គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសម្រេចដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ ឬ អេប ដើម្បីទទួល និងសម្រួលការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅទូទាំងប្រទេស។
កម្មវិធីទូរស័ព្ទ ឬអេបនេះ មានឈ្មោះថា «CHCR App»។ កម្មវិធីអេបទទួលបណ្តឹងតាមទូរស័ព្ទនេះត្រូវបានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី២៩ ខែមិថុនា នៅក្នុងកិច្ចពិភាក្សារវាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UNHCHR) និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីត្រៀមរៀបចំអបអរសាទរសិទ្ធិមនុស្សខួបលើកទី៧៥ឆ្នាំ។ នេះបើតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មាធិការសិទ្ធិមនុស្សបានបង្កើតអេបនេះឡើងក្នុងគោលបំណងជួយសម្រួលដល់ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈទូរស័ព្ទ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។
លោកថ្លែងថា៖ «គណៈកម្មាធិការសិទិ្ធមនុស្សបានរៀបចំរកបងប្អូនយើង។ និយាយមែនទៅជាការជំរុញក្នុងវិស័យឌីជីថលដើម្បីសម្រួល ហើយយើងរៀបចំថ្មីៗហ្នឹងដែរទេ។ ហើយបង្កើតអេបហ្នឹងយើងរង់ចាំ។ ប្រសិនបើឥឡូវនៅក្នុងអេបមិនទាន់មានយើងមិនទាន់បានទទួល [បណ្តឹង] ប៉ុន្តែជាគម្រោងរបស់យើង កាលណាគាត់ដាក់ប្តឹងមកគឺយើងឆ្លើយតបទៅគាត់ភ្លាម។ យើងទូរស័ព្ទទៅគាត់ថា យើងបានទទួលហើយ»។
លោកបន្តថា ក្រោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋ អគ្គនាយកដ្ឋានរដ្ឋបាលដែលទទួលពាក្យបណ្តឹងនឹងសិក្សាលើសំណុំរឿង រួចបញ្ជូនបន្តទៅអគ្គនាយកស៊ើបអង្កេតដើម្បីអនុវត្តតាមនីតិវីធី។
លោកថ្លែងថា៖ «ហើយមាននីតិវិធីបន្តមកគឺសម្រាប់ទៅអគ្គនាយកដ្ឋានរដ្ឋបាល និងទទួលពាក្យបណ្តឹងហ្នឹង។ គេពិនិត្យមើលថាតើបណ្តឹងហ្នឹងមានពាក់ព័ន្ធជាមួយនឹងបញ្ហារំលោភសិទ្ធិមនុស្សទេ? បណ្តឹងវាស្ថិតនៅក្នុងដំណាក់កាលណា? អ៊ីចឹងយើងអាចពិនិត្យមើល ហើយផ្តល់យោបល់មកខ្ញុំពិនិត្យមើល។ បើគិតថា ស័ក្តិសមត្រឹមត្រូវទៅតាមនីតិវិធី ទៅតាមការងាររបស់យើង យើងបញ្ជូនទៅអគ្គនាយកដ្ឋានមួយទៀត គឺអគ្គនាយកដ្ឋានស៊ើបអង្កេតដើម្បីយើងរៀបចំក្រុមការងារចុះទៅស៊ើបអង្កេតផ្ទាល់តែម្តង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការដែលមានអេបទទួលបណ្តឹងតាមកម្មវីធីទទួលជារឿងល្អ និងសម្រួលទៅដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែលោកថា ប្រសិទ្ធភាពនៃការគោរព យុត្តិធម៌ និងការស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញ ក៏ជារឿងសំខាន់មួយដែលត្រូវយកមកដោះស្រាយផងដែរ។
លោកថ្លែងថា៖ «ហើយរឿងសំខាន់ទៅទៀតនោះគឺការកែលម្អ ធ្វើម៉េចឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាយើងហ្នឹងមានភាពល្អប្រសើរឡើង។ អាហ្នឹងវាជារឿងសំខាន់ដែលជាអាទិភាពត្រូវធ្វើ ពីព្រោះប្រសិនបើនៅកម្ពុជាយើង បញ្ហាសិទ្ធិមនុស្សស្ថិតនៅក្នុងបញ្ហាចម្រូងចម្រាសពីសហគមន៍អន្តរជាតិ ហើយគេយល់ថា បញ្ហាសិទ្ធិមនុស្សនៅតែធ្លាក់ចុះ។ ហ្នឹងជាបញ្ហាមួយដែលមិនសូវល្អសម្រាប់កម្ពុជា»។
អ្នកជំនាញខាងសិទ្ធិមនុស្សរូបនេះបន្តថា កម្ពុជាគួរតែយកចិត្តទុកឱ្យកាន់តែខ្លាំងទៅលើបញ្ហាសិទ្ធិមនុស្ស ហើយធ្វើយ៉ាងណាគោរពទៅតាមច្បាប់ និងកតិការសញ្ញានានាដែលកម្ពុជាបានចុះហត្ថលេខា។ លោកថា ជារៀងរាល់ពេលដែលមានកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្ស កម្ពុជា តែងតែទទួលបានអនុសាសន៍ និងដំណោះស្រាយទៅលើបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែភាគីកម្ពុជានៅតែមិនទាន់សម្រេចទៅតាមអនុសាសន៍នៅឡើយទេ។
លោកថ្លែងថា៖ «អាហ្នឹងយើងក៏អត់ទាន់មានការកែលម្អគ្រប់ជ្រុងជ្រោយ ហើយមួយទៀតយើងឃើញថា មានរបាយការណ៍ជាច្រើនដែលលើកឡើងពីបញ្ហាសិទ្ធិមនុស្ស តែតំណាងកម្ពុជាតែងតែបដិសេដចោលថា ជាចរិតនយោបាយជាដើម។ អ៊ីចឹងខ្ញុំយល់ថា កម្ពុជាយើងគួរតែពិនិត្យទៅលើភាពខ្វះចន្លោះ ហើយយើងកែលម្អទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សឱ្យស្របទៅតាមបទដ្ឋានអន្តរជាតិដែលកម្ពុជាយើងទទួលស្គាល់ និងចែងក្នុងរដ្ឋធម្មនុញ្ញ។ នោះជារឿងល្អប្រសើរ»។
កម្ពុជាតែងរងនូវការរិះគន់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។របាយការណ៍របស់អង្គការសិទ្ធិមនុស្ស Human Rights Watch ចេញកាលពីដើមឆ្នាំ២០២៣ នេះបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានបង្ក្រាប «យ៉ាងចាស់ដៃ» ទៅលើគណបក្សប្រឆាំង សកម្មជនដីធ្លី មេដឹកនាំសហជីព សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសំខាន់ៗ និងបានប្រើតុលាការកម្ពុជាជាឧបករណ៍ដើម្បីយកអ្នកដែលមានទស្សនៈផ្ទុយពីលោក ហ៊ុន សែន ទៅកាត់ទោស និងដាក់ពន្ធនាគារ «ជាចង្កោម»។
ប៉ុន្តែរបាយការណ៍នេះត្រូវបានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលច្រានចោល និងថាជារបាយការណ៍ដែលធ្វើឡើងដោយមាន«លក្ខណៈនយោបាយ» និង«សងសឹក»រាជរដ្ឋាភិបាល៕