ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី Power៖ សហរដ្ឋ​អាមេរិក​គាំទ្រ​អ៊ុយក្រែន​ក្នុង​សមរភូមិ​ពីរ​ប្រភេទ


លោកស្រី Samantha Power ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។
លោកស្រី Samantha Power ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។

សហរដ្ឋ​អាមេរិក​គាំទ្រ​កិច្ច​ខំ​ប្រឹងប្រែង​របស់​ប្រទេស​អ៊ុយក្រែន​ដើម្បី​ទប់​ទល់​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ហើយ​និង​ស្ថាបនា​រដ្ឋាភិបាល​បើក​ចំហរ​មួយ ​នេះ​បើ​តាម​ការបញ្ជាក់របស់​បេសកជន​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។

លោកស្រី Samantha Power ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​គាវ (Kyiv) ​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ជួបជាមួយ​ក្រុម​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ​ហើយ​លោកស្រី​ឯក​អគ្គ​រដ្ឋ​ទូត​នឹង​ធ្វើ​សុន្ទរកថា​មួយ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​កំណត់​សម្គាល់​មួយ​ដែល​លោកស្រី​បាន​ចុះផ្សាយ​ក្នុង​ប្រព័ន្ធ Twitter ពីរដ្ឋធានី​គាវ ​លោកស្រី Power បាន​មាន​ប្រសាសន៍​ថា ​សារ​របស់​លោកស្រី​ជូន​ប្រជាពលរដ្ឋ​អ៊ុយក្រែន​គឺថា ​សហរដ្ឋ​អាមេរិក​គាំទ្រ​ពួកគេ​នៅ​សមរភូមិ​២​គឺ៖ ​ប្រឆាំង​ការ​ឈ្លាន​ពានរបស់​រុស្ស៊ី ​ហើយ​និង​ស្ថាបនា​រដ្ឋាភិបាល​បើក​ចំហរ​ដែល​មាន​ការ​ទទួល​ខុសត្រូវ។

លោកស្រី​ឯក​អគ្គរដ្ឋ​ទូត​ដែល​គេ​ដឹង​ឭ​ថា ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេសអ៊ុយក្រែន​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ បាន​ជួប​ជាមួយ​លោក Petro Poroshenko ប្រធានាធិបតីនៃ​ប្រទេស​អ៊ុយក្រែន។ ​ក្រុម​មន្រ្តី​បាន​និយាយ​ថា ​អស់​លោក​បាន​ពិភាក្សា​ពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​អ៊ុយក្រែន​និង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ដែល​មាន​ការ​បន្ត​អរិភាព​រវាង​ភាគី​ច្បាំង​គ្នា។

កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​នោះ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កុម្ភៈ​នៅ​ក្នុង​ទីក្រុង​មីនស្កិ៍ (Minsk) ​ដែល​តម្រូវ​ឲ្យ​ពួក​ឧទ្ទាម ​និង​កងទ័ព​អ៊ុយក្រែន​ដក​អាវុធ​ធុន​ធ្ងន់​របស់​ខ្លួន​ចេញ​ពី​សមរភូមិ ​ក៏ប៉ុន្តែ​ក្រុម​អ្នក​សង្កេត​ការ​ណ៍​អន្តរជាតិ​បាន​រាយការណ៍​ពី​ការ​រំលោភបទ​បញ្ញតិ​នៃ​កិច្ច​ព្រមព្រៀង​នោះ​ជា​ញឹកញាប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG