ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ផ្ញើ​លិខិត​តប​ទៅ​លោក​ត្រាំ​អំពី​ការ​ត្រៀម​បង្កើត​ក្រុម​ការងារ​ស្តារ​ទំនុក​ចិត្ត​កម្ពុជា-អាមេរិក​ឡើង​វិញ


រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក​យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានសរសេរ​សំបុត្រ​ឆ្លើយ​ឆ្លង​គ្នា ក្នុង​ខែ​វិច្ឆិកា ២០១៩។
រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក​យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានសរសេរ​សំបុត្រ​ឆ្លើយ​ឆ្លង​គ្នា ក្នុង​ខែ​វិច្ឆិកា ២០១៩។

នាក់ទំនង​អាមេរិក-កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដាឆ្នាំ​២០១៨​ ​ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ផ្តើម​ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ ក្រុម​ជំទាស់​ និង​អ្នក​រិះគន់​រដ្ឋាភិបាល។​

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដោយ​លោក​ថា ​រដ្ឋាភិបាល​កម្ពុជា​ត្រៀម​បង្កើត​ក្រុម​ការងារ​ដើម្បី​ស្តារ​ទំនុក​ចិត្ត និង​ភាព​ជឿជាក់​រវាង​កម្ពុជា​និង​អាមេរិក​ឡើង​វិញ។

លិខិត​របស់​លោក​ ហ៊ុន សែន ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​ដែល​បាន​ចុះ​នៅថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​នេះ ដោយ​បញ្ជាក់អំពី​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ដែល​កំពុងមាន​ភាព​រកាំ​រកូស​ជាច្រើន​ឆ្នាំ។ លោក ​ត្រាំ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា ​និង​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ប៉ុន្តែ​លោក​ត្រាំ​បាន​ប្រាប់​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដាក់​ប្រទេស​កម្ពុជា​លើ​មាគ៌ា​អភិបាលកិច្ច​ប្រជាធិបតេយ្យ​ឡើង​វិញ។

ក្នុង​លិខិត​មាន​ចុះ​ហត្ថលេខារបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នៅថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​យល់​ស្រប​ជាមួយ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែល​លើក​ឡើង​ថា ទំនាក់​ទំនង​កម្ពុជា-អាមេរិក បាន​ឆ្លង​កាត់​ដំណាក់កាល​តឹងតែង និង​ធូរស្រាល​មក​វិញ​ជា​បន្ត​បន្ទាប់។ លោក​នាយករដ្ឋមន្ត្រី​បន្ថែម​ថា លោក​នឹង​ឲ្យ​ក្រុម​ការងារ​កិច្ចការ​បរទេស​របស់កម្ពុជា ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​កិច្ចការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ស្តារ​ទំនុក​ចិត្ត និង​ភាព​ជឿជាក់​ឡើង​វិញ និង​កសាង​ឡើង​វិញ​នូវ​ចំណង​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

លោក​សរសេរ​តាម​ន័យ​ដើម​ថា៖​ «ខ្ញុំ​យល់​ថា យើង​មិន​ត្រូវ​ឲ្យ​ខ្លួន​យើង​ក្លាយ​ជា​ចំណាប់​ខ្មាំង​នៃ​ទំព័រ​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្រ្ត​របស់​យើង​នោះ​ទេ។ មាន​ដំណាក់​កាល​ដ៏​ស្រស់​បំព្រង​ជាច្រើន​ទៀត ​ដែល​មាន​សារ​ប្រយោជន៍​ក្នុង​ការ​បំពាក់​បំប៉ន​ពូន​ជ្រុំ​សម្រាប់ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាងប្រទេស និង​ប្រជាជន​យើង​ទាំងពីរ​ កាន់តែ​មាន​ការ​រីក​លូត​លាស់​ថែម​ទៀត»។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ប្រាប់ VOA ថា ក្រុម​ការងារ​កិច្ចការ​បរទេស​ដែល​កំពុង​ត្រៀម​នេះ នឹង​ដឹកនាំ​ដោយ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ជជែក​លើស​ពី​ទំនាក់ទំនង​រវាង​ស្ថានទូត​ប្រចាំ​ប្រទេស។ យ៉ាង​ណាក្តី​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ពេល​វេលា​នៃ​ការ​ចាប់​ផ្តើម​ និង​ចំណុច​ដែលនឹង​ត្រូវ​ជជែក​នៅ​ឡើយ​ទេ។​

លោក Patrick Murphy ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ចាប់​ដៃ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​២៣ តុលា ២០១៩។
លោក Patrick Murphy ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ចាប់​ដៃ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​២៣ តុលា ២០១៩។

ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ជាពិសេស​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដាឆ្នាំ​២០១៨​ ​ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ផ្តើម​ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ ក្រុម​ជំទាស់​ និង​អ្នក​រិះគន់​រដ្ឋាភិបាល។

ក្នុង​ពេល​នោះ​ ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន ​បាន​បង្កើន​វោហាសាស្រ្ត​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ ជា​បន្ត​បន្ទាប់​ ​និង​តែង​លើក​ឡើង​ថា​ ​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង​ក្នុង​ការ​រៀប​ចំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ជា​ដើម។​ ​

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ អ្នកស្រី ​Emily Zeeberg ប្រាប់​ VOA ថា៖ «យើង [សហរដ្ឋ​អាមេរិក] ​ទន្ទឹង​រង់ចាំ​បន្ត​ការ​ពិភាក្សា​របស់​យើងជាមួយ​រដ្ឋាភិបាល​កម្ពុជា លើ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា ក៏​ដូចជា​ជំហាន​ចាំបាច់​នានា​ដើម្បី​បើកលំហ​នយោបាយ និង​ពលរដ្ឋ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង និង​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​ពិត​ប្រាកដ»។

លោក អ៊ា សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ ​Occidental ​ទីក្រុង ​ Los Angeles ​រដ្ឋ ​California​ ​សហរដ្ឋ​អាមេរិក និយាយ​ថា​ លិខិត​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ គឺ​ចង់​ឲ្យ​លោក​ ហ៊ុន សែន ទទួល​ស្គាល់​ពី​បញ្ហា​ដែល​កើតមាន​នៅ​កម្ពុជា ហើយ​ដោះ​ស្រាយ​ដើម្បី​អាច​ពង្រឹងទំនាក់​ទំនង​រវាង​កម្ពុជា ​និង​អាមេរិក​ឡើង​វិញ។ លោក​បន្ថែម​ថា លោក​មិន​មាន​សុទិដ្ឋិនិយម​ថា​រដ្ឋាភិបាល​កម្ពុជានឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​ទេ។ ​

លោកបញ្ជាក់​ថា៖ «លិខិត​នេះ​កំពុង​ព្យាយាម​និយាយ​យោង​ទៅ​រក​ចំណុច​ទាក់ទងការ​ផ្លាស់​ប្តូរ​របប​ ខណៈនិយាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស។ ជាក់​ស្តែង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​មិន​គិត​ថា ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ​គឺ​ជា​ការបំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។ ទាំង​នោះ​ជាអ្វី​ដែល​លិខិត​របស់​លោក ត្រាំ​ ចង់​សំដៅ​ទៅ​លើ។ ជំហាន​ដំបូង​ដើម្បីធ្វើ​ឲ្យ​ប្រសើរ​ឡើង​បាន គឺ​ទទួល​ស្គាល់​ថាមាន​បញ្ហា។ តែ​លិខិត​របស់​លោក ហ៊ុន សែន​ មិន​បាន​និយាយ​ពី​រឿង​នេះ​ទេ»។

ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដោយ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​សហរដ្ឋ​អាមេរិក​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ​និង​បាន​ព្រមាន​ចាត់​វិធាន​ការ​ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ ​និង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ការ​ព្រមាន​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ហាម​ឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន​១១៨​រូប​ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ។ ចំណែក​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល ​ការ​រឹតត្បិត​លើ​សារព័ត៌មាន​ឯករាជ្យ​ ព្រម​ទាំង​ការ​រឹតត្បិត​ក្រុម​សំឡេង​ប្រឆាំង​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ ​និង​រិះគន់​ផង​ដែរ៕

XS
SM
MD
LG