លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា រដ្ឋាភិបាលកម្ពុជាលែងឲ្យមានការចូលទៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ដែលកន្លងទៅអាមេរិកបារម្ភថា អាចជាទីតាំងឈរជើងរបស់ទាហានចិន។
ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ លោក ហ៊ុន សែន បានថ្លែងថា អ្នកណាចង់សុំទៅមើលមូលដ្ឋានកងទ័ពជើងទឹករាម នឹងមិនមានការអនុញ្ញាតទៀតឡើយ។ លោកបន្ថែមថា ការធ្វើទស្សនកិច្ចខុសពី«ការចុះធ្វើអធិការកិច្ច» ឬ«ឆែកឆេរ»។
លោកបញ្ជាក់ថា៖ «កំពង់ផែរាមមិនមែនជាកន្លែងចោរលួច ចោរប្លន់ទេ។ អ្នកឯងចង់ថាម៉េច ថាទៅ! ឲ្យទៅមើលហើយ មិនអស់ចិត្ត...អ្នកឯងចង់ទៅឆែកឆេរ អ្នកឯងដើរតួជាស្អី?»
បើទោះមិនបញ្ចេញឈ្មោះក៏ដោយ សាររបស់លោក ហ៊ុន សែន ត្រូវបានគេដឹងថា សំដៅទៅសហរដ្ឋអាមេរិក ដែលកាលពីកន្លងទៅ ធ្លាប់រិះគន់កម្ពុជាថា មិនបានអនុញ្ញាតឲ្យភាគីអាមេរិកចូលមើលមូលដ្ឋានរាមពេញលេញ ដែលត្រូវបានប្រទេសចិនធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។
អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញ លោក Chad Roedemeier ប្រាប់វីអូអេតាមសារអ៊ីម៉ែលថា សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា «មានតម្លាភាពពេញលេញ»អំពីគម្រោងនៃការអភិវឌ្ឍនៅមូលដ្ឋានកងទ័ពជើងទឹករាម និងតួនាទីរបស់យោធាចិនក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលលោកថា វាមានសារៈប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ប្រទេសជិតខាង និងប្រទេសជាសមាជិកអាស៊ានផងដែរ។
លោកបញ្ជាក់ថា រាល់វត្តមានរបស់កងទ័ពចិនដោយផ្តាច់មុខនៅមូលដ្ឋានរាមនឹងគំរាមដល់ស្វ័យភាពកម្ពុជា និងធ្វើឲ្យសន្តិសុខតំបន់ចុះខ្សោយ។
គួរបញ្ជាក់ថា កាលពីកន្លងទៅ សហរដ្ឋអាមេរិកបង្ហាញការមិនសប្បាយចិត្តនឹងការវាយបំផ្លាញចោលអគារដែលជាជំនួយរបស់ខ្លួនក្នុងមូលដ្ឋានកងទ័ពជើងទឹករាម។ សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ថា កម្ពុជាអាចនឹងអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពចិននៅទីនោះ ប៉ុន្តែកម្ពុជាបានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់នេះ៕