ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងមហាផ្ទៃ ខ្ទប់​មិន​ឲ្យ​គណបក្ស​នយោបាយ​ចុះ​បញ្ជី ​ពាក់ព័ន្ធ​ការក្លែង​ស្នាម​មេដៃ


លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)

ក្រសួង​មហាផ្ទៃ ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ទើបតែ​បង្កើត​ថ្មី​មួយ​ឈ្មោះ​«បេះដូង​ជាតិ» បាន​ចុះ​បញ្ជី​ ក្រោម​ហេតុផល​ថា​ គណបក្ស​នយោបាយ​នេះ​ បាន​ក្លែង​បន្លំ​ស្នាម​មេដៃ​សមាជិក​គណបក្ស។ ​នេះ​ បើ​តាម​លិខិតរបស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង​ ដែល​វីអូអេ​បាន​ទទួល​ក្នុង​សប្តាហ៍​នេះ។

បើ​តាម​លិខិត​របស់​លោក​ ស ខេង​ ចុះ​ថ្ងៃ​ទី​ ៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បាន​ធ្វើ​ការ​ពិនិត្យ​ និង​កោសល្យ​វិច័យ​លើ​ស្នាម​មេដៃ​របស់​សមាជិក​គណបក្ស​បេះដូង​ជាតិ​ ចំនួន​ជិត​៤៨០០​ស្នាម​មេដៃ​ ហើយ​រកឃើញ​មាន​ស្នាមដៃ​ក្លែងក្លាយ​ប្រមាណ​៧៤​ស្នាម​មេដៃ និង​ខូច​គុណភាព​ចំនួន​២៨៧​មេដៃ ហើយ​មាន​បុគ្គល​ខ្លះ​ក្នុង​ម្នាក់ៗ​ បានផ្តិត​លើ​ឈ្មោះ​បុគ្គល​ចាប់​ពី​៣​ ទៅ​៥​នាក់។

លិខិត​របស់​លោក ស​ ខេង ដែល​បាន​ផ្ញើ​ជូន​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​តាម​ន័យ​ដើម​ថា៖ «សម្រេច​បដិសេធ​សុំ​ចុះ​ឈ្មោះ​ គណបក្ស​បេះដូង​ជាតិ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ»។ ​

គណបក្ស​បេះដូង​ជាតិ​ដែលត្រូវ​អ្នក​នយោបាយ​ក្នុង​ស្រុក​មួយ​ចំនួន​សង្ស័យ​ថា​ ត្រូវ​បាន​បង្កើត​ឡើង​ តាមការផ្តួច​ផ្តើម​គំនិត​របស់លោក ថាច់ ស៊ីថា អតីត​សមាជិកព្រឹទ្ធសភា​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​ឲ្យ​បង្កើតនៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា​ ឆ្នាំ២០២១ ហើយ​បាន​ដំណើរការ​ចុះបញ្ជី​នៅ​ក្រសួង​តាំង​ពី​ថ្ងៃ​ទី​៩​ខែ​កក្កដា។ នេះ​ បើ​តាម​តំណាង​មួយ​រូប​របស់​គណបក្ស​បេះដូង​ជាតិ។

លោក សៀម​ ភ្លុក​ តំណាង​គណបក្ស​បេះដូង​ជាតិ​ដែល​អះអាង​ថា​ មិន​ធ្លាប់​ជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​មិន​មាន​ការ​បារម្ភ​នឹង​លិខិត​របស់​លោក ​ស ខេង​ ដែល​លោក​ជឿ​ថា​ ជា​របាយការណ៍​«បែកធ្លាយ» ហើយ​លោក​ក៏​នឹង​មិន​មាន​ការ​ឆ្លើយ​តប​នោះ​ដែរ។ លោក​និយាយ​ថា៖

«វា​មិនមែន​ជា​ការ​ទទួល​ខុសត្រូវ​របស់​គណបក្ស​នយោបាយ​ ព្រោះ​ខ្ញុំ​ធ្វើ​ហ្នឹង​ក្នុង​បំណង​សុចរិត​ ហើយ​ខ្ញុំ​អត់​មាន​ទៅ​វាស់ ទៅ​ផ្ទៀង​ផ្ទាត់​ស្នាម​មេដៃ​ណា​ពិត​មិន​ពិត។ អាហ្នឹង​ វា​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ»។​

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា​លោក អ៊ូ ច័ន្ទរ័ត្ន ចង់​ឃើញ​គណបក្សនយោបាយ​នីមួយៗ​មាន​តម្លាភាព​ក្នុងការ​រៀបចំ​សមាសភាព​ខ្លួន​ដោយ​មិនត្រូវ​មាន​ការ​លាក់លៀម​ក្នុង​ការ​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​នោះ​ទេ។ ក៏ប៉ុន្តែ​លោក​ថា​ ការ​បង្កើត​គណបក្ស​នយោបាយ​ច្រើន​ពេកអាច​វាយ​បំបែក​សំឡេង​ដើម្បី​ទៅ​យក​ឈ្នះតាម​ការបោះឆ្នោត​លើ​គណបក្ស​ដែល​កំពុង​ស្ថិត​នៅ​ក្នុងអំណាច​។

បើតាម​លោក អ៊ូ​ ច័ន្ទរ័ត្ន​ មាន​គណបក្ស​នយោបាយ​ដែល​កើត​ក្រោយ​ការ​រំលាយ​គណបក្សសង្គ្រោះ​ជាតិ​ប្រមាណ​៥​ ទៅ​៦​គណបក្ស​ តែ​គណបក្ស​ដែល​បាន​ទទួល​សុពលភាព​ឲ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​ពី​រដ្ឋាភិបាល​មាន​តែ​៣ ​ទៅ​៤​គណបក្ស​ប៉ុណ្ណោះ​ ក្នុង​នោះ​គឺ​មាន​គណបក្ស​របស់​លោក​មួយ​ផងដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG