ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្ដី​រាយការណ៍​មួយ​ចំនួន​បញ្ជាក់​ថា ជំនួប​រវាង​លោក Donald Trump និង​លោក Kim Jong Un ទំនងជា​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​សន្និសីទ National Rifle Association នៅ​ក្នុង​ក្រុង Dallas កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​សន្និសីទ National Rifle Association នៅ​ក្នុង​ក្រុង Dallas កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​ថា ជំនួប​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ទំនង​ជា​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ខែ​ក្រោយ​នេះ។

សារព័ត៌មាន Chosun Ilbo និង​ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​ស្រង់​សំដី​ប្រភព​ព័ត៌មាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​ចំនួន​ដែល​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ឯកភាព​គ្នា​ថា ការ​ប្រជុំ​រវាង​មេដឹកនាំ​ទាំង​ពីរ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ក្នុង​សប្ដាហ៍​ទី ៣ នៃ​ខែ​មិថុនា​ខាង​មុខ​នេះ។ ការ​កំណត់​កាល​បរិច្ឆេទ​នៃ​ជំនួប​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​កុំ​ឲ្យ​ជាន់​ពេល​ជាមួយ​នឹង​កិច្ច​ប្រជុំ G-7 ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កាណាដា​ពី​ថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី ៩ ខែ​មិថុនា ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក Trump ក៏​នឹង​ចូលរួម​ផង​ដែរ។

លោក Trump បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ភាគី​ទាំង​ពីរ «ឥឡូវ​នេះ​បាន​កំណត់​កាល​បរិច្ឆេទ និង​ទីកន្លែង​ប្រជុំ» រួច​ហើយ។

មុន​ពេល​លោក Trump ជួប​ជាមួយ​នឹង​លោក Kim Jong Un រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ថា កូរ៉េ​ខាង​ជើង​នឹង​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​កូរ៉េ ៣ នាក់ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋ​អំណាច​កូរ៉េ​ខាង​ជើង។

លោកTrumpធ្លាប់​បាន​ព្រលយ​ពាក្យ​ថា ការ​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​ទាំង ៣ នាក់ ដែល​មាន​លោក Kim Dong Chul លោកKim Hak Songនិង​លោកTony Kimគឺ​ទំនង​ជា​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ស្រប​ពេល​នេះ​ដែរ សេតវិមាន​បាន​ប្រកាស​អំពី​ជំនួប​ដាច់​ដោយ​ឡែក​មួយ​រវាង​លោក Trump និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In នៅ​សេតវិមាន​នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា​ខាង​មុខ​នេះ ដើម្បី «បន្ត​ការ​សម្របសម្រួល​ឲ្យ​បាន​ហ្មត់ចត់​របស់​ពួកគេ​លើ​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ទាក់ទិន​នឹង​ឧបទ្វីប​កូរ៉េ»៕

XS
SM
MD
LG