ប្រទេសកូរ៉េខាងជើងបានព្រមានសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះថា ការអះអាងណាមួយដែលថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវបានបង្ខំឲ្យចូលរួមនៅក្នុងការចរចាដោយសារតែសម្ពាធរបស់សហរដ្ឋអាមេរិកនោះ គឺអាចប្រឈមនឹងការធ្វើឲ្យឧបទ្វីបកូរ៉េ «ត្រឡប់ទៅរកស្ថានភាពដើម» វិញ។
ការព្រមានដូចនេះបានធ្វើឡើង ស្របពេលដែលពិភពលោកទាំងមូលកំពុងរង់ចាំមើលជំនួបជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីអាមេរិកលោក Donald Trump។
លោក Trump បានបញ្ជាក់កាលពីថ្ងៃសុក្រកន្លងទៅនេះថា កាលបរិច្ឆេទ និងទីកន្លែងនៃជំនួបនេះ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ។
លោក Trump បានអះអាងថា ដោយសារតែ «ការដាក់សម្ពាធជាអតិបរមា» របស់លោក ដែលក្នុងនោះមានទាំងវោហារសាស្ត្រខ្លាំងៗ និងការដាក់ទណ្ឌកម្មតឹងតែង បានជាធ្វើឲ្យភាពជាប់គាំងជាមួយនឹងកូរ៉េខាងជើងអាចបំបែកបាន។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថាមាន «ចេតនាបង្កហេតុ» ជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីបំផ្លាញដល់ «បរិយាកាសចរចា» នាពេលបច្ចុប្បន្ននេះ។
អ្នកនាំពាក្យរូបនេះក៏បានបន្ថែមទៀតថា ការហៅវិធានការនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលកូរ៉េខាងជើងថាជា «សញ្ញានៃភាពទន់ខ្សោយ» នឹងមិនត្រឹមតែ «មិនធ្វើឲ្យសម្រេចបាន» នូវការចរចាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច «ធ្វើឲ្យស្ថានការណ៍សព្វថ្ងៃនេះត្រឡប់ទៅរកសភាពដើមវិញ» ផងដែរ៕