តុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន អ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដ៏លេចធ្លោចំនួន៥នាក់និងជំនួយការអ្នកស្រីមូរ សុខហួរម្នាក់នៅពន្ធនាគារព្រៃសដើម្បីរង់ចាំជំនុំជម្រះទោសបន្ទាប់ពីមានអំពើហិង្សាមួយនៅក្បែរសួនប្រជាធិបតេយ្យកាលពីថ្ងៃអង្គារ។
គណបក្សសង្គ្រោះជាតិបានប្រកាសជាសាធារណៈថានឹងដឹកនាំធ្វើមហាបាតុកម្មប្រសិនណាបើអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង៥រូបនិងសកម្មជនគណបក្សម្នាក់ទៀតមិនត្រូវបានដោះលែងចេញពីពន្ធនាគារក្នុងពេលឆាប់ៗខាងមុខនេះទេ។
អ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង៥រូបរួមមាន លោកស្រី មួរ សុខហួរ លោក ហូរ វ៉ាន់ លោក រៀល ខេមរិន្រ្ទ លោក កែវ ភារម្យ និង លោក ម៉ែន សុថាវរិន្រ្ទ។ ចំណែក លោក អឿ ណារិទ្ធ ជំនួយការអ្នកស្រីមូរ សុខហួរ ម្នាក់ទៀតត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃពុធនេះ។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា អ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង៥រូបនិងលោក អឿ ណារិទ្ធ ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើសផ្សេងៗគ្នាគឺ៖ «ផ្តើមគំនិតធ្វើកុប្បកម្មខុសច្បាប់មាត្រាទី២៨និង ៤៥៩ ផ្តើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសតាមមាត្រាទី ២១៨ និងផ្តើមគំនិតញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រាទី ៤៩៥»។
កងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារនិងថ្ងៃពុធបានចាប់ខ្លួនអ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន៥រូបជាបន្តបន្ទាប់ រួចហើយយកទៅឃុំឃាំងនៅស្នងការប៉ូលិសក្រុងភ្នំពេញមួយយប់ ដោយមានដៃជាប់ខ្នោះទៅក្រោយ។
ការចាប់ខ្លួនអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបានកើតមានឡើងក្រោយពីមានការប៉ះទង្គិចដោយអំពើហិង្សាមួយនៅក្រៅបរិវេណទីលានប្រជាធិបតេយ្យដែលបានបណ្តាលឱ្យមានក្រុមសន្តិសុខរបស់ខណ្ឌដូនពេញនិងសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណជាង៥០នាក់បានរងរបួស។
តុលាការក្រុងភ្នំពេញក្រោយពីបានសាកសួរអស់រយៈពេលពេញមួយថ្ងៃបានចេញដីការសម្រេចឃុំខ្លួនអ្នកតំណាងរាស្ត្រទាំង៥រូបនិងជំនួយការម្នាក់របស់អ្នកស្រីមូរ សុខហួរដើម្បីរង់ចាំជំនុំជម្រះទោស។ ប្រសិនណាបើតុលាការរកឃើញថាមានទោសកំហុសតំណាងរាស្ត្រជាប់ឆ្នោតទាំងនោះអាចប្រឈមមុខជាប់ពន្ធនាគាររយៈពេលពី២០ទៅ៣០ឆ្នាំ។
វីដេអូ៖ មន្ត្រីទូតនិងមន្ត្រីអ.ស.ប.ជំរុញឲ្យដោះលែងតំណាងរាស្ត្រប្រឆាំង
នៅខាងក្រៅអគារតុលាការ មានប្រជាពលរដ្ឋនិងអ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិបានមកតវ៉ាដើម្បីឱ្យដោះលែងអ្នកតំណាងរាស្ត្រទាំងនោះ។ ការតវ៉ានេះបានធ្វើឡើងក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងមាំទាំ។
កងកម្លាំងមានសមត្ថកិច្ចប្រដាប់ដោយខែល ដំបងឆក់ កាំភ្លើងស្វ័យប្រវត្តិគ្រប់ដៃ និងរថយន្តបាញ់ទឹកបានដាក់ពង្រាយនៅពាសពេញបរិវេណអគារតុលាការហើយផ្លូវនៅជុំវិញនោះត្រូវបានបិទមិនអនុញ្ញាតឱ្យមានមនុស្សចូលក្នុងតុលាការទេ សូម្បីតែអ្នកកាសែតក៏ដោយ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិក្រោយពីបានធ្វើសន្និសីទកាសែតនៅទីស្នាក់ការបានដឹកនាំសមាជិកសភាជាប់ឆ្នោតនិងសមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី មកតវ៉ានៅខាងក្រៅអគារតុលាការ។
លោកកឹម សុខា និយាយថា៖ «ហើយបើតុលាការនេះហ៊ានសម្រេចចោទប្រកាន់ឃុំខ្លួនបេក្ខជនតំណាងរាស្ត្រយើងទាំង៥រូបគឺខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិប្រទេសម្ចាស់ជំនួយទាំងអស់ ប្រទេសហត្ថលេខីទីក្រុងបារីសទាំងអស់ សុំឱ្យពិចារណាដើម្បីកុំទទួលស្គាល់ហើយកុំជួយដល់រដ្ឋាភិបាល រំលោភច្បាប់ រដ្ឋាភិបាលខុសច្បាប់នេះ»។
នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានប្រកាសជាសាធារណៈថាការតវ៉ាដំបូងគឺតវ៉ាតាមរយៈនៅក្នុងស្រុកនិងអន្តរជាតិតែបើសិន មិនមានដំណោះស្រាយទេនោះជម្រើសចុងក្រោយនឹងមានមហាបាតុកម្មប្រឆាំងដើម្បីទាមទារឱ្យដោះលែងអ្នកតំណាងរាស្ត្រទាំងនោះ។
លោកនិយាយថា៖ «ហើយយើងគិតថាបើអស់ជម្រើសចុងក្រោយហើយ ជម្រើសចុងក្រោយរបស់យើងប្រហែលជាអាចបាតុកម្មហើយតែបាតុកម្មយ៉ាងណាវាទុកឱ្យគណបក្សជាអ្នកសម្រេច»។
អ្នកស្រីញ៉េប វន្នី អាយុ៥៧ប្រជាពលរដ្ឋនៅផ្តុំផ្សារអូរឬស្សីក្រុងភ្នំពេញបានរិះគន់ការចាប់ខ្លួនអ្នកតំណាងរាស្ត្រថាជាអំពើរំលោភច្បាប់។ អ្នកស្រីបានបញ្ជាក់ថាប្រជាពលរដ្ឋមិនសុខចិត្តទេចំពោះការចាប់ខ្លួននេះ។
អ្នកស្រីនិយាយថា៖ «តវ៉ាដើម្បីសេរីភាព ដើម្បីប្រជាជនយើងបានសេចក្តីសុខតែប៉ុណ្ណឹងទេ។ ខ្ញុំមិនទាមទារអ្វីទេក្រៅពីសុខហើយឱ្យប្រជាជនយើងសុខសាន្តគ្រប់គ្នាទាំងអស់គ្នាលើប្រទេសកម្ពុជាយើងហ្នឹង»។
លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ក្នុងអង្គសន្និសីទកាសែតថាបើទោះបីជាលោកមិនបានឆ្លើយចំនឹងសំណួរតែលោកបានអះអាងថារដ្ឋាភិបាលនឹងមានវិធានការទប់ស្កាត់ប្រសិនណាបើមានសកម្មភាពបាតុកម្ម៕