ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ជាក់​ថា​ចិន​​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​កងទ័ព​រាម ខណៈ​អាមេរិក​​បារម្ភ​​អំពី​វត្តមាន​កង​ទ័ព​ចិន


រូប​ឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនរដ្ឋចិន Sinopharm នៅរាជធានីភ្នំពេញ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូប​ឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនរដ្ឋចិន Sinopharm នៅរាជធានីភ្នំពេញ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បញ្ជាក់​ថា​ប្រទេស​ចិននឹង​បញ្ជូនអ្នក​ជំនាញ​របស់​ខ្លួន​មក​ជួយ​អភិវឌ្ឍ​និង​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​សមុទ្រ​រាម​របស់​កង​ទ័ព​ជើង​ទឹក​ក្នុង​ខេត្ត​ព្រះសីហនុ។

ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្រ្តី​កម្ពុជា ខណៈ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ក្តី​បារម្ភ​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក​ថា​កម្ពុជា​និង​ចិន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សម្ងាត់​មួយ ដើម្បី​អភិវឌ្ឍ​ហេដ្ឋរចនាសម្ព័ន្ធ​នៅ​រាម សម្រាប់​ជា​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​ពេល​ខាង​មុខ។

ក្តី​ព្រួយ​បារម្ភ​នេះ ក៏​ត្រូវ​បាន​អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​បន្ត​លើក​ឡើង​នៅ​ពេល​ដែល​អ្នកស្រី​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។

នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ថា​កម្ពុជា​ត្រូវ​ការ​អភិវឌ្ឍ​មូលដ្ឋាន​រាម​ឲ្យ​ក្លាយ​ជា​កន្លែង​សមរម្យ​មួយ រួម​មាន​ផែ​សម្រាប់​នាវា​ធំៗ​ចូល​ចត​បាន​ក្នុង​ជម្រៅ​ទឹក​ជ្រៅ មាន រោងជាង​សម្រាប់​ជួស​ជុល និង​កន្លែង​ធំ​ទូលាយ​ជា​ដើម។

លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ការងារ​ទាំង​អស់​នេះ មិន​មែន​កម្ពុជា​អាច​ធ្វើ​បាន​តែ​ឯង​នោះ​ទេ ហើយ​វា​ត្រូវ​ការ​ថវិកា​ច្រើន​ផង​ដែរ ដែល​តម្រូវ​ឲ្យ​កម្ពុជា​រក​ដៃ​គូ​ចិន ដើម្បី​ជួយ​រឿង​នេះ។

លោក ទៀ បាញ់ បន្ថែម​ថា​ប្រទេស​ចិន​កំពុង​ដំណើរការ​ក្នុង​ការ​រៀបចំ ដើម្បី​បញ្ជូន​វិស្វករ​និង​អ្នក​ជំនាញ​ផ្សេងៗ​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ។

រូប​ឯកសារ៖ អ្នកសារព័ត៌មានម្នាក់មើលពីក្នុងរថយន្តក្រុងមួយទៅកាន់ទិដ្ឋភាពផែសំចតនាវាល្បាតនៃកងទ័ពជើងទឹកកម្ពុជា ក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)
រូប​ឯកសារ៖ អ្នកសារព័ត៌មានម្នាក់មើលពីក្នុងរថយន្តក្រុងមួយទៅកាន់ទិដ្ឋភាពផែសំចតនាវាល្បាតនៃកងទ័ពជើងទឹកកម្ពុជា ក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​សំឡេង​មួយ​ប្រមាណ​១០​នាទី លោក ទៀ បាញ់ បាន​ថ្លែង​ថា៖ «ដូច្នេះ​គឺ​គេ​ឆ្លើយ​តប​មក​ជួយ​នេះ កម្ពុជា​គឺ​ដឹង​គុណ​ណាស់ អរគុណ​គេ ហើយ​គេ​មក​ជួយ។ គេ​ជួយ​ដោយ​ឥត​មាន​ចំណង​ទេ។ ហើយ​ជួយ​វិនិយោគ កសាង​ផែ កសាង​រោង​ជាង ឬ​ក៏​ធ្វើ​អ្វី​ទាំង​អស់ រួម​ទាំង​ការអភិវឌ្ឍ​មូលដ្ឋាន​យោធា​រាម​នេះ គឺ​មិន​មែន​ជាប្រាក់​មួយ​រៀល​ពីរ​រៀល​ធ្វើ​បាន​ទេ ព្រោះ​វា​ត្រូវ​វិនិយោគ​ត្រូវ​ចំណាយ​ច្រើន​គួរ​សម​ដែរ តែ​ខ្ញុំ​ក៏មិន​អាច​ទៅ​និយាយ​ប៉ុន្មាន​ពិត​ប្រាកដ​ទេ»។

រដ្ឋមន្រ្តី​ការពារ​ជាតិបន្ត​ថា​ការ​ស្ថាបនា​ទាំង​នេះ​ជាសំណង់​«ធំធេង» ដែលត្រូវ​ការ​ប្រទេស​ចិន​ជួយ​កសាង ប៉ុន្តែ​បដិសេធ​ថា​មិន​មែន​ផ្តល់​ឲ្យ​ចិន​ធ្វើ​ជា​មូលដ្ឋាន​កង​ទ័ព​សម្រាប់​ប្រទេស​មហា​អំណាច​នេះនៅ​ពេល​ខាង​មុខ​នោះ​ទេ។

លោក ទៀ បាញ់ បញ្ជាក់​ថា៖ «ហើយ​កម្ពុជា​ទេ​ជា​អ្នក​ប្រើ​ប្រាស់។ កម្ពុជា​ទេអភិវឌ្ឍ​សម្រាប់​ជាតិ​មាតុភូមិ​របស់​ខ្លួន។ តើ​រឿង​នេះ តើ​កម្ពុជា​មាន​សិទ្ធិ​ទេ? កម្ពុជា​មាន​សិទ្ធិ​ធ្វើ​កិច្ចការ​ហ្មឹង​ទេ​? ទៅ​ស្វះ​ស្វែង​រក​ជំនួយ ស្វះ​ស្វែង​រក​ការ​អភិ​វឌ្ឍ​ប្រទេស​របស់​ខ្លួន។ ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាន​ចែង​ច្បាស់​លាស់​ណាស់។ ព្រះ​រាជាណាចក្រ​កម្ពុជា​រក្សា​សិទ្ធិ​ក្នុង​ការ​ទទួល​យក​ជំនួយ​បរទេស ជា​អាវុធ គ្រាប់​រំសេវ ការ​ហ្វឹកហ្វឺន និង​បញ្ហា​ផ្សេងៗ​ទៀត ដើម្បី​ការពារ​ជាតិ​មាតុភូមិ ការពារ​សណ្តាប់ធ្នាប់​របស់​ប្រទេស»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «រឿង​នេះ​វា​ខុស​អី​ចំពោះ​កម្ពុជា? វា​ខុស​ត្រង់​ថា​ភូមិសាស្រ្ត​នយោបាយ​ហ្នឹង​ទេ។ អា​រឿង​នេះ គេ​មិន​មែន​ចោទ​តែ​ពេល​នេះ​ទេ គេ​ចោទ​មក​យូរ​ហើយ ហើយ​វា​ចោទ​តែ​គ្រប់​រឿង​ទាំង​អស់»។

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​និ​ង​ក្រសួង​ការ​បរទេស​ចិន តាម​រយៈ​សារ​អ៊ីមែល​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សារព័ត៌មាន​ Fresh News នៅ​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ ក៏​បាន​ផ្សព្វផ្សាយ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោ​ធា​សហ​រដ្ឋ​អាមេរិក ចុះ​ពិនិត្យ​កំពង់​ផែ​រាម​នៅ​ពេល​ខាង​មុខ​។

រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ មុន និងក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)
រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ មុន និងក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

លោក Chad Roedemeier អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិកប្រចាំ​នៅ​កម្ពុជា​មិន​បាន​ឆ្លើយ​ចំៗ​ទៅ​លើ​សំណួរ​អំពី​ការ​ចុះ​ពិនិត្យ​មើល​របស់​អនុ​ព័ន្ធ​យោធា​សហ​រដ្ឋអាមេរិក​នៅ​ពេល​ខាង​មុខ​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ដំណើរជាប្រចាំ​និង​ញឹក​ញាប់​របស់​មន្រ្តី​យោធាបរទេស​ទាំង​អស់ទៅ​កាន់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម អាច​បង្កើន​នូវ​តម្លាភាពលើ​បញ្ហា​នេះ។

អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​មិន​បាន​បង្ហាញ​ការ​យល់​ឃើញ​អំពី​គម្រោង​នៃ​ការ​ស្ថាបនា​ហេដ្ឋរចនា​សម្ព័ន្ធ​នៅ​រាម ដោយ​មាន​ជំនួយ​ពី​ប្រទេស​ចិន។

នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ថ្ងៃ​អង្គារ អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក អ្នកស្រី Wendy Sherman បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​យ៉ា​ង​ខ្លាំង​អំពី​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន​ទឹក​រាម ដែល​អាច​នឹង​អនុញ្ញាត​ឲ្យ​មាន​យោធា​ចិន​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​ស្រី​ក៏​បាន​ស្វែង​រក​ការ​បំភ្លឺ​ទៅ​លើ​ការ​វាយ​កម្ទេច​សំណង់​អគារ​របស់​អាមេរិក​នៅ​សមុទ្រ​រាម​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង ឬ​សេចក្តី​ពន្យល់​ដល់​អាមេរិក​និង​យល់​ថា​វត្តមាន​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ទន់​ខ្សោយ​នៃ​អធិបតេយ្យ​ភាព​របស់​កម្ពុជា គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់​និង​ប៉ះ​ពាល់​អវិជ្ជមាន​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក។

ជា​ការ​ឆ្លើយ​តប​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ច្បាស់​អំពី​ស្ថាន​ភាព​នៅ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម និង​បាន​រំឭក​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ម៉ឺង​ម៉ាត់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ថែរក្សា​និង​ការពារ​ឯករាជ្យ អព្យាក្រឹត និង​អធិប​តេយ្យភាព​របស់​ខ្លួន ទាំង​នយោ​បាយ​ផ្ទៃ​ក្នុង​ប្រទេស​និង​កិច្ចការ​បរទេស។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

លោក​បណ្ឌិ​ត អ៊ា សុផល​ ដែល​ជា​សាស្ត្រា​ចារ្យ​ខាង​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៃ​មហា​វិទ្យា​ល័យ​Occidental College ​ក្នុង​ទីក្រុង​Los Angeles​ រដ្ឋ California​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា​ការ​បញ្ជាក់​របស់​កម្ពុជា​ថា​ចិន​ជា​អ្នក​អភិវឌ្ឍ​នៅ​ទី​នោះ​ បង្ហាញអំពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​និយាយយូរ​មក​ហើយ។

លោក​ប្រាប់​VOA​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «កាល​ណា​ទីក្រុង​ប៉េកាំង​កាន់​តែ​ផ្តល់​ឲ្យ​[កម្ពុជា] កាន់​តែ​ទីក្រុង​ប៉េកាំង​ចង់​បាន​មក​វិញ។ ហើយ​កាន់​តែ​ទីក្រុង​ភ្នំពេញ​បដិសេធ វា​កាន់​តែជា​ការ​ពិត»។

កាល​ពី​ឆ្នាំ​២០​១៩ សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា​ខ្លួន​មាន​ព័ត៌​មាន​ច្បាស់​ការ​ថា​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន​ក្នុង​ការ​បើក​ឲ្យ​មាន​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​កម្ពុជា។

នៅ​ក្នុង​សន្និសីទ​អន្តរ​ជាតិ​មួយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​ការ​ចុះ​កិច្ច​ព្រម​ព្រៀងសម្ងាត់​នេះ​ថា​«អយុត្តិ​ធម៌​ពេក»​សម្រាប់​កម្ពុជា​និង​«អយុត្តិធម៌​»​សម្រាប់​ចិន​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG