ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ដេច​សង្ឃ​កាតូលិក​ជំរុញ​ឲ្យ​បព្វជិត​ដែល​ប្រព្រឹត្តិ​រឿង​បំពាន​ផ្លូវ​ភេទចូល​សារភាព


រូបឯកសារ៖ សម្តេចសង្ឃកាតូលិកប៉ាបហ្វ្រង់ស៊ីស
រូបឯកសារ៖ សម្តេចសង្ឃកាតូលិកប៉ាបហ្វ្រង់ស៊ីស

ព្រះ​អង្គ​បាន​ទទួល​ស្គាល់​ថា នៅ​មាន​បព្វជិត​មួយ​ចំនួន​ដែល​នៅ​បន្ត «បំពាន​លើ​ជន​ងាយ​រងគ្រោះ កេង​ចំណេញ​ពី​លើ​តួនាទី និង​អំណាច​របស់​ខ្លួន​នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​មនុស្ស​ដែល​ជឿ​លើ​ខ្លួន‍»។

កាល​ពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ​កន្លង​ទៅ​នេះ សម្ដេច​សង្ឃ​កាតូលិក​ប៉ាប​ហ្រ្វង់ស៊ីស​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​បាន​បំពាន​ផ្លូវ​ភេទ​លើ​កុមារ ចូល​សារភាព។

សម្ដេច​សង្ឃ​កាតូលិក​ប៉ាប​ហ្វ្រង់ស៊ីស បាន​មាន​បន្ទូល​ថា កន្លង​មក ព្រះ​វិហារ​គ្រិស្ត​សាសនា​កាតូលិក​បាន​ប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​កាត់​បន្ថយ​អំពើ​អាក្រក់​នៃ​ការ​បំពាន​ផ្លូវ​ភេទ​នេះ។

ប៉ុន្តែ នៅ​ក្នុង​ការ​ថ្លែង​របស់​ព្រះ​អង្គ​ទៅ​កាន់​តុលាការ​កាតូលិក​នៃ​វិមាន​វ៉ាទីកង់​នៅ​មុន​ថ្ងៃ Christmas ឆ្នាំ ២០១៨ ចូល​មក​ដល់ ព្រះ​អង្គ​បាន​ទទួល​ស្គាល់​ថា នៅ​មាន​បព្វជិត​មួយ​ចំនួន​ដែល​នៅ​បន្ត «បំពាន​លើ​ជន​ងាយ​រងគ្រោះ កេង​ចំណេញ​ពី​លើ​តួនាទី និង​អំណាច​របស់​ខ្លួន​នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​មនុស្ស​ដែល​ជឿ​លើ​ខ្លួន‍»។

សម្ដេច​ប៉ាប​ហ្រ្វង់ស៊ីស​បាន​បន្ថែម​ថា បព្វជិត​ទាំង​នេះ «ធ្វើ​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ប៉ុន្តែ​នៅតែ​បន្ត​កិច្ចការ​សាសនា​របស់​ពួកគេ​ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​បាន​កើត​ឡើង​អញ្ចឹង។ ពួកគេ​មិន​ខ្លាច​ព្រះ​ជា​ម្ចាស់ ឬ​ក៏​មិន​ខ្លាច​ការ​វាយ​តម្លៃ​របស់​ព្រះ​ជា​ម្ចាស់​ទេ។ ប៉ុន្តែ មានតែ​ពេល​ដែល​រក​ឃើញ​ការពិត​ទេ ដែល​អ្នក​ទាំង​នោះ​ខ្លាច»។

សម្ដេច​ប៉ាប​ហ្វ្រង់ស៊ីល​បាន​មាន​បន្ទូល​ថា បព្វជិត​ទាំង​នេះ​បង្កើត​រឿង​អាស្រូវ និង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ដល់​បេសកកម្ម​សង្គ្រោះ​សត្វ​លោក​របស់​ព្រះ​វិហារ​គ្រិស្ត​សាសនា​កាតូលិក។

សម្ដេច​ប៉ាប​ហ្វ្រង់ស៊ីស​មាន​បន្ទូល​ដូច្នេះ​ថា៖ «ចំពោះ​អ្នក​ដែល​បំពាន​លើ​អនីតិជន ខ្ញុំ​ចង់​និយាយ​ថា ត្រូវ​ផ្សឹក និង​ប្រគល់​ខ្លួន​ឲ្យ​តុលាការ​កាត់​ទោស និង​ត្រៀម​ខ្លួន​ដើម្បី​ឲ្យ​ព្រះ​ជា​ម្ចាស់​កាត់ទោស»។

សង្ឃ​នាយក​នានា​នៃ​វិហារ​គ្រិស្ត​សាសនា​កាតូលិក ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ជួបជុំ​ជា​ប្រពៃណី​នៅ​សាល Clementine នៅ​វិមាន​វ៉ាទីកង់​នេះ បាន​ស្ដាប់​ការ​លើក​ឡើង​របស់​សម្ដេច​ប៉ាប​ហ្វ្រង់ស៊ីស​យ៉ាង​យក​ចិត្ត​ទុក​ដាក់‍។

សម្ដេច​ប៉ាប​ហ្រ្វង់ស៊ីស​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅ​ថ្ងៃ​ខាង​មុខ ព្រះ​វិហារ​គ្រិស្ត​សាសនា​កាតូលិក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​លាក់​បាំង​តាម​វិធី​ណា​មួយ​នូវ​ការ​ចោទ​ប្រកាន់​ដូច​នេះ​នោះ​ទេ។ ព្រះ​អង្គ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ​ថា​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​អំពើ​ឧក្រិដ្ឋ​ទាំង​នេះ។

សម្ដេច​ប៉ាប​ហ្វ្រង់ស៊ីស​មាន​បន្ទូល​ថា៖ «សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ដោយសារតែ​ប្រឈម​ជាមួយ​នឹង​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ទាំង​នេះ ព្រះ​វិហារ​គ្រិស្ត​សាសនា​កាតូលិក​នឹង​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​ចាំបាច់​ដើម្បី​នាំ​អ្នក​ដែល​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​មក​កាត់​ទោស។ ព្រះ​វិហារ​គ្រិស្ត​សាសនា​កាតូលិក​នឹង​មិន​ដែល​លាក់លៀម ឬ​ក៏​មិន​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ករណី​ណា​មួយ​នោះ​ទេ‍»។

សម្ដេច​ប៉ាប​ហ្រ្វង់ស៊ីស​បាន​ទទួល​ស្គាល់​ថា កាល​ពី​អតីតកាល​ក៏​មាន​ការ​ប្រព្រឹត្តិ​ខុស​ឆ្គង​ដូច​នេះ​ខ្លះ​ដែរ ប៉ុន្តែ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​យក​ឱកាស​នេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ​ចេញ​ពី​ព្រះ​វិហារ​គ្រិស្ត​សាសនា​កាតូលិក និង​ចេញ​ពី​សង្គម។

សម្ដេច​ប៉ាប​ហ្វ្រង់ស៊ីស​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រជុំ​វិសាមញ្ញ​មួយ​អំពី​វិបត្តិ​បំពាន​ផ្លូវ​ភេទ​នេះ ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២១ ដល់​ទី ២៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ​នៅ​វិមាន​វ៉ាទីកង់។ កិច្ច​ប្រជុំ​ដែល​នឹង​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រុម​សង្ឃ​នាយក​ពិភពលោក និង​អ្នក​ជំនាញ​នានា​នេះ មាន​គោល​បំណង​បង្កើត «ការ​ឆ្លើយតប​ដ៏​ទូលំទូលាយ និង​ជា​រួម​មួយ​ចំពោះ​វិបត្តិ​បំពាន​ផ្លូវ​ភេទ​នេះ‍» និង​ចំពោះ​ការ​លាក់​បាំង​នៃ​រឿង​នេះ​នៅ​ក្នុង​ព្រះ​វិហារ​គ្រិស្ត​សាសនា​កាតូលិក។

សម្ដេច​ប៉ាប​ហ្វ្រង់ស៊ីស​បាន​រង​ការ​រិះគន់​រឿង​ដែល​ព្រះ​អង្គ​ដោះស្រាយ​បញ្ហា​អាស្រូវ​បំពាន​ផ្លូវ​ភេទ​នេះ​នៅ​ក្នុង​ព្រះ​វិហារ Chilean ហើយ​ព្រះ​អង្គ​បាន​ទទួល​ស្គាល់​ថា ព្រះ​អង្គ​បាន «ប្រព្រឹត្តិ​កំហុស​ដ៏​ធ្ងន់ធ្ងរ‍» នៅ​ក្នុង​ការ​វាយ​តម្លៃ​លើ​ករណី​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG