ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេរ្តិ៍​ដំណែល​របស់​អតីត​ប្រធានាធិបតី George H.W. Bush មាន​លក្ខណៈ​ស្មុគស្មាញ​ដោយសារ​នយោបាយ​បែកបាក់


មនុស្សម្នា​ចេញ​មក​បង្ហាញ​ការ​គោរព​ដល់​លោក​អតីត​ប្រធានាធិបតី George H.W. Bush កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។
មនុស្សម្នា​ចេញ​មក​បង្ហាញ​ការ​គោរព​ដល់​លោក​អតីត​ប្រធានាធិបតី George H.W. Bush កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

នៅ​ឯ​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​អតីត​ប្រធានាធិបតី George H.W. Bush លោក​ប្រវត្តិវិទូ John Meacham បាន​កត់​សម្គាល់​ថា ប្រវត្តិ​របស់​លោក​ប្រធានាធិបតី​ទី ៤១ រូប​នេះ នៅ​ក្នុង​ការ​ដឹកនាំ​សហរដ្ឋ​អាមេរិក​គឺ​ធ្វើ​ឡើង​ដោយ​មាន​មហិច្ឆតា​ពិត​ប្រាកដ​ភ្ជាប់​ជាមួយ។

លោក John Meacham ដែល​ជា​អ្នក​កត់ត្រា​ជីវប្រវត្តិ​របស់​លោក George H.W. Bush និយាយ​ដូច្នេះ​ថា៖ «ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​អាមេរិក លោក​ត្រូវតែ​ឈ្នះ។ ដើម្បី​ដឹកនាំ​សហរដ្ឋ​អាមេរិក លោក​ត្រូវ​តែ​ឈ្នះ។ លោក​ធ្លាប់​ទទួល​ស្គាល់​ថា នយោបាយ​មិន​មែន​ជា​កិច្ចការ​ស្អាត​បរិសុទ្ធ​នោះ​ទេ ទោះបីជា​អ្នក​មិន​ចង់​ឈ្នះ​ក៏​ដោយ‍»។

ដើម្បី​ឈ្នះ​តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ១៩៨៨ ក្រុម​របស់​លោក George H.W. Bush បាន​បង្កើត​គំរូ​យុទ្ធនាការ​អវិជ្ជមាន​មួយ ដែល​អ្នក​រិះគន់​និយាយ​ថា បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច និង​មាន​លក្ខណៈ​ប្រកាន់​ពូជ​សាសន៍​នៅ​ពេល​នោះ។

ការ​ផ្សព្វផ្សាយ​អំពី «Willie Horton‍» ដ៏​អាក្រក់ បាន​ធ្វើ​ឡើង​ដោយ​ក្រុម​មួយ​ដែល​គាំទ្រ​លោក Bush នៅ​ក្នុង​ការ​ពង្រឹង​ផ្នត់​គំនិត​ដែល​ចាត់​ទុក​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ថា​ជា​ឧក្រិដ្ឋជន​គ្រោះថ្នាក់។

លោក Allan Lichtman ប្រវត្តិវិទូ​នយោបាយ​នៃ​សាកលវិទ្យាល័យ American University និយាយ​ថា៖ «ករណី​នេះ​បាន​បង្កើត​ជា​ការ​នាំ​មុខ​មួយ​សម្រាប់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​បង្ក​ការ​ភ័យ​ខ្លាច​បែប​ពូជ​សាសន៍ នៅ​ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​នៅ​ក្នុង​ប្រទេស និង​នៅ​ក្នុង​ការ​ព្យាយាម​កេង​ប្រវ័ញ្ច​លើ​អារម្មណ៍​អន្ទះអន្ទែង​របស់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស‍»។

ជាង​នេះ​ទៀត ដើម្បី​គៀងគរ​ការ​គាំទ្រ​របស់​ពួក​អភិរក្ស​និយម​នៅ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​នៅ​ឯ​សន្និបាត​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ ១៩៨៨ លោក Bush ដែល​ប្រកាន់​ផ្លូវ​កណ្ដាល បាន​សន្យា​យ៉ាង​ច្បាស់លាស់ យ៉ាង​ដូច្នេះ​ថា៖ «សូម​ស្ដាប់​ឲ្យ​បាន​ច្បាស់​ថា មិន​មាន​ការ​យក​ពន្ធ​ថ្មី​ទៀត​ទេ‍»។

ប៉ុន្តែ បន្ទាប់ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​មក លោក Bush បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​អ្នក​ស្ថាបនា​ការ​បង្រួបបង្រួម​គ្នា ហើយ​ក្រោយ​មក​បាន​ក្បត់​ពាក្យ​សន្យា​របស់​លោក​ដែល​ថា​មិន​យក​ពន្ធ​ថ្មី ដោយសារ​លោក​ចង់​សម្រេច​ឲ្យ​បាន​នូវ​ការ​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​លើ​រឿង​ថវិកា ដើម្បី​ដោះស្រាយ​បញ្ហា​ឱនភាព។ នេះ​ជា​វិធានការ​មួយ​ដែល​ធ្វើ​ឲ្យ​លោក​មាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​នឹង​ចលនា​អភិរក្ស​និយម​នៅ​ក្នុង​ជួរ​គណបក្ស​របស់​លោក។

មួយ​វិញ​ទៀត ការ​ប្រឹងប្រែង​របស់​លោក Bush នៅ​ក្នុង​ការ​ពង្រឹង​សម្ព័ន្ធ​ភាព និង​នៅ​ក្នុង​ការ​បង្កើត​សហរដ្ឋ​អាមេរិក​ឲ្យ​ក្លាយជា​មេដឹកនាំ​នៃ​របៀបរបប​ពិភពលោក​ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់ មាន​លក្ខណៈ​ផ្ទុយ​ពី​វោហារសាស្ត្រ​ផ្ដល់​អាទិភាព​លើ​សហរដ្ឋ​អាមេរិក​មុន​របស់​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក Donald Trump និង​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក Trump នៅ​ក្នុង​ការ​ដក​ទាហាន​អាមេរិកាំង​ដែល​ឈរ​ជើង​នៅ​ក្រៅ​ប្រទេស។

លោក Tom DeFrank អ្នក​សរសេរ​អត្ថបទ​ជូន​ទស្សនាវដ្ដី National Journal បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា លោក George H.W. Bush ដែល​ជា​ប្រធានាធិបតី​ទី ៤១ របស់​សហរដ្ឋ​អាមេរិក ពិតជា​មាន​ការ​លំបាក​ចិត្ត​ផ្ទាល់​ខ្លួន​អំពី​ការណ៍​ដែល​គណបក្ស​សាធារណរដ្ឋ​ដ៏​គួរ​ឲ្យ​គោរព​របស់​លោក​បាន​បង្វែរ​ទិសដៅ​គោល​នយោបាយ​ពី​បែប​អភិរក្ស​និយម​ទៅ​ជា​ស្ដាំ​និយម​ជ្រុល‍»។

បន្ទាប់ពី​យោធា​សហរដ្ឋ​អាមេរិក​បាន​ទទួល​ជ័យជំនះ​លើ​ការ​បណ្ដេញ​កង​ទ័ព​អ៊ីរ៉ាក់​ចេញ​ពី​ប្រទេស​កូវ៉ែត​កាល​ពី​ឆ្នាំ ១៩៩១ មក អត្រា​នៃ​ការ​គាំទ្រ​លោក Bush បាន​កើន​ឡើង​ជិត ៩០ ភាគរយ។

ប៉ុន្តែ គារ​គាំទ្រ​លោក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្ដើម​ធ្លាក់​ចុះ នៅ​ពេល​ដែល​មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា មេដឹកនាំ​មិន​សូវ​មាត់​ករ​រូប​នេះ​មិន​បាន​ខ្វាយខ្វល់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ធម្មតា​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ពេល​នោះ។

នៅ​ក្នុង​ឆ្នាំ ១៩៩២ លោក Bush បាន​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​អាណត្តិ​បន្ទាប់ ដោយ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Bill Clinton ជា​អ្នក​ទទួល​បាន​ជ័យជម្នះ។ ប៉ុន្តែ កាយវិការ​សមរម្យ និង​អត្តចរិត​របស់​លោក​នៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ការ​បរាជ័យ​នេះ និង​រយៈពេល​ក្រោយ​លោក​បញ្ចប់​តំណែង​ជា​ប្រធានាធិបតី​បាន​បង្កើន​កេរ្តិ៍​ដំណែល​របស់​លោក​យ៉ាង​ខ្លាំង។

លោក George W. Bush ប្រធានាធិបតី​អាមេរិក​ទី ៤៣ និង​ត្រូវ​ជា​កូន​ប្រុស​របស់​លោក George H.W. Bush និយាយ​ដូច្នេះ​ថា៖ «លោក George H.W. Bush បាន​ទទួល​ស្គាល់​ថា ការ​បរាជ័យ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ដ៏​មាន​ន័យ ប៉ុន្តែ​វា​បាន​បង្រៀន​យើង​មិន​ឲ្យ​កំណត់​ដោយ​ការ​បរាជ័យ​នេះ‍»។

លោក George H.W. Bush បាន​ក្លាយ​ជា​រដ្ឋ​បុរស​វ័យ​ចំណាស់​ដ៏​គួរ​ឲ្យ​គោរព​មួយ​រូប ដែល​ត្រូវ​គេ​បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​ឆាក​នយោបាយ និង​ជា​មនុស្ស​ម្នាក់​ដែល​បាន​បង្កើត​មិត្តភាព​ជិតស្និទ្ធ​ជាមួយ​នឹង​លោក Bill Clinton ដែល​ជា​អតីត​គូ​ប្រជែង​តំណែង​ប្រធានាធិបតី​របស់​លោក ដោយ​លោក​ទាំង​ពីរ​បាន​ធ្វើ​ការ​ជាមួយ​គ្នា បន្ទាប់ពី​មាន​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូណាមិ​កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៤ នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​មក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG