ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​កុមារា កាក់ សុវណ្ណច្ឆ័យ ឲ្យ​ជាប់​ពន្ធនាគារ​៨​ខែ​ពី​បទ​«ញុះ​ញង់»​


យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបផ្តល់ឲ្យដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)
យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបផ្តល់ឲ្យដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)

កុមារា កាក់ សុវណ្ណច្ឆ័យ កូន​ប្រុស​បង្កើត​របស់​សកម្ម​បក្ស​ជំទាស់​ពីរ​រូប​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​៨​ខែ​ពី​បទ​«ញុះ​ញង់»​ប៉ុន្តែ​នឹង​ត្រូវ​ដោះ​លែង​ឆាប់ៗ​នេះ​ក្រោយ​សាលក្រម​ត្រូវ​បាន​កាត់​តម្រឹម និង​បាន​អនុវត្ត​ទោស​ជិត​កន្លះ​ឆ្នាំ​គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​មក។​

បើ​តាម​អ្នកស្រី ព្រំ ចន្ថា អាយុ​៤៣ឆ្នាំ​ម្តាយ​របស់​ក្មេង​ប្រុស​វ័យ​១៦​ឆ្នាំ​រូប​នេះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឲ្យ​កូន​ប្រុស​គាត់​អនុវត្ត​ទោស​៤​ខែ​១៥​ថ្ងៃ​ពី​បទ​ញុះញង់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Telegram (តេឡេក្រាម)​ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ។

ក្មេង​ប្រុស​រូប​នោះ នឹង​ត្រូវ​បាន​ដោះលែង​តែ​ត្រូវ​ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​រយៈ​ពេល​២ឆ្នាំ ពោល​គឺ​ប្រហាក់ប្រហែល​នឹង​ពេល​ដែល​រូប​គេ​ចម្រើន​វ័យ​បាន​១៨ឆ្នាំ។​

អ្នកស្រី ព្រំ ចន្ថា​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្រៅ​របង​តុលាការ​រាជធានី​នា​ថ្ងៃ​ចន្ទ​នេះ​ថា តុលាការ​គួរ​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើ​កូន​របស់​គាត់​ដែល​ជា​ក្មេង​ប្រុស​ម្នាក់​និង​មាន​ជំងឺ​ប្រចាំកាយ។

អ្នក​ស្រី​បន្ថែម​ថា​ការ​បន្ត​ឲ្យ​កូន ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នោះ​គឺជា​រឿង​មិន​អាច​ទទួល​យក​បាន​ផង​ដែរ​ព្រោះ​អ្នកស្រី​ជឿ​ថា កូន​ប្រុស​របស់​គាត់បាន​ប្រើ​តែ​សិទ្ធិ​និយាយ​ស្តី​ប៉ុណ្ណោះ។អ្នកស្រី​និយាយ​ថា៖ «គាត់​ត្រូវ​ទម្លាក់​រាល់​ការ​ចោទ​ទាំងអស់​ហ្មង។ អា​នេះ​គឺ​វា​ខុស​នីតិវិធី​ទាំងស្រុង​ហ្មង។ ហើយ​ដូច​ថា​ ក្មេង​ផង​ហើយ​យក​គាត់​ទៅ ទៅដាក់​ពន្ធនាគារ​ដោយ​បំបាក់​ស្មារតី​គាត់​ហើយ​និង​ការ​ចង​ចាំ​របស់​គាត់​ក៏វា​ស្រុត​ចុះ​យ៉ាង​ខ្លាំង​ទៀត ដល់​ពេលចឹង​ទៅ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ហ្មងហើយ​ត្រូវ​តាម​ដាន​ទៀត ហើយ​ឲ្យ​ខ្ញុំហ្នឹង​មកបញ្ចេញ​មុខ​គ្រប់​ខែ​ទាំង​អស់​គឺ​ថា​ដល់​ខែ​ គឺ​ថា​មក​បង្ហាញ​ខ្លួន»។

អ្នកស្រី ព្រំ ចន្ថា ស្ថិត​ក្នុង​ចំណោម​ស្ត្រី​តវ៉ា​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​«ស្ត្រី​ថ្ងៃ​សុក្រ»​ដែល​បាន​ចេញ​មុខ​តវ៉ា​ជា​បន្តបន្ទាប់​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ជា​ស្វាមី​ជាង​១០នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។​

ក្មេងប្រុស​កាក់ សុវណ្ណច្ឆ័យ អាយុ១៦​ឆ្នាំ គឺជា​កូន​របស់​លោក កាក់ កុម្ភារ អតីត​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

កុមារ​រូប​នោះ​ដែល​ត្រូវ​ម្តាយ​អះអាង​ថា​មាន​ជំងឺ​អូទីហ្សឹម​ឬ​ជំងឺ​រវើ​រវាយភាន់​វិញ្ញាណ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា ហើយ​បញ្ជូន​ទៅ​តុលាការ​ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ«ប្រមាថ​អ្នក​រាជការ​សាធារណៈ» បន្ទាប់​ពី​កុមារ​រូប​នោះ​បាន​បង្ហោះ​សារ​រិះគន់​មន្ត្រី​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​តេឡេក្រាម។

ការ​យក​ក្មេង​ប្រុស​នេះ​មក​ផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ​បាន​រងការ​រិះគន់​ជា​បន្តបន្ទាប់​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស។

បើតាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុងស្រុក​លីកាដូ​ក្មេងប្រុស​ កាក់ សុវណ្ណច្ឆ័យ នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​វិ​ញ​ក្នុង​ខែ​នេះប៉ុន្តែ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ព្យួរទោស​សាកល្បង​រយៈពេល​២​ឆ្នាំដោយ​តម្រូវឲ្យរូបគេ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការគ្រប់​ពេល​ដែល​ត្រូវ​បាន​កោះហៅឬ​ជូនដំណឹង​ទៅ​តុលាការប្រសិនបើ​ផ្លាស់ប្ដូរ​អាសយដ្ឋានក៏ដូចជា​ត្រូវ​សុំ​ការអនុញ្ញាតប្រសិន​បើ​ចង់​ចាកចេញ​ពី​ប្រទេសព្រមទាំង​លក្ខខណ្ឌ​ផ្សេងទៀត។​

​អង្គការ​លីកាដូ​បាន​កត់​សម្គាល់​ថា សវនាការ​សំណុំរឿង​ខាង​លើ​នេះត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ជា​សាធារណៈ​នា​ព្រឹក​នេះ​ ​ហើយ​អ្នកឃ្លាំមើលត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​បន្ទប់​សវនាការដែល​មាន​វត្តមាន​របស់​កុមារ​នេះ។ប៉ុន្តែ​ក្រោយមក​ ​អ្នកឃ្លាំមើលត្រូវ​បាន​តម្រូវ​ឲ្យ​ចេញ​ពី​បន្ទប់​សវនាការមុន​ពេល​ប្រកាស​សាលក្រម។

បើតាម​អង្គការ​លីកាដូ​បន្ទាប់​ពី​ចាក​ចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​ពី​ការប្រកាស​សាលក្រមម្ដាយ​របស់​កុមារត្រូវ​បាន​មន្ត្រី​តុលាការ​ហែហម​ចេញ​ពី​អគារ​តុលាការខណៈ​ដែល​អ្នកស្រី​ព្យាយាម​ប្រាប់​ទៅ​អ្នក​ឃ្លាំមើលនិង​អ្នក​សារ​ព័ត៌មានដែល​កំពុង​រង់ចាំ​នៅ​ខាង​ក្រៅ​តុលាការពាក់ព័ន្ធ​នឹង​ការ​ប្រកាស​សាល​ក្រម​នេះ។​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​របស់​អង្គការ​លីកាដូ​លោក​ អំ សំអាត​យល់​ការ​កាត់​ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​ក្មេងប្រុស​អាយុ​១៦​ឆ្នាំ​ដែល​មាន​ជំងឺ​អូទីហ្សឹម​ឲ្យ​មាន​ទោស​៨​ខែ​នោះ​នឹង​ទទួល​រង​ការ​រិះគន់​បន្ថែម​ទៀតពី​សហគមន៍​អន្តរជាតិ​ដែល​ឲ្យ​តម្លៃ​លើ​ការ​គោរព​សិទ្ធិមនុស្ស។​

លោក អំ សំអាត ​ប្រាប់​វីអូអេ​ទៀត​ថា​សាធារណជន​នឹង​មិន​ជឿ​ថា​ក្មេង​ដែល​មាន​ភាព​មិន​ប្រក្រតី​ខាង​សតិ​ស្មារតី​អាច​ទៅ​ប្រព្រឹត្ត​បទ​ញុះញង់​ដូច​ការ​ចោទ​របស់​តុលាការ​ទេ។

លោក​ថ្លែង​ថា៖ «គេ​មិន​ជឿ​ជាក់​អីចឹង​ទៅណ៎ាហើយ​និង​ការ​ប្រមាថមន្ត្រី​រាជការ​សាធារណៈ​អីពីព្រោះ​មើល​ទៅ​គឺ​ការណ៍​ដែល​គាត់​បញ្ចេញ​មតិ​ហ្នឹង​គឺ​ទៅតាម​ប្រព័ន្ធ​តេឡេក្រាម​ឬក៏ប្រព័ន្ធ​បណ្តាញ​សង្គមហ្នឹង​ទេ។ មិន​មាន​ការ​បរិហារអី​ទូលំទូលាយ​យ៉ាង​ណា​ទេ។ គេ​មិន​ជឿជាក់​ថា​ក្មេង​ប៉ុណ្ណឹង​ទៅ​ប្រព្រឹត្ត​បទល្មើសដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ»។

វីអូអេ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​មេធាវី​ការពារ​ក្តី​ឲ្យ​ក្មេងប្រុស ​កាក់ សុវណ្ណច្ឆ័យ​ លោក​ សំ សុគង់បាន​ទេ​នៅ​ថ្ងៃចន្ទ​នេះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម។​

កុមារ កាក់ សុវណ្ណច្ឆ័យ ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ពេល​កន្លង​មក​ប៉ុន្តែ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ទេ​កាល​នោះ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ដំ​ផង​ដែរ។

បន្ទាប់​ពី​ការ​ចាប់​ខ្លួន​គាត់​កាល​ពី​ខែ​តុលាឆ្នាំ​មុន នៅ​ខាង​មុខ​ទីស្នាក់​ការ​កណ្តាល​ចាស់​នៃ​គណបក្ស​សង្គ្រោះជាតិ កុមារ​រូប​នេះ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ត្រូវ​បាន​នគរ​បាល​ដាល់ និង​ទះ​កំផ្លៀង​គាត់​ក្នុង​អំឡុង​ពេល​សួរ​ចម្លើយ។ ពីរ​ថ្ងៃ​ក្រោយ​មក គាត់​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់។

នៅ​ខែ​មេសា​ឆ្នាំ​នេះ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ដោយ​សារ​មាន​ស្រាំ​ឆ្អឹង​លលាដ៍​ក្បាល បន្ទាប់​ពី​បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​តាម​វាយ​គាត់​ដោយ​ដុំ​ឥដ្ឋ។ នេះ​បើ​តាម​ការកត់​សម្គាល់​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជាជាតិ៕

XS
SM
MD
LG