ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​ថា​មិន​អាច​ទៅ​ចរចា​ក្នុង​គុក​ដើម្បី​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ទេ


តំណាងរាស្ត្រ​ជាប់​ឆ្នោត​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​ប្រាំ​​រូប​​​និង​មន្ត្រី​​​បក្ស​​​ម្នាក់ ក្នុង​​​នោះ​​​​រួម​​​ទាំង​​​លោកស្រី មួរ សុខហួរ និង​​​លោក ហូរ​ វ៉ាន់​​​ផង ត្រូវ​​​បាន​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ផ្ដួចផ្ដើម​​​គំនិត​​​និង​​​ញុះញង់​​​ឱ្យ​​​ប្រព្រឹត្ត​​​អំពើ​​​ហិង្សា​​​នៅ​​​ល្ងាច​​​ថ្ងៃ​​​ពុធ​​​នេះ ចំពោះ​​​អំពើ​​​ហិង្សា​​​រវាង​​​បាតុករ​​​គណបក្ស​​​សង្គ្រោះជាតិ​​​និង​​​ក្រុម​​​កង​​​សន្តិសុខ​​​នៅ​​​ក្បែរ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពីថ្ងៃ​អង្គារ។

ការ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​ទំនង​ជា​នឹង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​កាន់​តែ​ជ្រៅ​បន្ទាប់​ពី​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប​កំពុង​ប្រឈម​នឹង​ការ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​ដ៏​ចម្រូង​ចម្រាសមួយ​នោះ។ នេះ​បើ​តាម​អ្នក​វិភាគ​នយោបាយ​នានា។

តំណាងរាស្ត្រ​ជាប់​ឆ្នោតគណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំរូប​និង​មន្ត្រី​បក្ស​ម្នាក់ ក្នុង​នោះរួម​ទាំង​លោកស្រី មួរ សុខហួរ និង​លោក ហូរ​ វ៉ាន់​ផង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ផ្ដួចផ្ដើម​គំនិត​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ចំពោះ​អំពើ​ហិង្សា​រវាង​បាតុករ​គណបក្ស​សង្គ្រោះជាតិ​និង​ក្រុម​កង​សន្តិសុខ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពីថ្ងៃ​អង្គារ។ អ្នក​ទាំង​៦រូប​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​នេះ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​ចរចា​នយោបាយ​ណា​មួយ​មិន​អាច​កើត​ឡើង​បាន​ទេ នៅ​ពេល​ដែល​សមាជិក​សំខាន់ៗ​របស់​ខ្លួន​ត្រូវ​បាន​ឃុំ​ឃាំង។

លោក​បន្ថែម​ថា៖ «យើង​មិន​អាច​ទៅ​អង្គុយជជែក​ចរចា​គ្នា​ស្មើ​ភាព​នៅ​ក្នុង​គុកព្រោះ​គ្នា​យើង​ដែល​នៅ​ក្នុង​គុក​សុទ្ធ​តែ​ថ្នាក់​ដឹកនាំ សមាជិក​អចិន្ត្រៃយ៍។ ក្នុង​ចំណោម​៥​រូប​ហ្នឹង​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ដឹកនាំ​នោះ​គឺ​បី​រូប​ទៅ​ហើយ។ មាន​ន័យ​ថា​ចាប់​ខ្លួន​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​យក​ទៅ​ដាក់​ឃុំ ហើយ​យើង​ទៅ​ចរចា​ក្នុងឃុំ​យ៉ាង​ម៉េច ព្រោះ​អ្នក​ទាំង​អស់​ហ្នឹង​ក៏​មាន​សិទ្ធិ​ផ្ដល់​យោបល់​ក្នុង​ការ​ចរចា។ អញ្ចឹង​បើ​ចាប់​មួយ​ចំនួន​យក​ទៅ​ឃុំ​ហើយ តើ​យើង​ទៅ​ចរចា​ត្រឹមត្រូវ​ទេ ហើយ​ការ​ចរចា​ហ្នឹង​មាន​តម្លៃ​ទេ?»

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​៥៥​អាសនៈ​ទល់​ហ្នឹង​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​អាសនៈ​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ដោយ​ចោទ​ប្រកាន់​ថាការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​មាន​ការ​លួច​បន្លំ​និង​មាន​ភាព​មិន​ប្រក្រតី​ច្រើន ហើយ​បាន​ដឹកនាំ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​លទ្ធផល​នេះ។​ ហើយ​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពី​បាន​ចាប់​ផ្តើម​ជា​បន្ត​បន្ទាប់​តាំង​ពី​ខែ​ចុង​កញ្ញា​ឆ្នាំ​២០១៣​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំង​នេះ ដែល​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​មក​ទល់​ពេល​នេះ។ ការ​ចរចា​បានវិវត្តន៍​ជា​វិជ្ជមាន​សន្សឹមៗ។ នៅ​ពេល​នេះ​គណបក្ស​ទាំង​ពីរ​នៅ​ខ្វែង​គំនិត​គ្នា​តែ​លើ​រូបមន្ត​នៃ​ការ​ជ្រើសរើស​សមាជិក​គណៈកម្មការ​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​ឃុំ​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​ធ្វើ​ឱ្យ​ដំណើរ​ចរចា​នេះ​នៅ​ជាប់​គាំង​ឬ​វិវត្តន៍​ថយ​ក្រោយ។

លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​សង្គម​ឯករាជ្យម្នាក់​យល់​ថា​ការ​ចោទ​ប្រកាន់​របស់​តុលាការ​មក​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​សម​ហេតុ​ផល​នោះ​ទេ ដោយ​ចង្អុល​ទៅ​លើ​ឥទ្ធិពល​នយោបាយ​សម្រាប់​ចោទ​ប្រកាន់​ដោយ​តក់​ក្រហល់​បែប​នេះ។ លោក កែម ឡី អះអាង​ថា​ការ​ឃាត់​ខ្លួន​និង​ចោទ​ប្រកាន់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ការ​ចរចា​នយោបាយ​នេះ​នៅ​ជាប់​គាំង​ទេ ថែម​ទាំង​បង្ហាញ​ពី​ការ​សឹករិចរិល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។

«ជា​រួម​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ដំណើរការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​សភា​ជាតិ​ទាំង​មូល ដោយ​សារ​តែ​ខ្ញុំ​ឃើញ​លិខិត​របស់​ហេង សំរិន បញ្ជាក់​អំពី​សុពលភាព​

បញ្ជាក់​អំពី​អភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​ទាំង​១២៣​រូប ហើយ​មាន​ឈ្មោះ​តំណាងរាស្ត្រ​ទាំង​អស់​ហ្នឹង ដើម្បី​បង្គ្រប់​ឱ្យ​គណបក្ស​ប្រជាជន​មាន​សុពលភាព មាន​តំណាងរាស្ត្រ​គ្រប់គ្រាន់។ ប៉ុន្តែ​ស្រាប់​តែ​មាន​ការ​ចាប់​សួរ​នាំ​និង​ឃាត់​ខ្លួន ដោយ​មិន​មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ​និង​មិន​មាន​ជា​បទល្មើស​ជាក់​ស្តែង​ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​កំពុង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ»។

ប៉ុន្តែ​លោក កែវ រ៉េមី ​អនុ​ប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស បាន​អះអាង​ថា​អ្នក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​អភ័យ​ឯកសិទ្ធិ​ទៀត​នោះ​ទេ បន្ទាប់​ពី​ខ្លួន​បដិសេធ​មិន​ចូល​ប្រជុំ​សភា​នោះ ដូច្នេះ​ការ​ឃាត់​ខ្លួន​នេះ​ជា​ការ​ស្រប​ច្បាប់។​

លោក កែវ រ៉េមី ជឿជាក់​ថា​ការ​ចាប់​ខ្លួន​នេះ​មិន​ប៉ះពាល់​ដល់​ការ​ចរចា​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ទេ។

«ទាក់ទង​ការ​ចាប់​នេះ​គឺ​អត់​មាន​ប៉ះពាល់​ដល់​ការ​ចរចា​អ្វី​ទេ ជំរុញ​ការ​អនុវត្ត​នីតិរដ្ឋ អ្នក​ណា​ប្រព្រឹត្ត​បទ​ល្មើស យើង​នឹង​ដាក់​វិន័យ​តឹង​ណាស់។ ប្រសិន​បើ​ចេះ​តែ​សម្រួល​ឱ្យ​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ ចេះ​តែ​ឱ្យ​រួច​ខ្លួន​រហូត វា​ទៅ​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ហើយ ឬ​បំពាន​អ្វី​មួយ​រួច​រត់​ទៅ​ចូល​គណបក្ស​ប្រឆាំង​រួច​ខ្លួន​នោះ យើង​មិន​អាច​ធ្វើ​អញ្ចឹង​បាន​ទៀត​ទេ»។

វីអូអេ សំឡេង​សហរដ្ឋ​អាមេរិក បាន​ព្យាយាម​ស្នើ​សុំ​មតិ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ស្ថានទូត​ជប៉ុន និង​សហគមន៍​អឺរ៉ុប ជុំ​វិញ​ការ​ឃុំ​ខ្លួន​និង​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​មាន​តែ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​តប។

តប​ហ្នឹង​សំណួរ​របស់​វីអូអេ ​ខេមរភាសា​នៅ​ថ្ងៃ​ពុធ​នេះ លោក John Simmons អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អំពើ​ហិង្សា​នៅ​សួន​ប្រជាធិបតេយ្យ​កាល​ពី​ម្សិល​មិញ​និង​បាន​ទទូច​ឱ្យ​មាន​ការ​ដោះលែង​លោកស្រី មួរ សុខហួរ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ស្មារតី​ផ្សះផ្សា​នយោបាយ​នៃ​ប្រទេស​នេះ។

លោក John Simmons ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា«ដំណើរ​វិវត្តន៍​ទៅ​រក​ដំណោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​នា​ពេល​បច្ចុប្បន្ន​អាច​ធ្វើ​បាន​តាម​រយៈ​ការ​ពិភាក្សា​ដោយ​សន្តិវិធី​និង​ស្ថាបនា​ប៉ុណ្ណោះ»៕

XS
SM
MD
LG