ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​ប្រាប់​លោក​ហ៊ុន សែន​ឲ្យ​ដាក់​កម្ពុជា​លើ​គន្លង​ប្រជា​ធិបតេយ្យ​ឡើង​វិញ


លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរសំបុត្រមួយទៅឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ដោយជំរុញឲ្យកម្ពុជាវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរសំបុត្រមួយទៅឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ដោយជំរុញឲ្យកម្ពុជាវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ។

ក្នុង​លិខិត​​លើក​ដំបូង​ដែល​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​ផ្ញើ​ទៅ​​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​​នៅ​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ លោក​​ត្រាំ​បាន​ប្រាប់​ឲ្យ​ លោក​ហ៊ុន សែន​ដាក់​ប្រទេស​កម្ពុជា​ដើរ​លើ​គន្លង​​អភិបាល​កិច្ច​ ប្រជា​ធិបតេយ្យ​ឡើង​វិញ។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​លោក​ដូណាល់ ត្រាំ​បាន​ផ្ញើ​លិខិត​ទៅលោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ដោយ​ប្រាប់​ឲ្យ​ដាក់​ប្រទេស​កម្ពុជាលើ​មាគ៌ា​អភិបាល​កិច្ច​ប្រជា​ធិបតេយ្យ​ឡើង​វិញ។ ​នេះ​បើ​តាម​លិខិត​របស់​លោក​ប្រធានាធិបតីដូណាល់ ត្រាំ​ ដែល​ VOA ​បាន​ឃើញ​នៅ​ថ្ងៃ​សុក្រ។​

លិខិត​ចុះ​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​ដែល​មាន​ហត្ថលេខា​របស់​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ ដូណាស់ ត្រាំ ​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​បញ្ជាក់​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក ​និង​កម្ពុជា​មាន​ភាព​រកាំ​រកូស ​និង​ថា​ ទំនាក់​ទំនង​បែប​នេះ​មិន​បាន​ផ្តល់​ប្រយោជន៍​ឲ្យ​ប្រជាជន​ទាំង​ពីរ​ប្រទេស​នោះ​ទេ។​

លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ប្រាប់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ក្នុង​លិខិត​នោះ​ តាម​ន័យ​ដើម​ថា៖​

«វា​សំខាន់​ណាស់​សម្រាប់​អនាគត​នៃ​ទំនាក់​ទំនង​ជាសេរីរបស់​យើង​ដែល​អ្នក​ដាក់​ប្រទេស​កម្ពុជាលើ​មាគ៌ា​នៃ​អភិបាល​កិច្ច​ប្រជា​ធិបតេយ្យ​ឡើង​វិញ»។​

លិខិត​ដដែល​នោះ​បាន​បង្ហាញ​ថា ​សហ​រដ្ឋ​អាមេរិក​គោរព​អធិប​តេយ្យ​ភាព​របស់​កម្ពុជា ​និង​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របបនោះ​ទេ។

លោក​ដូណាល់ ត្រាំ​បន្ថែម​ក្នុង​លិខិត​នោះ​ថា ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការ​បង្ហាញ​ពី​ជំនឿ​យ៉ាង​មុត​មាំ​ថា ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​លទ្ធិ​ប្រជា​ធិបតេយ្យ ​សេរីភាព​បុគ្គល​ និង​នីតិរដ្ឋ​គឺជា​មាគ៌ា​ល្អ​បំផុត​សម្រាប់​សន្តិភាព ​ស្ថិរភាព និង​វិបុលភាព​សម្រាប់​ប្រជាជាតិ​ទាំងអស់។​

លោក​ត្រាំ​បញ្ជាក់​បន្ថែម​ថា៖​

«ជា​ជំហ៊ាន​ដំបូង​ ខ្ញុំ​សង្ឃឹម​ថា ​អ្នក​នឹង​វាយ​តម្លៃ​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​អ្នក​ ​ដែល​សហ​រដ្ឋ​អាមេរិក​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា​ វា​នឹង​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​អធិប​តេយ្យភាព ​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈ​ពេល​វែង​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​ទេ។​

យ៉ាងណាក្តី​ ​លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លិខិត​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បង្ហាញ​អំពី​ភាព​ប្រសើរ​ឡើង​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក។ ​លោក​បន្ត​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​និងកំពុង​អនុវត្ត​នូវ​អ្វី​ដែល​លោកប្រធានាធិបតី​ត្រាំ​បាន​លើក​ឡើង។​

«វា​គ្រាន់​តែ​ជា​ការ​រំឭក​ ​បញ្ជាក់​ថែម​ទៀត​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ ​នៅ​លើ​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ ​ប៉ុន្តែ​ឥឡូវការ​រំឭករបស់​គាត់ ​[ប្រធានាធិបតី​ដូណាល់ ត្រាំ]​ ហ្នឹង​ក៏​វា​ស្រប​លើ​ផ្លូវ​ដែល​យើង​កំពុង​តែ​ដើរ​នេះ​ហើយ»។

​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ ​និង​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដាឆ្នាំ​២០១៨​ ​ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ផ្តើម​ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ព័ត៌​មាន​ឯក​រាជ្យ​ ក្រុម​ជំទាស់​ និង​អ្នក​រិះគន់​រដ្ឋាភិបាល។​ ​

ក្នុង​ពេល​នោះ​ ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​បាន​បង្កើន​វោហា​សាស្រ្ត​វាយ​ប្រហារ​សហ​រដ្ឋ​អាមេរិក​ ​និង​បស្ចិម​ប្រទេស​ជា​បន្ត​បន្ទាប់​ ​និង​តែង​លើក​ឡើង​ថា​ ​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង​ក្នុង​ការ​រៀប​ចំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ជា​ដើម។​ ​

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ អ្នកស្រី ​Emily Zeeberg ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​លិខិតរបស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ទេ។​

អ្នកស្រី​មូរ សុខហួរ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ ​លើក​ឡើង​ថា​ ​អ្នកស្រី​គាំទ្រ​លិខិត​របស់​លោក​ប្រធានាធិបតី​ ​ដូណាល់ ត្រាំ ​ក្នុង​ន័យ​ចង់​ឲ្យ​កម្ពុជា​មាន​អភិបាលកិច្ច​ឈរ​លើ​ប្រជា​ធិបតេយ្យ។​

«បំណង​នៃ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​គឺ​ជា​បំណង​ដែល​យើង​ជា​អ្នក​ប្រជា​ធិបតេយ្យ​ ចង់​បាន​ដូច​គ្នា​ដែរ​គឺ​ការពារ​បូរណភាព​ទឹក​ដី​យើង ​ការពារ​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល ​ហើយ​សំខាន់​បំផុត​គឺ​ឲ្យ​មាន​អភិបាល​កិច្ច​មួយ​ដែល​ឈរ​លើ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ ​ដែល​គោរព​សិទ្ធិមនុស្ស ​គោរព​សេរីភាព​នៃ​ប្រជា​ពលរដ្ឋ​ទូទៅ»។​

ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដោយ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​សហ​រដ្ឋ​អាមេរិក​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ​និង​បាន​ព្រមាន​ចាត់​វិធាន​ការ​បន្ថែម​លើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ ​និង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ​

ការ​ព្រមាន​របស់​សហ​រដ្ឋ​អាមេរិកធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ហាម​ឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ចំនួន​១១៨​រូប​ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។​ ​ចំណែក​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​ការ​រឹតត្បិត​លើ​សារព័ត៌មាន​ឯករាជ្យ​ ​ព្រម​ទាំង​ការ​រឹតត្បិតក្រុម​សំឡេង​ប្រឆាំង​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រ​មាន​ដាក់​ទណ្ឌកម្ម​ ​និង​រិះគន់​ផង​ដែរ៕

XS
SM
MD
LG