ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ត្រាំ និង​លោក ស៊ី ព្រមព្រៀង​គ្នា​ថា​គួរ​បន្ត​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង


លោក​ប្រធានាធិបតី​ ស៊ី ជីនពីង ជួប​ជាមួយ​មេដឹកនាំ Kim Jong Un កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ក្រុង Dalian ខេត្ត Liaoning ប្រទេស​ចិន នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Xinhua កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។

យោង​តាម​សេតវិមាន​បាន​ឲ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី Donald Trump និង​ប្រធានាធិបតី​ចិន​លោក Xi Jinping កាល​ពី​ថ្ងៃអង្គារ​បាន​យល់ស្រប​ថា​ ទណ្ឌកម្ម​ប្រឆាំង​នឹងកូរ៉េ​ខាងជើង​គួរ​បន្ត​ដាក់​នៅ​ដដែល​ រហូត​ដល់​ប្រទេស​នេះ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​និង​កាំជ្រួច​ម៉ីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​របស់​ខ្លួន​ជា​អចិន្ត្រៃយ៍។

មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃអង្គារ​ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កិច្ចប្រជុំ​មាន​រយៈពេល​ពីរថ្ងៃ​រវាង​លោក Xi និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un និង​កិច្ចប្រជុំ​លើក​ទីពីរ​របស់​ពួកគេ​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ បណ្តាញ​ព័ត៌មាន​រដ្ឋចិន​បាន​រាយការណ៍​ថា​ លោក Xi និង​លោក Kim បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​ទីក្រុង​កំពង់ផែ Dalian ភាគ​ខាងជើង​ប្រទេសចិន។​ លោក Kim បាន​ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ខែមីនា​ នៅ​អំឡុង​ដំណើរ​ទស្សកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់​លោក​ ក្នុង​នាម​ជា​មេដឹកនាំ​កូរ៉េខាងជើង​ ដែល​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ចិន​នៅ​តែ​ចូលរួម​ក្នុង​ដំណើរការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​ក្នុង​ឧបទ្វីបកូរ៉េ​ទាំង​មូល។

លោក Trump ក៏​បាន​រឮក​លោក Xi អំពី​ការ​ប្តេជ្ញា​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន ​«តុល្យភាព» ​រវាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​របស់​ប្រទេស​ទាំងពីរ​ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អាជីវកម្ម​ និង​កម្មករ​អាមេរិកាំង។ នេះ​បើ​យោង​តាម​សេតវិមាន។

បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋចិន​បាន​រាយការណ៍​ថា​លោក Xi បាន​ប្រាប់​លោក Trump ថា​ ប្រទេស​ទាំងពីរ​គួរ​ស្វែង​រក​វិធីសាស្ត្រ​ដោះស្រាយ​លើ​ជម្លោះ​ពាណិជ្ជកម្ម។ រដ្ឋាភិបាល​ក្រុងប៉េកាំង​ និង​ក្រុងវ៉ាស៊ីនតោន​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម បើ​ទោះ​បី​ជា​ពួកគេ​បាន​បង្កើន​ភាពតានតឹង​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ជុំវិញ​ការ​គំរាម​កំហែង​យក​ពន្ធគយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ទំនិញ​មាន​តម្លៃ​រាប់ពាន់លានដុល្លារ​យ៉ាងណា​ក៏​ដោយ។

សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទថា ទីប្រឹក្សាកំពូលផ្នែកសេដ្ឋកិច្ចរបស់ចិន នឹងធ្វើទស្សនកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយក្រុមការងារផ្នែកសេដ្ឋកិច្ចរបស់លោកTrump៕

XS
SM
MD
LG