កាលពីថ្ងៃចន្ទ ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងពួកទាមទារបំបែករដ្ឋបានកើនឡើងនៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនដោយលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានបញ្ជាដល់រដ្ឋមន្ត្រីការបរទេសរបស់លោកឱ្យធ្វើកិច្ចចរចាគ្រាមានអាសន្នជាមួយសមភាគីរបស់លោកមកពីប្រទេសអាល្លឺម៉ង់ បារាំងនិងប្រទេសរុស្សីអំពីកំណើនអំពើហិង្សានេះ។
គេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថា ពួកយុទ្ធជនទាមទារបំបែករដ្ឋប្រមាណ២០០នាក់ដែលប្រើប្រាស់កងរថក្រោះបានបើកការវាយប្រហារនៅជុំវិញភូមិ Novolaspa ដែលឋិតនៅពាក់កណ្តាលផ្លូវរវាងក្រុង Donetsk ដែលជាសំបុកពួកទាមទារបំបែករដ្ឋនិងក្រុងកំពង់ផែ Mariupol ដែលត្រួតត្រាដោយរដ្ឋាភិបាល។
លោក Viktor Muzhenko នាយអគ្គសេនាធិការនៃក្រុមយោធាអ៊ុយក្រែនបានជម្រាបលោកប្រធានាធិបតី Petro Poroshenko ថា ការវាយប្រហារនេះបានទទួលរងការវាយបកមកវិញ នេះបើតាមសេចក្តីរាយការណ៍របស់គេហទំព័រលោកប្រធានាធិបតីអ៊ុយក្រែន។ តាមរបាយការណ៍ឯទៀតៗបានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាលបានដកថយចេញពីភូមិ Novolaspa ហើយ។
ពួកមន្ត្រីខាងក្រុមឧទ្ទាមបានបដិសេធថា កងកម្លាំងពួកគេមិនបានវាយប្រហារ ក្នុងភូមិ Novolaspa ទេ ដោយនិយាយអះអាងថា កងឯកភាពឧទ្ទាមបានឋិតនៅទីនោះរួចស្រេចហើយ ហើយបានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែនថា បានបាញ់ផ្តក់ដាក់លើភូមិនោះ៕