ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​សព​លក្ខណៈ​ឯកជន​ត្រូវ​រៀបចំ​ឡើង​សម្រាប់​សព​អតីត​ប្រធានាធិបតី​អាមេរិក​លោក George H. W. Bush


រូបឯកសារ៖ អតីត​ប្រធានាធិបតី​អាមេរិក​លោក George Herbert Walker Bush

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​អាមេរិក ៥ រូប បាន​មក​ចូលរួម​ពិធី​បុណ្យ​សព​របស់​លោក​អតីត​ប្រធានាធិបតី George H. W. Bush នៅ​មហា​ព្រះ​វិហារ​គ្រិស្ត​សាសនា​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្រុម​គ្រួសារ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក George Herbert Walker Bush នឹង​រៀបចំ​ពិធី​បុណ្យ​សព​ជា​លក្ខណៈ​ឯកជន​ជូន​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ទីក្រុង Houston រដ្ឋ Texas ដែល​ជា​ទីក្រុង​ ដែល​លោក​ចាត់ទុក​ថា​ជា​ ស្រុក​កំណើត។

យន្តហោះ​ដែល​ដឹក​សព​របស់​លោក George H. W. Bush ពី​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Houston កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​សព​របស់​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រះ​វិហារ​គ្រិស្ត​សាសនា St. Martin's Episcopal។ នៅ​ទី​នោះ សព​របស់​លោក​ត្រូវ​តម្កល់​មួយ​យប់ ដូច្នេះ​សាធារណជន​អាច​មក​មើល​សព​របស់​លោក។

បន្ទាប់ពី​ពិធី​បុណ្យ​សព​ជា​លក្ខណៈ​ឯកជន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បញ្ចប់​ទៅ សព​របស់​លោក George H. W. Bush នឹង​ត្រូវ​បញ្ជូន​តាម​រថភ្លើង​ពិសេស​ចម្ងាយ ១២០ គីឡូម៉ែត្រ​ទៅ​កាន់​ទីក្រុង College Station នៅ​ភាគ​ខាង​ជើង ដើម្បី​បញ្ចុះ​សព​របស់​លោក​នៅ​ឯ​បណ្ណាល័យ​ប្រធានាធិបតី​ក្នុង​បរិវេណ​សាកលវិទ្យាល័យ Texas A&M។

សព​របស់​លោក​នឹង​ត្រូវ​បញ្ចុះ​ជិត​សព​របស់​ភរិយា​លោក​គឺ​លោកស្រី Barbara ដែល​បាន​ស្លាប់​កាល​ពី​ដើម​ឆ្នាំ​នេះ និង​សព​កូន​ស្រី​របស់​លោក​ឈ្មោះ Robin ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ឈាម​កាល​ពី​នៅ​ក្មេង។ លោក Goerge H. W. Bush និង​ភរិយា​របស់​លោក​បាន​រួម​រស់​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​បាន ៧៣ ឆ្នាំ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​អាមេរិក ៥ រូប បាន​មក​ចូលរួម​ពិធី​បុណ្យ​សព​របស់​លោក​អតីត​ប្រធានាធិបតី George H. W. Bush នៅ​មហា​ព្រះ​វិហារ​គ្រិស្ត​សាសនា​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក George H. W. Bush បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ក្នុង​ជន្មាយុ ៩៤ ឆ្នាំ នៅ​ក្នុង​រដ្ឋ Texas៕

XS
SM
MD
LG