ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ប្រទេស​ក្រីក្រ មិន​​បានទទួល​​វ៉ាក់សាំង​កូវីដ១៩​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត


រូបឯកសារ៖ លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅទីក្រុងហ្សឺណែវ។
រូបឯកសារ៖ លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅទីក្រុងហ្សឺណែវ។

លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO បាន​ហៅ​ការផលិត​និង​ការអនុម័ត​វ៉ាក់សាំង​ប្រកប​ដោយ​សុវត្ថិភាព​និង​ប្រសិទ្ធិភាព​ក្នុង​រយៈពេល​មិនដល់​មួយ​ឆ្នាំ​ផងបន្ទាប់ពី​វីរុស​កូរ៉ូណា​លេចចេញ​ឡើង​នោះ ​ថា​ជា​ជោគជ័យ​ខាង​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្ស​មួយ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ លោក​បាន​ព្រមាន​ថា ក្តីសង្ឃឹម​នៃ​ការបញ្ចប់​ការរាតត្បាត​ឆាប់​រហ័ស​ស្ថិត​នៅ​ក្នុង​ភាព​គ្រោះថ្នាក់ ដោយសារ​តែ​បណ្តា​ប្រទេស​អ្នក​មាន​កំពុង​ទិញ​និង​ស្តុក​ទុក​វ៉ាក់សាំង​ទាំង​អស់​សម្រាប់​ប្រទេស​ខ្លួន ហើយ​ធ្វើ​ឲ្យ​គ្មាន​សល់​សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ។

លោក Tedros ថ្លែង​ថា៖ «វ៉ាក់សាំង​ជាង​៣៩​លាន​ដូស ឥឡូវ​នេះ ត្រូវ​បាន​ចែកចាយ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​យ៉ាង​តិចណាស់​ក៏​៤៩​ប្រទេស​ដែរ។ មាន​តែ​ចំនួន​២៥​ដូស​ប៉ុណ្ណោះ​ដែលត្រូវ​បាន​ផ្តល់ឲ្យ​ប្រទេស​មួយ​ដែល​មាន​ប្រាក់​ចំណូល​ទាប​បំផុត។ មិន​មែន​២៥លានដូស មិន​មែន​២សែន​៥ម៉ឺន​ដូស​ទេ គឺតែ​ចំនួន២៥​ដូស​ប៉ុណ្ណោះ»។

កម្មវិធី​កិច្ចផ្តួច​ផ្តើម​សាកល COVAX ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​៩ខែ​មុន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រប់​ប្រទេស​ទាំងអស់​អាច​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដោយ​ត្រឹមត្រូវ​និង​ស្មើ​គ្នា។ អង្គការ​នោះបាន​ទទួលវ៉ាក់សាំង​២ពាន់​លាន​ដូស​មកពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចំនួន​៥ ដោយ​មាន​ជម្រើស​ទទួល​បាន​ជាង​១ពាន់​លាន​ដូស​បន្ថែម​ទៀត។

ក៏ប៉ុន្តែ លោក Tedros បាន​និយាយ​ទៀត​ថា ផែនការ​ដើម្បី​ចាប់ផ្តើម​ផ្គត់ផ្គង់​វ៉ាក់សាំង​នៅ​ក្នុង​ខែ​កុម្ភៈទៅ​ឲ្យ​ប្រទេស​ក្រីក្រ​ជាច្រើន​នៅ​ក្នុង​ពិភពលោក ឥឡូវ​នេះ ស្ថិត​នៅ​ក្នុង​ហានិភ័យ។ លោក​បាន​និយាយ​ទៀត​ថា ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​មួយ​ចំនួន អាច​ប្រែ​ក្រឡាស់​ការសន្យា​របស់​ខ្លួន​អំពី​ការចែកចាយ​វ៉ាក់សាំង​ឲ្យ​ស្មើ​ភាព​គ្នា​នោះ។

លោក Tedros ថា៖ «ខ្ញុំ​ត្រូវតែ​និយាយ​ដោយ​ស្មោះត្រង់​ថា ពិភពលោក​កំពុង​ខិតជិត​ទៅ​នឹង​គ្រោះ​មហន្តរាយ​នៃ​ការបរាជ័យ​ខាងសីលធម៌ ហើយ​តម្លៃ​នៃ​ការបរាជ័យ​នោះ នឹង​ធ្វើឲ្យ​បាត់បង់​នូវ​ជីវិត​មនុស្ស​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក»។

លោក Tedros បាន​និយាយ​ទៀត​ថា លោក​ចាត់ទុក​ថា ​វិធី​ដែល​គិត​ពី​ខ្លួនឯង​មុន ​គឺ​ជា​បរាជ័យ។ លោក​ព្រមាន​ថា ប្រទេស​អ្នក​មាន​ នឹង​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​តែ​ការ​មិនអើ​ពើ​ចំពោះតម្រូវការ​របស់​ពលរដ្ឋ​ក្រីក្រ​ និង​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា សកម្មភាព​ទាំង​នេះ​ នឹង​អូស​បន្លាយ​ជំងឺ​រាតត្បាត ហើយ​លោក​និយាយ​បន្ថែម​ទៀត​ថា ការរឹតត្បិត​ដែល​ជា​ការចាំបាច់​ដើម្បី​រាំងខ្ទប់​វីរុស​នោះ នឹង​បង្កើន​ផល​ប៉ះពាល់​លើ​មនុស្ស​និង​សេដ្ឋកិច្ច៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG