ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Pompeo ​បក​ស្រាយ​អំពី​បញ្ហា​កូរ៉េខាង​ជើង​និង​វ៉េណេស៊ុយអេឡា


រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក​លោក Mike Pompeo និយាយទៅកាន់​ក្រុមអ្នកសារព័ត៌មាន បន្ទាប់​ពី​ធ្វើ​ដំណើរ​ដោយ​មិន​ប្រកាស​ទុក​ទៅ​កាន់​រដ្ឋធានីបាកដាដ ប្រទេស​អ៊ីរ៉ាក់ នៅ​​ថ្ងៃ​ទី០៨ ខែ​ឧសភា ឆ្នាំ២០១៩។ 
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក​លោក Mike Pompeo និយាយទៅកាន់​ក្រុមអ្នកសារព័ត៌មាន បន្ទាប់​ពី​ធ្វើ​ដំណើរ​ដោយ​មិន​ប្រកាស​ទុក​ទៅ​កាន់​រដ្ឋធានីបាកដាដ ប្រទេស​អ៊ីរ៉ាក់ នៅ​​ថ្ងៃ​ទី០៨ ខែ​ឧសភា ឆ្នាំ២០១៩។ 

បញ្ហា​នយោបាយ​ការ​បរទេស​អាមេរិក​មាន​ចំណាប់​អារម្មណ៍​ច្រើន​សប្តាហ៍​នេះ​ ក្រោយ​ពី​កូរ៉េខាង​ជើង​សាកល្បង​កាំជ្រួច​ហោះ​តាម​បញ្ជា។ ម្យ៉ាងវិញទៀត ​មេ​ដឹកនាំ​វ៉េណេស៊ុយអេឡា​អាច​ទប់ទល់​នឹង​ការ​បះ​បោរ​របស់​អ្នក​ស្មោះ​ត្រង់​នឹង​មេដឹក​នាំ​ប្រឆាំង​ដែល​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​​អន្តរកាល។

កូរ៉េ​ខាងជើង​បាញ់​ផ្លោងសាក​ល្បង​កាំជ្រួច​វង់​ប្រតិបត្តិ​ការ​ខ្លីចូល​ដែន​សមុទ្រ​កូរ៉េ​ខាង​ជើង។​ ការ​សាកល្បង​ដែល​ត្រួត​ពិនិត្យ​ដោយ​មេ​ដឹកនាំ​កូរ៉េខាង​ជើង​គឺ​ លោក​គីម ជុងអ៊ុន​ នេះធ្វើ​ឡើង ​ខណៈ​ការ​ពិភាក្សា​នុយក្លេអ៊ែរ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​មាន​ភាព​ជាប់គាំង។​

រដ្ឋបាល​លោក​ Trump​ កំពុង​ទាមទារ​ឱ្យ​មាន​ការ​ផ្ទៀងផ្ទាត់​ការ​រំសាយនុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ មុន​ពេល​ការ​ដាក់​ទណ្ឌ​កម្ម​ត្រូវ​បាន​លុប​ចោល​ ​រីឯ​លោក​គីម ជុងអ៊ុន​បាន​ស្វែង​រក​ការ​ដកទណ្ឌកម្ម​បន្ថែម​ទៀត​ជា​បន្ទាន់។

លោក ​Mike Pompeo​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក ថ្លែង​ថា៖​

«យើង​នៅ​តែ​ជឿជាក់​ថា ​មាន​ឱកាស​ទទួល​បាន​លទ្ធផល​ពី​ការ​ចរចា​ ដែល​យើង​មាន​ការ​ផ្ទៀង​ផ្ទាត់​ពេញ​លេញ​អំពី​ការ​រំសាយ​នុយក្លេអ៊ែរ។​ លោក​ប្រធាន​គីមជុងអ៊ុន​បាន​និយាយរឿង​នេះ​ឡើង​វិញ​ ហើយ​តាម​ពិត​ទៅ​លោក​បាន​និយាយ​ម្តង​ទៀត​នាពេល​ថ្មីៗ​នេះ។​ ដូច្នេះ​យើង​សង្ឃឹម​ថា​ ​វិធាន​ការ​ដែល​គាត់​ធ្វើការ​សាកល្បង​កាលពី​ចុង​សប្តាហ៍​នឹង​មិន​រំខាង​ការ​ចរចា​ទេ។​ យើង​ចង់​ធ្វើការ​ចរចា​ឡើង​វិញ។ ​យើង​ចង់​បន្តការ​សន្ទនា​នេះ»។​

អ្នក​ខ្លះទៀត​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​សាក​ល្បង​នេះ។ ​

