ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា៖ ការ​ពិភាក្សា​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ ថ្វីបើ​​កូរ៉េ​ខាង​ជើង​​លើក​ឡើង​បែប​អវិជ្ជមាន​ក៏ដោយ


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo អញ្ជើញ​ទៅ​ដល់​ព្រលានយន្តហោះ​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo អញ្ជើញ​ទៅ​ដល់​ព្រលានយន្តហោះ​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

ថ្វីបើ​សេចក្តី​ថ្លែង​ការណ៍​ប្រកប​ដោយ​ភាព​អវិជ្ជមាន​របស់​រដ្ឋា​ភិបាល​ក្រុង​ព្យុង​​​យ៉ាង​អំពី​ដំណើរ​ទស្សនកិច្ច​កាល​ពី​ពេល​ថ្ម​ៗ​បំផុត​របស់​​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​សហរដ្ឋ​អាមេរិកលោក Mike Pompeo ក៏ដោយ ក៏​អ្នក​ការ​ទូត​កំពូល​សហរដ្ឋ​អា​មេ​រិក​រូប​នេះ​និយាយថា ​ការ​ចរចា​ជា​មួយ​ប្រទេស​កុម្មុយនិស្ត​ឯកោ​មួយ​នេះនៅ​តែ​ដំ​ណើរការ​ជា​ធម្មតា។ ​លោក Pompeo ​និយាយ​ថា ​ការតាំង​ចិត្ត​របស់ គីម ​ជុង​អ៊ុន​ចំពោះ​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ​ក្នុង​ការលុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​បាន​​ត្រូវ​ពង្រឹង ​ទោះ​បីកូរ៉េខាង ជើង​បាន​រិះគន់​គោលជំហរ​សហរដ្ឋ​អាមេរិក​ថា​ធ្វើ​ដូចជា «ជន​ឥន្ធពាល»​ និង​ជា «ការ​គួរ​ឲ្យ​សោកស្តាយ»​ ក៏​ដោយ។

​ថ្លែង​នៅ​ក្នុង​រដ្ឋ​ធានី​កាប៊ុល ​ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ពេល​ដែល​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​បាន​បន្ត​ដំណើរ​ទស្សន​កិច្ច​ខាង​ការ​ទូត​របស់​លោក ​លោករដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Mike Pompeo នៅ​តែ​មិន​ទាន់​ឆ្លើយតប​ថា​តើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​ទទួល​បាន​លទ្ធ​ផល​ជាក់​ស្តែង​ដែរ ឬ​ក៏​យ៉ាង​ណា​នោះ។ លោក Mike Pompeo រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​បាន​ថ្លែងថា៖ «យើង​នៅ​មាន​ដំណើរ​វែង​ឆ្ងាយ​ទៀត ​ក៏ប៉ុន្តែ ​ការ​សន្យា​ដែលបាន​ធ្វើ​ឡើង​ដោយកូរ៉េ​ខាង​ជើង និយាយ​តាម​ត្រង់​ទៅ​គឺ​ថា ​គីម ជុងអ៊ុនបាន​ធ្វើ​ការ​សន្យាដោយ​ផ្ទាល់​ចំពោះ​ប្រធានា​ធិបតី​ត្រាំ​គឺ​នៅ​តែ​អនុវត្ត​ដដែល»។

នៅ​លើ​សារ​តាម​ប្រព័ន្ធ Twitter ​ប្រធានា​ធិបតី​ត្រាំ​និយាយថា ​លោក​មាន​ទំនុកចិត្ត​ថា គីម ​ជុង​អ៊ុន​នឹង​គោរព​អ្វី​ដែល​លោក​បាន​ហៅ​ថា «កិច្ច​សន្យា»​ ដែលលោកទាំង​២បាន​ចុះ​ហត្ថលេខា។ ​ពួក​អ្នក​ជំនាញ​និយាយ​ថា ចំពោះ​ជំនួប​របស់រដ្ឋ​មន្ត្រី​ការ​បរ​ទេស​សហរដ្ឋ​អាមេរិក​លោក Pompeo ជាមួយ​មន្ត្រី​កូរ៉េ​ខាង​ជើង ការណ៍​ដែល​ស​ហ​រដ្ឋ​អាមេរិក​សម្តែង​សុទិដ្ឋិនិយម​នោះ ហើយ​កូរ៉េ​ខាង​ជើង​ដែល​បានហៅ​ជំនួប​នោះ​ថា «ជាការ​គួរ​ឲ្យ​សោកស្តាយ» ​អាច​បង្កើតបាន​ជា​នីតិវិធី​ចរចា​ស្តង់ដារ​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ​លោក James McKeon នៃ​មជ្ឈ​មណ្ឌល​ត្រួតត្រា​អាវុធ​ និង​ការ​មិន​រីកសាយ​អាវុធ​បាន​និយាយ​ថា៖ «កូរ៉េខាង​ជើង​កំពុង​ខិត​ខំរា​រាំង​យ៉ាង​ច្បាស់​ក្រឡែត។ ភាគី​សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ឲ្យ​កូរ៉េខាង​ជើង​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​រហ័ស​ដែលជា​អកុសល វា​មិន​មាន​ភាព​ប្រាកដ​ប្រជា​ទេ​នៅពេល​នេះ។ ដូច្នេះ ​យើង​នឹង​ឃើញ​ការ​ចរចាកើត​មាន​ឡើង»។

ពួក​អ្នក​វិភាគ​និយាយ​ថា វា​ជា​ការ​ពិបាក​ដើម្បី​ទទួល​បាន​សេចក្តី​សម្រេច​ដ៏​ឆាប់​រហ័ស​មួយ​សម្រាប់​ការ​ចរចា​អំពី​អាវុធ​នុយក្លេអ៊ែរ​ហើយ​ថា លោក​រដ្ឋមន្ត្រី​ការ​បរ​ទេស​អាមេរិក Pompeo ប្រហែល​ជា​ចាំ​បាច់​ត្រូវ​ជំរុញ​ឡើង​វិញ​នូវអ្វី​ដែល​អាចជា​ដំណើរ​ការ​ដ៏​វែង​អន្លាយ​មួយ។ លោក James McKeon នៃ​មជ្ឈ​មណ្ឌល​ត្រួតត្រា​អាវុធ​ និង​ការ​មិន​រីក​សាយ​អាវុធ​បាន​និយាយ​ថា៖ «នៅ​ពេល​ឥឡូវនេះ ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក Pompeo ​ទំនង​អាច​ជា​អ្នក​ដឹកនាំ​មុខ​នៅ​ក្នុង​ការ​ចរចា​នេះ។ ក៏ប៉ុន្តែ ​ក្នុង​ឋានៈ​ជារដ្ឋមន្ត្រី​ការ​បរទេស​អា​មេរិក ​លោក​មាន​តួនាទី​យ៉ាង​ច្រើន​ដែល​លោក​នឹង​ដោះ​ស្រាយ​នៅ​ជុំ​វិញ​ពិភពលោក។ ដូច្នេះ ការ​មានលោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Pompeo អាច​មើល​ការ​ខុសត្រូវ​លើ​បញ្ហា​នេះ ​ក៏ប៉ុន្តែ ផ្ទេរ​តួនាទី​នេះ​ទៅ​ឲ្យ​មន្ត្រី​ការ​ទូត​ណា​ដែល​យល់​ពិត​ប្រាកដ​ពី​ស្ថាន​ភាព​កូរ៉េខាង​ជើង​នឹង​អាច​ដឹកនាំ​ដោយ​ផ្ទាល់​លើ​បញ្ហា​នេះ​គឺជា​គំនិត​ដ៏​ល្អ​បំផុត​មួយ»។

លោក McKeon​ និយាយ​បន្ត​ទៀត​ថា ​បញ្ហា​សំខាន់​គឺ​ថា សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ជើង​នៅ​បន្តការនិយាយ​រក​គ្នាទៅ​វិញ​ទៅមក ​ដោះ​ស្រាយ​បញ្ហា​ពិបាកៗ ​រួម​ទាំង​ការ ផ្តល់​និយម​ន័យពិត​ប្រាកដ​អំពី​អ្វី​ដែល​ភាគី​នីមួយៗចង់​សំដៅ​លើ «ការ​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ»៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG