គរុនិស្សិតកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡាលោក កែវ សុវណ្ណឫទ្ធិ បដិសេធការសម្របសម្រួលរបស់ក្រសួងអប់រំដែលបានផ្តល់លក្ខខណ្ឌចំនួនពីរដែលលោកចាត់ទុកថាជាសំណូក ព្រោះក្រសួងខកខានមិនបានផ្តល់ការពន្យល់ឱ្យច្បាស់ ជុំវិញនិស្សិតឯទៀត ដែលមានអាយុមិនត្រូវតាមការកំណត់សម្រាប់ទទួលបានវគ្គបណ្តុះបណ្តាល តែនៅតែបន្តចូលរៀនបានធម្មតា។
លោក កែវ សុវណ្ណឫទ្ធិ ដែលធ្លាប់ត្រូវកម្លាំងសន្តិសុខខណ្ឌដូនពេញចាប់អូសទាញចូលក្នុងរថយន្ត កាលពីព្រឹកថ្ងៃទី២១ ខែសីហា នៅពេលលោកកំពុងឈរលើកបដាទាមទារយុត្តិធម៌ពីក្រសួងអប់រំ ដែលលោកចោទថា បានកាត់ឈ្មោះលោកចេញកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នោះ ប្រាប់វីអូអេថា កាលពីថ្ងៃទី៤ ខែកញ្ញានេះ ក្រសួងអប់រំបានធ្វើការសម្របសម្រួលឱ្យលោកជ្រើសរើសលក្ខខណ្ឌពីរគឺអាហារូបករណ៍បួនឆ្នាំនៅសាកលវិទ្យាល័យ និងធ្វើជាមន្ត្រីកិច្ចសន្យា។ ប៉ុន្តែលោកបានទាត់ចោលលក្ខខណ្ឌទាំងពីរនោះដោយថា វាគឺជាទម្រង់នៃការសូកប៉ាន់ដើម្បីឱ្យលោកស្ងប់ចិត្ត ហើយបញ្ឈប់ការតវ៉ា។
លោកបញ្ជាក់ថា៖«ឱ្យលក្ខខណ្ឌជម្រើសដល់ខ្ញុំពីរ ទីមួយអាហារូបករណ៍បួនឆ្នាំ សម្រាប់សាកលវិទ្យាល័យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ។ លក្ខខណ្ឌមួយទៀតឱ្យខ្ញុំហ្នឹង ធ្វើជាមន្រ្តីកិច្ចសន្យា ប៉ុន្តែសម្រាប់បដាថ្ងៃចន្ទដែលខ្ញុំលើកហ្នឹង ខ្ញុំទាមទារឱ្យបកស្រាយរឿងយុវជនបីនាក់ មូលហេតុអីបានគាត់នៅបន្តសិក្សា? ហើយគាត់ប្រឡងចេញចូលជាក្របខណ្ឌ។ គាត់ទៅធ្វើការតាមមណ្ឌលដែលគាត់ដាក់ប៉ុស្តិ៍ ហើយអ៊ីចឹង។ តែគាត់អាចថាហៅខ្ញុំឱ្យទទួលសំណូក។អ្វីដែលគាត់រៀបចំឱ្យ សម្រាប់សំណូកទាំងអស់នេះ ខ្ញុំអត់ចង់បានទេ»។
លោកបានឱ្យដឹងទៀតថា ការណ៍ដែលលោកនៅតែបន្តតវ៉ាឈរលើកបដានៅមុខក្រសួងអប់រំ គឺដើម្បីទាមទារឱ្យក្រសួងផ្តល់នូវយុត្តិធម៌មកកាន់រូបលោក និងយុវជន១១នាក់ទៀតដែល ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌដោយខុសស្តង់ដារកម្ពស់ដូចគ្នានឹងរូបលោកដែរ ហើយក្នុងនោះក៏មានម្នាក់ខុសលក្ខខណ្ឌដែលមិនមានភាពនៅលីវផងដែរ។
លោកបន្ថែមថា៖«ការលើកបដារៀងរាល់ថ្ងៃចន្ទនេះ ខ្ញុំធ្វើនេះដើម្បីស្វែងរកភាពតម្លាភាព។ ការអនុវត្តលេខ ៥៨គួរណាស់តែអនុវត្តឱ្យស្មើភាព។ ដូចយុវជនបីនាក់ គាត់លើសអាយុគាត់ខុសលក្ខខណ្ឌ គាត់អាចនៅរៀនបាន។ គួរតែពួកខ្ញុំទាំង១២នាក់ក៏អាចនៅរៀនបានដែរ»។
បើតាមលោកកែវ សុវណ្ណឫទ្ធិ អំឡុងពេលរៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡារយៈពេល១ខែ មុននឹងមានការលុបឈ្មោះរូបលោកនោះ លោកត្រូវចំណាយច្រើនក្នុងការធ្វើដំណើរទៅរៀន ដោយសារតែកន្លែងស្នាក់នៅរបស់លោកឆ្ងាយពីវិទ្យាស្ថាន។
លោកថ្លែងថា៖«ចំណាយជិះម៉ូតូឆ្ងាយផង កាលហ្នឹងគឺរៀបចំសម្ពោធ មរតកតេជោហ្នឹង យើងត្រូវហាត់មុនសម្ពោធមរតកតេជោ១អាទិត្យទៅ២អាទិត្យអ៊ីចឹង។ ហើយអំឡុងពេលខ្ញុំហ្វឹកហាត់ហ្នឹង ខ្ញុំក៏គ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ខ្ញុំនៅតែតស៊ូទៅហ្វឹកហាត់នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡាដដែល។ ទោះខ្ញុំមានរបួសរាងកាយក៏ដោយក៏ខ្ញុំនៅតែទៅដែរ។ ហើយក៏ខ្ញុំអត់នឹកស្មានដែរ ចុងក្រោយលុបខ្ញុំចោលទាំងមូលហេតុថា ខ្វះកម្ពស់បែបនេះដែរ»។
គិតត្រឹមសប្តាហ៍នេះ លោកកែវ សុវណ្ណឫទ្ធិ បានទៅតវ៉ាលើកបដានៅមុខក្រសួងអប់រំ បាន៥ដងមកហើយ ក្នុងនោះដែរលោកថា កាលពីថ្ងៃទី២៨ ខែសីហា និងថ្ងៃទី៤ ខែកញ្ញា ខាងអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់តែងតែមករារាំង និងបញ្ជូនលោកទៅកាន់ប៉ុស្តិ៍នគរបាលជាដើម។
លោកស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជា មន្ត្រីសន្តិសុខសណ្តាប់ធ្នាប់ទាំងអស់គួរណាស់តែបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ចៀសវាងការចាប់ខ្លួននិងបង្កជាសកម្មភាពមិនសមរម្យមកលើរូបលោកដោយមិនមានហេតុផលច្បាស់លាស់។
អ្នកនាំពាក្យក្រសួងអប់រំទើបតែត្រូវបានតែងតាំងថ្មីលោកអ៊ុង បូរ៉ាត បដិសេធមិនផ្តល់ការអត្ថាធិប្បាយដោយថា លោកមិនមានភារកិច្ចឆ្លើយតបទៅកាន់អ្នកសារព័ត៌មាននោះទេ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីនាយករងនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាលោកតូ រិទ្ធីយ៉ា បាននៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ករណីរបស់គរុនិស្សិតកែវ សុវណ្ណឫទ្ធិនេះគឺជា ករណីមួយដែលក្រសួងអប់រំគួរតែមានដំណោះស្រាយជារួមមួយ គឺធ្វើយ៉ាងណាឱ្យ គ្រប់ភាគីទាំងអស់នោះទទួលយកបានតាមអ្វីដែលពួកគេស្នើសុំ ដើម្បីកុំឱ្យបញ្ហានេះបន្តកើតមានតទៅទៀត។
លោកបញ្ជាក់ថា៖ «អ៊ីចឹងការដោះស្រាយភាគច្រើនគឺ គេយកចំណុចរួមនិងគោលការណ៍ជារួមដើម្បីបញ្ចប់នូវបញ្ហាឱ្យកុំឱ្យមានបញ្ហាកើតឡើងតទៅទៀត។ ខ្ញុំគិតថា ការដោះស្រាយអីក៏ដោយក៏វា មិនម្តងចប់ដែរ។ វាត្រូវមានការជជែកគ្នាបន្តដើម្បីរកចំណុចរួមហើយនឹងការដោះស្រាយគឺគិតអំពីដំណោះស្រាយរួមហើយមិនឱ្យមានបញ្ហាតទៅមុខទៀត។ អាហ្នឹងជារឿងសំខាន់ដែលត្រូវដោះស្រាយ»។
លោកបានបញ្ជាក់ទៀតថា មន្រ្តី ឬកម្លាំងសន្តិសុខដែលចុះទៅអនុវត្តច្បាប់គួរទទួលបានការបណ្តុះបណ្តាលអប់រំត្រឹមត្រូវទាំងផ្នែកសីលធម៌ និងជំនាញទំនាក់ទំនង និងសម្របសម្រួលដើម្បីកាត់បន្ថយការប្រើប្រាស់អំពើហិង្សាផ្សេងៗទៅលើប្រជាពលរដ្ឋ។
អនុប្រធានគណបក្សភ្លើងទៀន និងជាអតីតទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រសួងអប់រំគួរតែពិនិត្យមើលឡើងវិញពាក់ព័ន្ធនឹងបញ្ហានេះ ដោយថា នេះគឺជាកំហុសឆ្គងរបស់ក្រសួងខ្លួនឯង ដែលបានអនុញ្ញាតឱ្យគរុនិស្សិតកែវ សុវណ្ណឫទ្ធិបានចូលរៀនបានរហូត១ខែហើយ បែរជាលុបឈ្មោះគាត់ចោលទៅវិញ។
លោកថ្លែងថា៖«នេះវាមិនមែនជារឿងកំហុសរបស់ប្អូនៗទេ វាជាកំហុសរបស់ក្រសួងខ្លួនឯងដែលមិនបានពិនិត្យឱ្យល្អិតល្អន់ទៅតាមក្បួនខ្នាត ដល់ក្រោយមកចូលរៀនរយៈពេល១ខែហើយបានថា អ្នកឯងខ្វះនេះខ្វះនោះ….កម្ពស់មិនគ្រប់ ....ត្រូវបានបញ្ឈប់។ ហើយអាការបញ្ឈប់ហ្នឹងវាក៏មិនបានបញ្ឈប់ទូទៅថែមទៀត មានអ្នកខ្លះនៅបន្តការសិក្សា មួយចំនួនត្រូវបានបញ្ឈប់។ វាគឺជារឿងមួយអាក្រក់មែនទែនសម្រាប់ក្រសួងអប់រំ»។
គួរបញ្ជាក់ថា លោក កែវ សុវណ្ណឫទ្ធិ ត្រូវកម្លាំងសន្តិសុខខណ្ឌដូនពេញចាប់អូសទាញរុញចូលក្នុងរថយន្តយ៉ាងកំរោល កាលពីព្រឹកថ្ងៃទី២១ ខែសីហា នៅពេលលោកកំពុងឈរលើកបដាទាមទារយុត្តិធម៌ពីក្រសួងអប់រំ ដែលបានកាត់ឈ្មោះលោកចេញពីវគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ កាយនិងកីឡា។ ក្រសួងអប់រំក៏បានសេចក្តីបំភ្លឺមួយពាក់ព័ន្ធទៅនឹងការលុបឈ្មោះនោះ ដោយបកស្រាយថា កម្ពស់របស់លោកកែវ សុវណ្ណឫទ្ធិគឺ ១,៦២ម៉ែត្រ ដែលខុសនឹងកម្ពស់១,៦៥ម៉ែត្រ ជាកម្ពស់ដែលកំណត់ឱ្យបេក្ខជនអាចដាក់ពាក្យស្នើសុំចូលរៀនយកឯកទេសអប់រំកាយ និងកីឡាកម្រិតមូលដ្ឋាន៕