ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ប្រារព្ធ​ពិធី​បុណ្យសព​អតីតប្រធានាធិបតី​លោក George H. W. Bush


រូបឯកសារ៖ អតីត​ប្រធានាធិបតី លោក George H.W. Bush
រូបឯកសារ៖ អតីត​ប្រធានាធិបតី លោក George H.W. Bush

​លោក Bush​ គឺ​ជាមនុស្សម្នាក់​ពូកែ​តាំង​ពី​កើត​រហូត​ដល់​ស្លាប់​ទៅវិញ។ លោក​គឺ «​មនុស្ស​ឧត្តុងឧត្តម​ម្នាក់»។

សហរដ្ឋអាមេរិក​បាន​ប្រារព្ធ​ពិធី​បុណ្យ​សព​ថ្នាក់​រដ្ឋ​លា​គ្នា​ជាលើក​ចុងក្រោយ​សម្រាប់អតីត​ប្រធានាធិបតី លោក George H.W. Bush នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​មាន​ការ​ចូលរួម​ពី​អ្នកនយោបាយ​អាមេរិកាំង​ថ្នាក់​កំពូលៗ​ ក៏​ដូចជា ​វត្តមាន​របស់​អតីត​មេដឹកនាំ​នានា​នៅជុំវិញ​ពិភពលោក។

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នានា​មាន​ដូចជា លោក Jimmy Carter លោកBill Clinton និង​លោក Barack Obama រួមទាំង​ប្រធានាធិបតីនាពេល​បច្ចុប្បន្ន​លោក Donald Trump ក៏​បាន​ចូលរួម​ពិធីបុណ្យសព​លោក Bushដែល​ត្រូវ​បាន​រៀបចំឡើង​នៅឯ​ព្រះវិហារជាតិ​កាតូលិក National Cathedral ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ផងដែរ។

អតីតប្រធានាធិបតី លោកGeorge W. Bush ដែល​ជា​កូនប្រុស​របស់​លោកGeorge H.W. Bush បាន​ថ្លែង​ទៅកាន់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យសព​របស់ឪពុកលោក​នៅ​ឯវិហារជាតិកាតូលិក​ថា«ឳពុក​របស់ខ្ញុំ​បាន​បង្រៀន​ពួកយើង​ឲ្យ​ដឹងថា សេវាសាធារណៈ​មាន​សារៈសំខាន់​និង​ចាំបាច់​បំផុត។ លោក​បាន​លះបង់​ទាំងកាយ​និង​ចិត្ត​ដើម្បី​បម្រើ​ប្រទេសជាតិ»។

លោក Trump មិន​បាន​ថ្លែង​អ្វី​នៅក្នុង​ពិធីបុណ្យសព​នេះ​ទេ​ ប៉ុន្តែ​លោក​បាន​បង្ហោះសារ​នៅ​លើ Twitter កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ពិធីបុណ្យសព​ថា​ លោក​នឹង​ចូលរួម​ពិធី​បុណ្យសព​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​លោក Bush។ នេះ​មិនមែន​ជា​បុណ្យសព​ទេ​ ប៉ុន្តែ​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​អបអរ​ដល់​បុរស​ដ៏​អស្ចារ្យ​ និង​ប្រកប​ដោយ​កិតិ្តយស​ម្នាក់។ «យើង​នឹង​ចងចាំ​រូបលោក​ជានិច្ច»។

លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ព្រះអង្គម្ចាស់​ចក្រភពអង់គ្លេសPrince Charles សេ្តច​ប្រទេសហ្ស៊កដានី King Abdullah និង​ប្រធានាធិបតី​ប្រទេសប៉ូឡូញ ​លោក Andrzej Duda ក៏​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ប្រទេសផ្សេងៗ​ទៀត​ចូលរួម​ពិធីបុណ្យសព​លោកអតីតប្រធានាធិបតី​អាមេរិក​ទី៤១រូបនេះ ​ដែល​បាន​ទទួល​មរណភាព​កាល​ពី​សប្តាហ៍មុន​ក្នុង​ជន្មាយុ៩៤ឆ្នាំ។

អតីត​នាយករដ្ឋមន្រ្តី​ប្រទេសកាណាដា​លោក Brian Mulroney អតីតសមាជិក​ព្រឹទ្ធសភា លោកAlan Simpson និង​អ្នកប្រវត្តិវិទូ​លោក Jon Meacham ដែល​ជា​អ្នកសរសេរ​អំពី​ប្រវត្តិរូប​របស់​លោក Bush បានឡើង​ថ្លែង​វិយោគកថា ​សរសើរ​ចំពោះ​ស្នាដៃ​របស់​លោក Bushផងដែរ។ លោកMulroney ដែល​ជា​អតីតមេដឹកនាំ​ប្រទេសកាណាដា​កាល​នៅ​ជំនាន់​លោក Bush កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ពី​ឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩៣បាន​ថ្លែង​ថា​ នៅក្នុង​ប្រវត្តិសាស្រ្តអាមេរិក​លោក​មិនជឿ​ថា​មាន​ប្រធានាធិបតី​ណា​ដែលមានសេចក្តីក្លាហាន ​មានគោលការណ៍ ​និង​គួរ​ឲ្យ​គោរព​ជាង​លោក George Herbert Walker Bush នេះ​នោះទេ»។

លោក​អតីតសមាជិក​ព្រឹទ្ធសភា Simpsonបាន​រឮក​អំពី​មិត្តភាព​ដ៏​យូរអង្វែង​រវាង​លោក និង​លោក Bush ដោយ​លោក​បាន​ថ្លែង​ថា ​លោក Bush​ គឺ​ជា ​មនុស្សម្នាក់​ពូកែ​តាំង​ពី​កើត​រហូត​ដល់​ស្លាប់​ទៅវិញ។ លោក​គឺ «​មនុស្ស​ឧត្តុងឧត្តម​ម្នាក់»។ ចំណែកឯ​លោក Meacham បាន​ចាត់ទុក​លោក Bush ជា​ទាហាន​ដ៏​អស្ចារ្យ​ចុងក្រោយ​ម្នាក់​របស់​អាមេរិក។ លោក​បាន​ថ្លែង​ថា​ជីវិត​របស់​លោក Bushបាន​លះបង់​សម្រាប់​បេសកកម្ម​ដ៏​សំខាន់​នៅពេល​លោក​បម្រើ​ការងារ​ជាអ្នកបើកយន្តហោះ​ចម្បាំង​នៅពេល​លោក​មាន​អាយុ២០ឆ្នាំ។ លោក​គឺ​ជា​មនុស្ស​តែ​ម្នាក់គត់​ដែល​បាន​រួច​ពី​ការចាប់​ខ្លួនឬ​សម្លាប់​ដោយ​ទាហានជប៉ុន​នៅ​អំឡុង​សង្គ្រាម​លោក​លើកទី២​នៅ​តំបន់​ប៉ាស៊ីហ្វីក​កាល​ពី​ឆ្នាំ១៩៤៤។

ចាប់តាំង​ពី​ថ្ងៃដែល​លោក​បាន​ស្លាប់ លោក Bush ​ត្រូវ​បាន​គេ​ចង់ចាំ​អំពី​វីរភាព​របស់​លោក នៅពេល​លោក​បម្រើ​ការងារ​ជា​អ្នកបើកយន្តហោះ ជា​ដឹកនាំ​វេទិកាពិភពលោក​នៅពេល​ដែល​សហភាព​សូវៀត​បាន​ដួលរលំ និង​ការរួមបញ្ចូល​គ្នា​រវាង​អាល្លឺម៉ង់​ខាងកើត​និង​អាល្លឺម៉ង់​ខាងលិច​កាល​ពីដើមទសវត្សរ៍ ១៩៩០ និង​ភាពសប្បុរស​របស់​លោកទាំង​ក្នុងជីវិតផ្ទាល់ខ្លួន​ និង​ដល់​សាធារណៈ។

រថយន្ត​បាន​ដឹក​មឈូស​ដែល​មាន​គ្រប​ទង់ជាតិ​អាមេរិក​ចេញ​ពី​វិមាន​រដ្ឋសភា​ឆ្ពោះទៅ​វិហារជាតិ​កាតូលិក National Cathedral​ ដែល​កន្លែង​សម្រាប់​រៀបចំ​ពិធីបុណ្យសព​របស់​លោក Bush បន្ទាប់​ពី​សព​របស់​លោក​ត្រូវ​បាន​កម្កល់ទុក​នៅ​កណ្តាល​វិមានរដ្ឋសភា​អាមេរិក​តាំង​ពី​យប់​ថ្ងៃចន្ទ​មក​ ដែល​មាន​មនុស្ស​រាប់ពាន់នាក់​បានចូល​គោរពវិញ្ញាណក្ខន្ឌ​លោក​ជា​លើកចុងក្រោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG