ព្រះរាជអាជ្ញាកម្ពុជាបានចោទប្រកាន់សមាជិកសភាជាប់ឆ្នោត៥នាក់របស់គណបក្សប្រឆាំងពីការបះបោរហើយនឹងញុះញង់ឲ្យមានអំពើហិង្សាមួយថ្ងៃបន្ទាប់ពីការតវ៉ាប្រឆាំងក្នុងរាជធានីបានក្លាយជាអំពើហិង្សា។ ការប៉ះទង្គិចកាលពីថ្ងៃអង្គារបានចាប់ផ្តើម បន្ទាប់ពីសមាជិកសភាជាប់ឆ្នោតមួយក្រុមរបស់គណបក្សប្រឆាំងនិងពួកអ្នកគាំទ្ររបស់ខ្លួន បានព្យាយាមចូលទីលានសាធារណៈក្នុងរាជធានីដែលពួកអាជ្ញាធរបានបិទខ្ទប់អស់រយៈពេលជាច្រើនខែ។
ពួកសកម្មជនសិទ្ធិមនុស្សនិងអ្នកកាសែត ដែលមានវត្តមាននៅកន្លែងតវ៉ាប្រឆាំងកាលពីថ្ងៃអង្គារ និយាយថា អំពើហិង្សាបានផ្ទុះឡើង បន្ទាប់ពីពួកឆ្មាំការពារសន្តិសុខខណ្ឌបានព្យាយាមបំបែកដោយប្រើហិង្សាប្រឆាំងពួកអ្នកគាំទ្ររបស់គណបក្សប្រឆាំងរាប់រយនាក់នៅខាងក្រៅទីលានប្រជាធិបតេយ្យកណ្តាលរាជធានីភ្នំពេញ។
បន្ទាប់មក អំពើហិង្សាបានរីកកាន់តែធំឡើង បន្ទាប់ពីពួកបាតុករបានវាយបកប្រឆាំងពួកកងសន្តិសុខវិញ ដោយដេញតាម ហើយបានវាយតប់ពួកគេជាច្រើននាក់។
រូបភាពកាសែតវីដេអូពីការប៉ះទង្គិចគ្នាបានបង្ហាញថា អំពើហិង្សាដ៏ព្រៃផ្សៃបានប្រព្រឹត្តធ្វើទៅលើកងសន្តិសុខខ្លះ។ កងសន្តិសុខយ៉ាងហោចណាស់ក៏ម្នាក់ដែរ បានត្រូវវាយចំក្បាល ដោយដុំថ្ម កងសន្តិសុខផ្សេងទៀតបានត្រូវវាយនឹងដំបងរបស់ខ្លួនឯង។ មនុស្សជាង៥០នាក់ បានរងរបួស ភាគច្រើន ជាកងការពារសន្តិសុខខ័ណ្ឌ។
រដ្ឋាភិបាល ស្តីបន្ទោសពួកគណបក្សប្រឆាំងចំពោះអំពើហិង្សានេះ។ នៅឯសន្និសិទកាសែតកាលពីថ្ងៃពុធ អ្នកនាំពាក្យរដ្ឋាភិបាល កែវ រ៉ាមី បានអះអាងថា តាមរូបភាពដែលបានចុះផ្សាយក្នុងបណ្តាញសង្គមFacebookបានបង្ហាញថា សកម្មជនរបស់គណបក្សប្រឆាំង បានរៀបចំផែនការប្រើអំពើហិង្សាជាមុន។
សំឡេងដែលអស់លោក អ្នក អាចឮ ជាអ្នកបកប្រែរបស់រដ្ឋាភិបាល។
«ប្រសិនបើ អស់លោក អ្នក មើលលក្ខណៈនៃអំពើហិង្សា វាព្រៃផ្សៃបំផុត វា អមនុស្សធម៌បំផុត។ គណបក្សសង្គ្រោះជាតិ ចោទប្រកាន់រាជរដ្ឋាភិបាលពីការចាប់ផ្តើមអំពើហិង្សា ក៏ប៉ុន្តែ នេះជាការបំផ្លើសពិតប្រាកដ។ ប្រសិនបើ នេះជាការពិត ដូច្នេះ យើង អាចឃើញការពិតជាក់ស្តែងថា ពួករដ្ឋអំណាច កងសន្តិសុខខ័ណ្ឌ មានអ្នករងរបួសជាច្រើន ហើយខាងសកម្មជនគណបក្សសង្គ្រោះជាតិ ពួកគេ គ្មានអ្នករបួសទាល់តែសោះ ដូច្នេះ យើង អាចមើលឃើញ ថាតើនរណា បានចាប់ផ្តើមអំពើហិង្សានេះ»។
លោក កែវ រ៉េមី បាននិយាយបន្តទៀតថា រដ្ឋាភិបាល នឹងកាត់ទោសអ្នកដែលទទួលខុសត្រូវអំពើហិង្សាទាំងនោះ។
«យើង ធានាអះអាងថា យើង នឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីនាំយកពួកមេដឹកនាំ ជនប្រព្រឹត្តបទល្មើសទាំងនោះ ឲ្យទទួលខុសត្រូវនៅមុខច្បាប់»។ កាលពីថ្ងៃអង្គារ ពួកអាជ្ញាធរ បានចាប់ខ្លួនសមាជិកសភាជាប់ឆ្នោត៤នាក់របស់គណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យហើយ បានឃុំខ្លួនពួកគេអស់រយៈពេលមួយយប់។ កាលពីយប់ថ្ងៃពុធ សមាជិកសភាជាប់ឆ្នោតទាំង៤នាក់នោះ និងសមាជិកសភាជាប់ឆ្នោតម្នាក់ទៀត ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធនិងបុគ្គលិកគណបក្សប្រឆាំងម្នាក់ទៀត បានរងការចោទប្រកាន់ពីការបះបោរនិងការញុះញង់ឲ្យមានអំពើហិង្សា។ ឥឡូវនេះ មនុស្ស៦នាក់ ប្រឈមការជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
អង្គការសិទ្ធិមនុស្ស LICADHO បានប្រាប់ឲ្យដឹងថា អ្នកទាំង៦នាក់នោះ នឹងត្រូវឃុំខ្លួនមុនពេលកាត់ទោសនៅក្នុងគុកព្រៃសខាងក្រៅរដ្ឋធានី ដែលពោរពេញទៅដោយពួកអ្នកទោស។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានថ្កោលទោសការចោទប្រកាន់នេះ ហើយបានស្តីបន្ទោសគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ចំពោះការបណ្តែតបណ្តោយឲ្យកងសន្តិសុខរបស់ខ្លួនវាយប្រហារលើពួកបាតុករ ដែលធ្វើបាតុកម្មដោយសន្តិវិធី។
«ទី២ ពួកគេ ចាប់ខ្លួនសមាជិកសភាជាប់ឆ្នោតដែលមានអភ័យឯកសិទ្ធ វា ជាការប្រឆាំងរដ្ឋធម្មនុញ្ញ។វា ជាការប្រឆាំងនឹងច្បាប់។ដូច្នេះ យើង ទាមទារឲ្យដោះលែងសហការីរបស់យើងដែលជាសមាជិកសភាជាប់ឆ្នោតដោយគ្មានលក្ខខណ្ឌ ពីព្រោះ ពួកគេ មិនបានធ្វើអ្វីខុសទេ»។
ភាពមិនចាញ់មិនឈ្នះរវាងរដ្ឋាភិបាលនិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង មានអស់រយៈពេលជិតមួយឆ្នាំ។ វា បានចាប់ផ្តើមបន្ទាប់ពីការបោះឆ្នោតទូទៅកាលពីខែកក្កដាឆ្នាំទៅ ដែលបានឃើញថា គណបក្សប្រឆាំង បានកើនឡើងនូវសន្លឹកឆ្នោតយ៉ាងសម្បើម ដោយឈ្នះបានអាសនៈសភាចំនួន៥៥នៃអាសនៈសភាទាំងអស់ចំនួន១២៣។
ចាប់តាំងពីពេលនោះមក គណបក្សប្រឆាំង បានអះអាងថា ការលួចបន្លំសន្លឹកឆ្នោតដោយគណបក្សប្រជាជនកម្ពុជា CPP បានធ្វើឲ្យខ្លួនបាត់បង់ជ័យជម្នះ។ ថ្វីបើ មានការចរចាអស់រយៈពេលជាច្រើនខែ គណបក្សទាំង២ មិនបានឈោងដល់ការព្រមព្រៀង ដោយគណបក្សប្រឆាំង បានបដិសេធពុំព្រមទទួលអាសនៈ៥៥នៅក្នុងសភាជាតិដែលសមាជិកសភាជាប់ឆ្នោតរបស់ខ្លួន មានសិទ្ធិទទួលបាន។ ខណៈដែល កងកម្លាំងសន្តិសុខខ័ណ្ឌ បានរងគ្រោះច្រើនកាលពីថ្ងៃអង្គារ ការណ៍នេះមួយផ្នែក ពីព្រោះតែប៉ូលីសប្រឆាំងកុប្បកម្មប្រដាប់ដោយអាវុធកម្មស្ថិតនៅខាងក្រោយរបងលួសបន្លាដែលឡោមព័ទ្ធទីលានប្រជាធិបតេយ្យ ភាគច្រើន មិនបានចូលជួយពួកគេទេ។
កាលពីការប៉ះទង្គិចមុនៗគឺ កងកម្លាំងសន្តិសុខខ័ណ្ឌ ដែលប្រព្រឹត្តការវាយដំដោយដំបងឆក់ របារដែក និងដំបងឆក់លើពួកបាតុករ អ្នកឈរមើលនិងបុគ្គលិកបណ្តាញផ្សាយព័ត៌មាន។ កាលពីខែឧសភា ទាំងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជាបានថ្កោលទោសរលកនៃការវាយប្រហារលើបុគ្គលិកសារព័ត៌មានដែលគ្មានរករឿងអ្នកណានោះ។
ទោះជាយ៉ាងណាក៏ដោយ ការតវ៉ាប្រឆាំងផ្សេងទៀត រហូតមកទល់ពេលនេះ មានអំពើហិង្សាកាន់តែខ្លាំងឡើង។ មនុស្សយ៉ាងហោចណាស់ក៏៨នាក់ដែរជាកម្មកររោងចក្រ និងអ្នកឈរមើលបានត្រូវកងអាវុធហត្ថជាតិបាញ់សម្លាប់នៅក្នុងការប៉ះទង្គិចក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ ថ្វីបើក្រសួងមហាផ្ទៃប្រាប់ឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតរឿងក្តីទាំងនោះ ខ្លួនមិនទាន់បានចេញផ្សាយការរកឃើញ ឬការចោទប្រកាន់ណាមួយរបស់ខ្លួនលើអ្នកដែលបានសម្លាប់នោះទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន