ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Poroshenko៖ បាតុកម្ម​ហិង្សា​ដោយ​ពួក​អ្នក​ជាតិ​និយម​ក្នុង​ក្រុង​គាវ​គឺ​ជា​ការ​លប​ចាក់​ពីក្រោយ​ខ្នង


ផ្សែង​នៅ​ជិត​អគារ​រដ្ឋសភា​អ៊ុយក្រែន​នៅក្នុង​ទីក្រុង​គាវ នៅខណៈ​​ដែល​សកម្មជន​នៃ​គណបក្ស​ជ្រុល​និយម​អ៊ុយក្រែន​ និង​គណបក្ស​ជាតិនិយម​អ៊ុយក្រែន​ Svoboda បាន​ប៉ះ​ទង្គិច​ជាមួ​យប៉ូលិស កាលពីថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២០១៥។
ផ្សែង​នៅ​ជិត​អគារ​រដ្ឋសភា​អ៊ុយក្រែន​នៅក្នុង​ទីក្រុង​គាវ នៅខណៈ​​ដែល​សកម្មជន​នៃ​គណបក្ស​ជ្រុល​និយម​អ៊ុយក្រែន​ និង​គណបក្ស​ជាតិនិយម​អ៊ុយក្រែន​ Svoboda បាន​ប៉ះ​ទង្គិច​ជាមួ​យប៉ូលិស កាលពីថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ Petro Poroshenko ​នៃ​ប្រទេស​អ៊ុយក្រែន​បាន​ពណ៌នា​បាតុកម្ម​ប្រកប​ដោយ​អំពើ​ហិង្សា​ដោយ​ពួក​អ្នកជាតិនិយម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​ផ្តល់​ស្វ័យភាព​ច្រើន​ជាង​មុន​ដល់​ពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្ស៊ី​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេសអ៊ុយក្រែន ដោយ​លោក​បាន​ថ្លែង​ថា​ បាតុកម្ម​ហិង្សា​នេះ​ជា​«ការ​លប​ចាក់​ពី​ក្រោយខ្នង»។

នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ​លោក Poroshenko បាន​មាន​ប្រសាសន៍​ថា​ បាតុកម្ម​នៅ​ខាង​ក្រៅ​សភា​នៅ​ក្នុង​ក្រុង​គាវ (Kyiv) ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា​ជា​«សកម្មភាព​មួយ​ប្រឆាំង​នឹង​អ៊ុយក្រែន​ ហើយអ្នក​ដែល​ចាត់​ចែង​ទាំង​អស់​និង​ពួក​អ្នកតំណាង​ទាំង​អស់​នៃ​កម្លាំង​នយោបាយ​ដែល​ដឹក​នាំ​សកម្មភាព​នោះ​ ត្រូវ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ពេញលេញ​ដោយ​គ្មាន​ការ​លើកលែង»។

មន្ត្រី​សន្តិសុខ​អ៊ុយក្រែន​ម្នាក់​ត្រូវ​បាន​សម្លាប់​ហើយ​ពួក​បុគ្គលិក​ខាង​ការ​ពង្រឹង​ច្បាប់​រាប់សិបនាក់​ទៀត​បាន​ត្រូវ​របួស​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​ដៃ​មួយ​គ្រាប់​ដែល​ត្រូវ​បាន​គ្រវែង​ដោយ​បាតុករ​ម្នាក់។ ​កាល​ពី​ដំបូង​ឡើយ​ អាជ្ញាធរ​បាន​និយាយ​ថា​ ឆ្មាំ​ជាតិ​ម្នាក់​អាយុ​២៥ឆ្នាំត្រូវ​បាន​បាញ់​ចំ​បេះដូង​ហើយ​បាន​ស្លាប់​នៅ​ក្នុង​សាល​វះកាត់​នៃមន្ទីរ​ពេទ្យ​មួយ​កន្លែង។ ក៏​ប៉ុន្តែ​លោករដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ Arsen Avakov បាន​និយាយ​នៅ​ពេល​បន្ទាប់​ថា​ ឆ្មាំ​ជាតិនោះ​បាន​ស្លាប់​ដោយសារ​បំណែក​គ្រាប់បែក​ដៃ​មួយ។​

លោក​ Avakov បាន​ថ្លែង​ថា ​មនុស្ស​១២២នាក់​ដែល​ភាគ​ច្រើន​ជា​ពួក​មន្ត្រី​ខាង​ការ​ពង្រឹង​ច្បាប់​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​មុខ​របួស​ដែល​ពួក​គេ​បាន​រង​គ្រោះ​នៅ​ពេល​មាន​អំពើ​ឃោរឃៅ​នោះ។​ គេ​បាន​រាយការណ៍​ថា​ មនុស្ស​មួយ​ចំនួន​កំពុង​ឋិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ៕

XS
SM
MD
LG