ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការ​ចាប់​ខ្លួន​គឺ​ដើម្បី​គាប​បក្ស​ប្រឆាំង​ឱ្យ​ទទួល​យក​លក្ខខណ្ឌ​របស់​បក្ស​កាន់​អំណាច


ប៉ូលិស​បង្ក្រាប ក្រុម​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃអង្គារ​ ទី១៥ ខែកក្កដា ឆ្នាំ២០១៤។
ប៉ូលិស​បង្ក្រាប ក្រុម​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃអង្គារ​ ទី១៥ ខែកក្កដា ឆ្នាំ២០១៤។

ក្រុម​អ្នក​វិភាគមើល​ឃើញ​ថា​ ការ​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់ក្នុង​និង​ក្រោយព្រឹត្តិ​ការណ៍​ហិង្សា​កាល​ពី​ថ្ងៃអង្គារបាន​បង្ហាញ​ពី​ឥទ្ធិ​ពល​នយោបាយរបស់​គណបក្ស​កាន់​អំណាច​លើ​ប្រព័ន្ធ​តុលាការហើយ​ក៏​ជា​យុទ្ធ​សាស្រ្ត​មួយ​ដែល​អាច​មាន​កម្លាំង​ចាប់​បង្ខំ​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​វិល​មក​អង្គុយ​នៅ​តុ​ចរចា​វិញ​បានដែរ។

​រហូត​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ​តុលាការ​ដែលទទួល​រង​ការរិះគន់បាន​សម្រេច​ឃុំខ្លួន​តំណាងរាស្ដ្រ​ជាប់​ឆ្នោត​ដែល​មិន​ទាន់​បាន​បំពេញ​អភ័យឯកសិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧រូប​និង​សកម្មជន​គណបក្សនេះម្នាក់​ទៀតក្រោម​ការចោទ​ប្រកាន់​ពីបទ ​ផ្តើម​គំនិត​ធ្វើ​កុប្បកម្ម​ខុស​ច្បាប់​ ផ្តើម​គំនិតឱ្យ​មាន​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថានទម្ងន់​ទោស​ ​ និង​ផ្តើម​គំនិត​ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ។

​ក្រុម​អ្នក​ច្បាប់​និយាយ​ថា​ប្រសិន​បើ​គេ​ក្រឡេក​មើល​បទ​ចោទទាំង​នេះហើយ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​សមាជិក​តំណាងរាស្ដ្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ជំទាស់​និង​សកម្មជន​របស់​ខ្លួន​មាន​ទោស​ នោះ​ជនជាប់​ចោទ​ម្នាក់​អាច​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូត​ដល់​ជាង​៣០​ឆ្នាំ​តាម​ច្បាប់​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា។

លោក​បណ្ឌិតឡៅ ម៉ុង​ហៃ ​អ្នកវិភាគ​នយោបាយ​កម្ពុជា​មាន​ប្រសាសន៍​ថា​ទោស​នេះ​អាច​នឹងធ្វើ​ឲ្យ​តំណាងរាស្ដ្រ​របស់​គណបក្ស​ជំទាស់​បាត់​បង់​លទ្ធ​ភាពឈរ​ឈ្មោះ​បោះ​ឆ្នោត​តទៅ​ទៀត​ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​នយោបាយ​នោះ​ទេ​ពីព្រោះ​ថា​តាម​ច្បាប់​បោះឆ្នោត​កម្ពុជា ​ជនជាប់​ពិរុទ្ធ​មិន​អាច​ឈរឈ្មោះជាបេក្ខជន​តំណាងរាស្ដ្រ​បាន​ទេ។

«នេះជាឱកាស​មួយ​សម្រាប់​គណបក្ស​ប្រជាជនគឺ​អាច​ថា​ឈាន​ដល់​យុទ្ធសាស្ដ្រ​កម្ចេច​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង​ក្នុង​ការ​ចាប់​តំណាងរាស្ដ្រ​ទាំង​ប៉ុន្មាន»។

តំណាងរាស្ដ្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូចជា​អ្នក​នយោ​បាយ​ដែល​មាន​សក្តា​នុពលដែល​បាន​នាំជ័យ​ជម្នះ​ក្នុង​ការបោះឆ្នោតជ្រើស​តាំង​តំណាង​រាស្ដ្រ​ចុង​ក្រោយ​នេះ។

​ក្នុង​នោះ​មាន​លោក​ស្រី​ មូរ​ សុខហួរ ​លោក​ ឡុង រី​ ​លោក​ នុត​ រំដួល​ លោក​ កែវ​ ភីរម្យ ​លោក ​ម៉ែន ​សុថាវរិន្ទ្រ ​លោក ​រៀល ​ខេមរិន្ទ្រ​ និង​លោក​ ហូរ ​វ៉ាន់។ ​

