លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍បានបញ្ចេញប្រតិកម្មប្រឆាំងនឹងការគាំទ្ររបស់ស.រ.អា.ប្រទេសបារាំងនិងប្រទេសលោកសេរីដទៃទៀតដែលគាំទ្រគណបក្សប្រឆាំងនិងបាតុកម្មប្រឆាំងនឹងការបោះឆ្នោត នៅប្រទេសវេណេស៊ុយអេឡា ដែលអ្នកសង្កេតការណ៍ឯករាជ្យអះអាងថា ជាការបោះឆ្នោតក្លែងបន្លំអយុត្តិធម៌។
លោក ហ៊ុន សែន បាននិយាយថា ការគាំទ្ររបស់លោកប្រធានាធិបតីស.រ.អា.ដូណាល់ ត្រាំ ចំពោះគណបក្សប្រឆាំងនោះ រួមចំណែកបង្កអសន្តិសុខនិងភាពវឹកវរនៅក្នុងប្រទេសនោះ ហើយជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ។
ការលើកឡើងរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងគ្រាដែលមេដឹកនាំប្រទេសប្រជាធិបតេយ្យក្នុងពិភពលោកអំពាវនាវឲ្យលោក Nicolas Maduro ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាចុះចេញពីតំណែងហើយទទួលស្គាល់លោក Juan Guaido មេដឹកមាំក្រុមប្រឆាំងឲ្យធ្វើជាប្រធានាធិបតីអន្តរកាល។
ប៉ុន្តែប្រទេសមួយចំនួនដូចជា ចិន រុស្ស៊ី និងប្រទេសតួកគី បង្ហាញការភ្ញាក់ផ្អើលនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីស.រ.អា.និងប្រទេសបារាំងប្រកាសទទួលស្គាល់ប្រធានាធិបតីបណ្តោះអាសន្នរបស់ក្រុមប្រឆាំង៕