មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានច្រានចោលការអធិប្បាយនានាទាក់ទងនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញឲ្យដាក់លក់ទីស្នាក់កណ្តាលរបស់គណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញដោយលោកអះអាងថាចំណាត់ការនោះមិនមានជាប់ហេតុផលនយោបាយឡើយ។
លោក គី តិច ដែលជាមេធាវីម្នាក់របស់នាយករដ្ឋមន្រ្តី លើកឡើងថា ការចោទប្រកាន់នោះមិនសមនោះទេព្រោះកម្ពុជាមិនមានអ្នកទោសនយោបាយហើយថាតុលាការធ្វើទៅតាមនីតិវិធីច្បាប់។
ការសម្រេចរបស់តុលាការឲ្យដាក់លក់ស្នាក់ការកណ្តាលបក្សសង្គ្រោះជាតិនេះជាប់ពាក់ព័ន្ធនឹងសំណុំរឿងមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី និងសហការីរបស់លោក កាលពីឆ្នាំ២០១៩ ដែលកាលនោះ មេដឹកនាំបក្សប្រឆាំងបានអំពាវនាវឲ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ។
មេដឹកនាំកម្ពុជាបានចោទថាការអំពាវនាវនេះមានចរិតរដ្ឋប្រហារនិងប្តឹងលោក សម រង្ស៊ីភរិយា លោក និងសហការី៧នាក់ទៀតពីបទឧបឃាត។ក្រោយមក តុលាការបានកាត់ទោសលោក សម រង្ស៊ី ភរិយារបស់លោកនិងក្រុមមន្ត្រីនៃអតីតបក្សជំទាស់ទាំងនោះឲ្យជាប់ទោសក្នុងម្នាក់ៗជាង២០ឆ្នាំនិងបង្គាប់ឲ្យពួកគេសងប្រាក់សំណងរាប់ម៉ឺនដុល្លារអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១មេធាវីការពារក្តីឲ្យលោក ហ៊ុន សែន លោក គី តិច បានលើកឡើងថា«កម្ពុជាគ្មានអ្នកទោសនយោបាយប៉ុន្តែមានអ្នកនយោបាយជាប់ទោសដោយសារប្រព្រឹត្តបទល្មើស»និងថាការអនុវត្តទោសទណ្ឌតាមសេចក្តីសម្រេចរបស់តុលាការដែលឆ្លងកាត់ដំណើរការនីតិវិធីផ្លូវច្បាប់និងក្លាយជាសេចក្តីសម្រេចស្ថាពររួចហើយនោះ«ជានិយាមអនុវត្តទូទៅនិងជាប្រក្រតីនៅគ្រប់បណ្តាប្រទេសដែលប្រកាន់យកនីតិរដ្ឋ»។
លោក គី តិច ពន្យល់បន្តថានៅពេលបុគ្គលណាម្នាក់ប្រព្រឹត្តអំពើដែលជាបទល្មើសព្រហ្មទណ្ឌច្បាប់ព្រហ្មទណ្ឌកម្ពុជាកំណត់ចែងនូវទោសដាក់ពន្ធនាគារនិងទោសពិន័យជាប្រាក់ជាអាទិ៍ដែលជាលទ្ធផលនៃបណ្តឹងអាជ្ញានិងទណ្ឌកម្មសំណងផ្នែករដ្ឋប្បវេណីដែលជាលទ្ធផលនៃបណ្តឹងរដ្ឋប្បវេណី ដើម្បីជួសជុលការខូចខាតរបស់ជនរងគ្រោះ។
លោក គី តិច សរសេរក្នុងន័យដើមថា៖ «ប្រសិនបើពិរុទ្ធជនមិនអនុវត្តសងសំណងជួសជុលការខូចខាតដល់ដើមបណ្តឹងដោយស្ម័គ្រចិត្តទេដើមបណ្តឹងមានសិទ្ធិសុំឲ្យតុលាការរឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជនយកទៅលក់ឡៃឡុងដើម្បីយកប្រាក់មកសងសំណងទៅតាមការកំណត់នៃសាលក្រមឬសាលដីកា ដែលបានចូលជាស្ថាពរឬដែលមានអានុភាពអនុវត្តដោយបង្ខំបើទោះបីជាពិរុទ្ធជនបានគេចខ្លួន មិនទាន់អាចឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តន៍ទោសព្រហ្មទណ្ឌលើបុគ្គលនោះក្តី»។
លោក គី តិច បន្ថែមថានីតិវិធីអនុវត្តតាមរយៈការចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំនូវអចលនវត្ថុដែលជាកម្មសិទ្ធិរបស់ពិរុទ្ធជនឈ្មោះសមរង្ស៊ី និង ជូឡុង សូមួរ៉ា ដែលជាទ្រព្យឯកជនរបស់ពិរុទ្ធជននេះជាការប្រតិបត្តិនូវច្បាប់និងនីតិវិធីជាធរមានទាំងស្រុង។ ហើយនៅពេលដែលនីតិវិធីលក់ដោយបង្ខំត្រូវបានអនុវត្តចប់រួចរាល់នោះអចលនវត្ថុរបស់លោក សមរង្ស៊ី និងភរិយាលោកនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកទិញ ដែលបានដេញថ្លៃពីតុលាការ។
លោក គី តិច សង្កត់ថាពេលលក់អចលវត្ថុនោះរួចហើយ«បុគ្គលសម រង្ស៊ី និងជូឡុង សូមួរ៉ា ឬជនណាក៏ដោយគ្មានសិទ្ធិទទួលបានអចលនវត្ថុនេះឡើយ»។
លោកមេធាវី គី តិចប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍ថា៖ «យើងនឹងបន្តធ្វើចំណាត់ការអនុវត្តសាលក្រម ឬសាលដីកា ដែលបានចូលស្ថាពរ ដោយអនុវត្តជាបន្តបន្ទាប់ដើម្បីផ្តល់សំណងរដ្ឋប្បវេណី និងប្រាក់ពិន័យដាក់ចូលជាថវិការដ្ឋ ព្រមទាំងផ្តល់យុត្តិធម៌ជូនដល់ដើមបណ្តឹង និងជាជនរងគ្រោះផង»។
លោកបន្ថែមថា៖ «ការបញ្ចេញមតិដែលមិនបំពានដល់ការកំណត់ដោយច្បាប់ និងមិនបានរំលោភសិទ្ធិ ឬធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់បុគ្គលដទៃ នោះពិតជាគ្មានកំហុសនិងក៏មិនមានការចាប់ខ្លួនឃុំខ្លួនដែរ»។
ការបកស្រាយផ្លូវច្បាប់របស់មេធាវីការពារក្តីឲ្យនាយករដ្ឋមន្ត្រីធ្វើឡើងក្រោយអតីតមន្ត្រីនៃគណបក្សសង្គ្រោះជាតិមួយរូបដែលស្និទ្ធនឹងលោកសម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្ទ្របានប្រាប់អ្នកកាសែតថាទីស្នាក់កណ្តាលគណបក្សសង្គ្រោះជាតិនឹងត្រូវបានសង្គ្រោះយកមកវិញនៅពេលថ្នាក់ដឹកនាំនិងក្រុមមន្ត្រីនៃនៃអតីតគណបក្សសង្គ្រោះជាតិវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។ អតីតតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តសៀមរាបចោទថាការដាក់លក់ស្នាក់ការកណ្តាលបក្សជំទាស់ដោយបង្ខំនោះជាផ្នែកមួយនៃការសងសឹកខាងនយោបាយ។
វីអូអេមិនទាន់អាចសុំការអធិប្បាយបន្ថែមពីលោក ម៉ែន សុថាវរិន្ទ្រ បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តតាកែវលោក អ៊ូ ច័ន្ទរ័ត្នកត់សម្គាល់ថាកម្ពុជាមានអ្នកទោសមនសិការជាច្រើននាក់ដែលមិនទាន់ត្រូវបានដោះលែង។ លោកថាការប្រើប្រាស់សិទ្ធិសម្តែងមតិមិនស្តែងឲ្យមានល្មើសហើយការចាប់បុគ្គលទាំងនោះមកដាក់ទោសជាទម្រង់នៃការបង្កឲ្យមានអ្នកទោសនយោបាយឬអ្នកទោសមនសិការ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «អ្នកច្បាប់គេថាដោយសារវាខុសនឹងច្បាប់ ដូចជាការចោទប្រកាន់ថាមានការញុះញង់ឲ្យបង្កអសន្តិសុខសង្គមក្តីហ្នឹងអាហ្នឹងវាទៅជារឿងច្បាប់សម្រាប់អ្នកច្បាប់។ ប៉ុន្តែជាការទាមទារការបញ្ចេញមតិ អាហ្នឹងវាជារឿងមនសិការ។ បើចាប់ទៅដាក់ឃុំឃាំងដោយសារការបញ្ចេញមតិហ្នឹងអាហ្នឹងវា...ជាអ្នកទោសមនសិការ ឬក៏អ្នកទោសនយោបាយហ្នឹងហើយ»។
លោក អ៊ូ ច័ន្ទរ័ត្ន ដែលបច្ចុប្បន្នជាស្ថាបនិកមួយរូបនៃគណបក្សកែទម្រង់កម្ពុជាបានបង្ហាញការសោកស្តាយចំពោះសេចក្តីសម្រេចរបស់តុលាការដែលអនុញ្ញាតឲ្យមានការដាក់លក់ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដែលខុសពីការរំពឹងទុករបស់លោក។ លោកថាការដាក់លក់ទីស្នាក់ការបក្សនេះជារឿងនយោបាយដែលគួរមានការអធ្យាស្រ័យពីអ្នកប្តឹងលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត លើកឡើងថាខណៈភាគីកម្ពុជាប្រកាន់ជំហរថាគ្មានអ្នកទោសនយោបាយនោះសហគមន៍អន្តរជាតិដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យមើលឃើញថាកម្ពុជាមានការចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់និងសកម្មជនព្រមទាំងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ តាមការចោទប្រកាន់បទឧក្រិដ្ឋផ្សេងៗដែលគេជឿថាមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
លោកប្រាប់វីអូអេថា៖ «អីចឹងហើយបានជាមានការលើកឡើងផ្ទុយគ្នាព្រោះសហគមន៍អន្តរជាតិគេថា អ្នកទាំងអស់ហ្នឹងគឺជាអ្នកទោសនយោបាយប៉ុន្តែដោយឡែកកម្ពុជាយើងលើកឡើងថាកម្ពុជាគ្មានទេអ្នកទោសនយោបាយមានតែអ្នកនយោបាយជាប់ទោស។ អីចឹងទិដ្ឋភាពទាំងពីរនេះគឺការយល់វាមានការខុសគ្នាចឹង»។
ដោយឡែក អ្នកវិភាគនយោបាយ លោក សេង សារី មើលឃើញពីជោគវាសនាមិនល្អរបស់គណបក្សសង្គ្រោះជាតិ ប្រសិនបើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងអ្នកប្រជាធិបតេយ្យរបស់បក្សប្រឆាំងមិនអាចការពារបន្ទាយនយោបាយរបស់ខ្លួនបាននោះ។ លោកថាគណបក្សជំទាស់អាចជួបរឿងស្រដៀងគ្នានឹងគណបក្សហ្វ៊ុនស៊ិនប៉ិចដែលលែងមានសំឡេងនៅរដ្ឋសភានិងត្រូវហែកហួរដោយជម្លោះផ្ទៃក្នុងបក្ស។
លោក សេង សារី ថ្លែងថា៖ «ក្នុងករណីគណបក្សសង្គ្រោះជាតិការពារមិនបានទេគឺវាសនាដូចហ្វ៊ុនស៊ិនប៉ិចចឹង។ មានន័យថាហ្វ៊ុនស៊ិនប៉ិចគ្រាន់តែបាត់គណបក្សដោយហេតុផលផ្សេងទេប៉ុន្តែបាត់ទីតាំងដូចគ្នាបើក្នុងករណីរដ្ឋាភិបាលយកទៅលក់ដល់បុគ្គលផ្សេង គឺដូចបាត់បង់ទីតាំងបាត់បន្ទាយមួយចឹង។ អីចឹងវាធ្វើឲ្យបាក់ទឹកចិត្តទៅអ្នកគាំទ្រវាធ្វើឲ្យបាក់ទឹកចិត្តទៅដល់អ្នកសកម្មទាំងឡាយ អាហ្នឹងខ្ញុំគិតថាគណបក្សសង្គ្រោះជាតិមេដឹកនាំគណបក្សសង្គ្រោះជាតិគឺត្រូវតែប្រយ័ត្នប្រយែងចំណុចហ្នឹងឲ្យមែនទែន»។
បើតាមដីកាដាក់លក់ទីស្នាក់ការបក្សសង្គ្រោះជាតិដែលមិនបង្ហាញកាលបរិច្ឆេទជាក់លាក់ចេញដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ម្ចាស់បំណុលនៃសំណុំរឿងខាងលើនេះ រួមមាន លោក ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលកម្ពុជា។កូនបំណុល រួមមានលោក សម រង្ស៊ី និងអ្នកស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោក សម រង្ស៊ី។
លោក ហេង សំរិន បានទាមទារនូវទឹកប្រាក់ជាង៦ម៉ឺនដុល្លារពីកូនបំណុលខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារប្រមាណ១លានដុល្លារ។ចំណែកភាគីរដ្ឋាភិបាលបានទាមទារប្រមាណ៤៥ម៉ឺនដុល្លារហើយលោក ស ខេង ប្រមាណ៥០ម៉ឺនដុល្លារ៕