​លោកបណ្ឌិត​ឡៅ ម៉ុងហៃ ​គិតថា​គណបក្ស​សង្គ្រោះ​ជាតិ​អាចស្ថិត​ក្នុង​គ្រោះថ្នាក់​ដោយ​សារតែ​យុទ្ធ​សាស្ដ្រ​ចាប់ខ្លួន​តំណាងរាស្ដ្រ​ជាប់​ឆ្នោត​ទាំង​នេះ​ដោយសារតែ​គណបក្ស​ជំទាស់​អាច​បាត់​បង់​ឬខាត​បង់ឱកាស​រៀប​ចំខ្លួន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ឆ្នាំ​២០១៧​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ឆ្នាំ​២០១៨​ហើយ​គណបក្ស​នេះ​អាច​មាន​ហានិភ័យ​ក្នុង​រចនា​សម្ព័ន្ធ​ផ្ទៃ​ក្នុង​ផង​ដែរ។

«កាលៈ​ទេសៈ​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដ៏សំខាន់​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​តើ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នេះ​ថា​តើ​នៅ​មាន​មនុស្ស​ជំនួស​ថ្នាក់​ដឹក​នាំ​ដែល​ជាប់ឃុំនោះ​ឬ​យ៉ាងណា។​ហើយ​នៅ​រឹង​មាំ​ឬយ៉ាងណា»។

កាលពី​ថ្ងៃ​អង្គារ​ទី​១៥​ខែកក្កដា​ក្រុម​តំណាងរាស្ដ្រ​ជាប់​ឆ្នោត​និង​សកម្មជន​នយោបាយ​របស់​គណបក្ស​ជំទាស់​បាន​ធ្វើ​បាតុកម្ម​មួយ​នៅក្បែរ​ស្ពាននាគ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការបើកទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ធ្វើ​ការ​តវ៉ា​ឡើងវិញ។ ​ទីកន្លែង​ប្រមូល​ផ្តុំ​នេះ​ត្រូវ​បិទ​និង​យាម​កាម​យ៉ាង​រឹងមាំ​ចាប់តាំង​ពី​ការបង្រ្កាប​យ៉ាងហិង្សា​លើ​បាតុកម្ម​របស់​គណបក្ស​ជំទាស់​និង​ការតវ៉ា​របស់​ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ​កាលពី​ខែមករា។

ការ​តវ៉ា​កាល​ពីបួន​ថ្ងៃ​មុន​នេះ​បានធ្វើ​ឲ្យ​មាន​ការប៉ះទង្គិច​រវាង​ក្រុម​អាជ្ញាធរ​និង​ក្រុម​សកម្មជន​នយោ​បាយ​ជំទាស់​និង​បាន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​យ៉ាង​តិច៥០​នាក់។

រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោងការ​ទុកជាមុន​ក្នុង​ការបង្ក​ហិង្សា​ហើយ​ការ​ចាប់ខ្លួន​តំណាងរាស្ដ្រ​និង​សកម្មជន​គណបក្សជំទាស់​នៅ​ពេល​នេះ​គឺជា​វិធានការ​ច្បាប់។

ក៏ប៉ុន្តែ​លោកស្រី​ធីតា ឃឹះ ​នាយិការ​នៃ​អង្គការ​សីលការ​ កត់សម្គាល់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់ចង្កូត​រដ្ឋាភិបាលបាន​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​លើ​ប្រព័ន្ធ​តុលាការ​តាម​រយៈ​ការ​ចាប់ខ្លួន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​ហើយ​ការ​បន្តអនុវត្ត​វិធីសាស្ត្រ​បែបនេះ​នឹង​បង្ក​ឲ្យ​មាន​អស្ថេរភាព​សង្គម​មិន​ចេះ​ចប់។

លោក​ឈាង​ វុន​ ប្រធាន​គណៈ​កម្មការ​កិច្ច​ការបរទេស​ក្នុង​រដ្ឋសភា​របស់​គណប​ក្ស​ប្រជាជន​កម្ពុជា

បានថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅព្រឹក​ថ្ងៃសុក្រ​នេះ​ដោយ​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ចង់​រុញ​ច្រាន​ប្រទេស​កម្ពុជា​ចូល​ក្នុង​សង្គ្រាម​នៃ​ទសវត្សរ៍​១៩៧០។

«សភាព​ការណ៍​យើង​ដូច​ឆ្នាំ​១៩៧០​អញ្ចឹង​ហើយ​ឥឡូវ​នេះ​មាន​ជន​អាណា​ធិបតេយ្យ​មួយក្តាប់​តូច​កំពុង​តែ​ជំរុញ​ស្រុក​យើង​ឲ្យ​ដើរតាម​គន្លង​ឆ្នាំ​១៩៧០»។

យ៉ាងណា​ក៏ដោយ​ការចាប់ខ្លួន​អ្នក​តំណាងរាស្ដ្រ​ជាប់ឆ្នោត​យ៉ាង​ច្រើនរបស់​គណបក្ស​សង្គ្រោះជាតិ​គឺជា​រឿង​ដំបូង​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវតិ្តសាស្ដ្រ​នយោបាយ​ទំនើប​របស់​កម្ពុជា។

ថ្វីដ្បិត​តែ​រូបភាព​ជាក់ស្តែង​បង្ហាញថា​ការចាប់ខ្លួន​នេះ​កើតចេញ​ពី​លទ្ធផល​នៃ​អំពើ​ហិង្សា​ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ​ក៏ជា​បច្ច័យ​មួយ​នៃការជាប់គាំង​នយោបាយ​ក្រោយ​ពី​ការបោះឆ្នោត​មួយ​ឆ្នាំ​មក​នេះ។​ការជាប់គាំង​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​កិច្ច​ប្រជុំសភា​និង​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការបោះឆ្នោត។

ក្នុង​ពេល​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើការ​ទាមទារ​ជាច្រើន​ឲ្យ​មាន​ការកែទម្រង់​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោតនិង​ការបោះឆ្នោត​និង​សិទ្ធិសេរីភាព​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​រួម​ទាំង​ការបោះ​ឆ្នោត​មុន​អណត្តិ​ជាដើម។ ការទាមទារ​ទាំងនេះ​ដែលគណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទទួល​យក​បាន​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន។

​ដូច្នេះ​ចង់​ឬ​មិន​ចង់​ការចាប់ខ្លួន​តំណាងរាស្ដ្របក្ស​ជំទាស់​ទាំង​ក្រុម​បែបនេះ​អាចជាសម្ពាធ​ផង​និង​ជា​ការ​គំរាម​ផង​ឲ្យ​បក្ស​ជំទាស់​បន្ទន់​ឥរិយាបថ​របស់​ខ្លួន។

លោកឈាង វុន ​តំណាងរាស្ដ្រ​គណបក្ស​កាន់​អំណាច​មិន​បាន​បក​ស្រាយ​ចំៗ​ត្រង់​ចំណុច​នេះ​នោះ​ទេ​ប៉ុន្តែ​លោក​បាន​ប្រលយ​ពាក្យ​ដែល​ទំនង​ជា​ក្នុង​គោល​ដៅ​ត្រូវ​ចាត់វិធាន​ការ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ។
«ពេលវេលា​ដែល​តម្រូវ​ឲ្យ​យើង​អនុវត្តន៍​ច្បាប់​មក​ដល់​ហើយ​មួយ​ឆ្នាំ​ហើយ​ដែល​យើង​បន្ធូរ​ដៃ។​អ្នក​ណា​ចង់​ថា​អីក៏ដោយ»។

ប៉ុន្តែ​លោកយឹម សុវណ្ណ ​តំណាងរាស្រ្ត​ជាប់ឆ្នោត​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិអះអាង​ថា​គណបក្ស​របស់​លោក​នឹង​ធ្វើការ​តស៊ូ​បន្ថែម​ទៀត​ចំពោះ​រឿង​នេះ។

«ការ​ដែល​ធ្វើ​ឲ្យ​មាន​ការឈឺចាប់​ដប់​វានឹង​កើត​ឡើង​នូវ​កម្លាំង​រួបរួម​គ្នា​ម្ភៃ។ វា​នឹង​កើត​ឡើង​នូវ​ការ​តស៊ូ​ម្ភៃ»។
​ការបក​ស្រាយ​ក្នុង​ផ្លូវ​ផ្សេង​គ្នា​របស់​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ពី​អរិភាព​នយោបាយ​ឡើង​កំដៅ​ដោយ​សារ​មិន​មាន​ការ​ចរចា​ណាមួយ​ត្រូវ​រ៉ូវ​គ្នា​ហើយ​រហូត​មក​ទល់​ពេលនេះ​គណបក្ស​គូ​ជម្លោះ​នៅ​តែ​មិន​ទាន់​ព្រម​ព្រៀង​គ្នា​ចូល​តុចរចា​ឡើង​វិញ​នៅ​ឡើយ​បន្ទាប់​ពី​ជាប់គាំង​ជាច្រើន​ខែ​កន្លង​មក។

ទោះជាយ៉ាងណា​ការបណ្តោយ​ស្ថាន​ការណ៍​បែប​នេះ​អូស​បន្លាយ​អ្វី​ដែល​កើតឡើង​នោះ​គឺ​ការភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​និង​ក្រុម​អ្នក​ជំនួញនិង​អ្នក​វិនិយោគទុន។

ជាក់ស្តែង​លទ្ធផល​នៃ​ការបោះឆ្នោត​កាល​ពីខែកក្កដា​ឆ្នាំ​២០១៣ ​បាន​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ទំនោរ​នយោបាយ​និងការ​ចង់​បាន​របស់​ម្ចាស់ឆ្នោតយ៉ាង​ជាក់លាក់។

ដូច្នេះការចាប់ខ្លួន​តំណាងរាស្ដ្រ​ជាប់ឆ្នោត​ដាក់​ពន្ធនាគារ​នឹង​ក្លាយ​ជា​ចំណុច​ត្រិះរិះ​មួយ​ជំហាន​សម្រាប់​ពេលខាង​មុខ​ទៀត​ដែល​នឹង​នាំឲ្យ​មាន​ការប្រែប្រួល​ក្នុង​ហិប​ឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG