បី​បង្ក្រាប​ការ​ កាប់​ឈើ​ខុសច្បាប់​ និង​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ការ​ជួញដូរ​ មនុស្ស​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

ចំពោះ​ការ​តភ្ជាប់​ ភាគី​ទាំងពីរ​ បាន​ឯកភាព​កែ​លម្អ​ សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​ថ្នល់​ ឆ្នេរសមុទ្រ​ និង​រថភ្លើង។ សេវា​កម្ម​រថភ្លើង​រវាង​ទីក្រុង​បាងកក​ និង​រាជធានី​ភ្នំពេញ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ដំណាច់​ឆ្នាំ​២០១៦។​ ភាគី​ទាំងពីរ ​ក៏បាន​ឯកភាព​ពន្លឿន​ការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​ចំនួន​២​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ស្រះ​កែវ​ គឺ​ច្រក​ស្ទឹង​បត់​ ណង​អៀន​ និង​ច្រក​អូរ​នាង​ បាន​ប៉ា​រៃ​ ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​ និង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ប្រទេស​ទាំងពីរ​នៅ​តាម​តំបន់​ព្រំដែន៕

XS
SM
MD
LG