លោក​ Cory Gardner ​ប្រធាន​អនុ​គណៈ​កម្មការ​ទំនាក់​ទំនង​បរទេស​របស់​ព្រឹទ្ធ​សភា​សម្រាប់អាស៊ី​បូព៌ាបាន ​«ជំរុញ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត​លើ​មេ​ដឹកនាំ​ឆ្កួត​របស់​កូរ៉េ​ខាង​ជើង» ដោយ​បន្ថែម​ថា​ ​សហ​រដ្ឋ​អាមេរិក​ «ត្រូវតែ​បង្កើន​សម្ពាធ​ជា​អតិបរមា​ ​ប្រសិន​បើ​យើង​ចង់​សម្រេច​ដោយ​សន្តិភាព​នូវ​គោល​ដៅរំសាយអាវុធ​នុយក្លេអ៊ែរ​ មិន​អាច​ត្រឡប់​បាននៅ​ឧបទ្វីប​កូរ៉េ​ ​ដោយ​មាន​ការ​ផ្ទៀងផ្ទាត់​ទាំង​ស្រុង»។

ទន្ទឹម​នឹង​នេះ​ការ​ទាក់ទង​របស់​លោក​ប្រធានាធិបតី​ Donald Trump ​ទៅ​រកលោក​គីម ជុងអ៊ុន​ កំពុង​ទាញ​យក​ការ​សរសើរ​ពី​អ្នក​ដែល​គេ​មិន​រំពឹង​ទុក។

លោក ​Bernie Sanders ​ជា​សមាជិក​ព្រឹទ្ធ​សភា​ឯករាជ្យថ្លែង​ថា៖​

«នេះគឺ​ជា​ កិច្ចការ​មួយ​ដែល​ខ្ញុំ​ពិត​ជា​មិន​បន្ទោស​ថា​លោក​ Trump ​ខុស​ទេ។​ ខ្ញុំ​គិត​ថា ​គំនិតធ្វើ​ការ​ចរចា​ជាមួយ​លោក​គីម ជុងអ៊ុន​ គឺជា ​រឿង​ត្រឹមត្រូវ។​ វាជា​ការ​លំបាក​ខ្លាំង​ណាស់​ ប៉ុន្តែ​យ៉ាង​ច្បាស់​ណាស់​ថា ​កូរ៉េខាង​ជើង​គំរាម​កំហែង​ដល់​ភពផែនដី»។

ទន្ទឹម​នឹង​នេះ​ដែរ ​ ​ប្រទេសវ៉េណេស៊ុយអេឡា​បង្ហាញ​ពី​ស្ថាន​ការណ៍​តាន​តឹង​ចំពោះ​រដ្ឋបាល​ Trump ​ខណៈ​ការ​អំពាវនាវ​ឲ្យ​ប្រជាជនបះបោរចុង​ក្រោយ​បង្អស់​ដោយ​លោក​ Juan Guaido ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ ដែល​គាំទ្រ​ដោយ​អាមេរិកបាន​បរាជ័យ​ក្នុង​ការ​បណ្តេញ​ប្រធានាធិបតី​ Nicholas Maduro ។​

លោក ​Mike Pompeo​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា​ថ្លែង​ថា៖​

«ប្រាកដ​ណាស់​ រឿងទាំង​នេះ​ជួន​កាល​មាន​ឧបសគ្គ​ ប៉ុន្តែ​លោក​ Maduro ​មិន​អាច​មាន​អារម្មណ៍​ល្អ​ទេ។ ​គាត់​កំពុង​កាន់កាប់​នៅ​ពេល​នេះ ​ប៉ុន្តែ​គាត់​មិនអាច​គ្រប់​គ្រង​បាន​ទេ។ ​លោក​ Trump ​មាន​ជម្រើស​ច្រើន​ជម្រើស​ការ​ទូត ​ជម្រើស​នយោបាយ​ ជម្រើស​ជា​មួយ​សម្ព័ន្ធ​មិត្ត​របស់​យើង។ ហើយ​ចុង​បញ្ចប់​ជម្រើស​រួម​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​យោធា​អាមេរិក។​ ​យើង​ត្រៀម​ជម្រើសទាំង​នេះ​សម្រាប់​គាត់​ ដូច្នេះ​នៅ​ពេល​ដែល​ស្ថាន​ភាព​កើត​ឡើង​ ​យើង​ត្រៀម​ជើង​ការ​ជា​មុន»។​

កាលពី​សប្តាហ៍​មុន ​លោក​ Pompeo ​បាន​អះអាង​ថា​ ប្រទេស​រុស្ស៊ី​បាន​បញ្ចុះ​បញ្ចូល​មិន​ឲ្យ​លោក​ Maduro ​រត់​ចោលប្រទេស​វ៉េណេស៊ុយអេឡា​ទៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​គុយបា​ទេ។ ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់​ពី​បាន​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក​ Vladimir Putin ​ប្រធានាធិបតី​រុស្ស៊ី​ លោក​ Trump ​បាន​និយាយ​ថា​ ​លោក​ Putin ​មិន​ចង់ពាក់​ព័ន្ធប្រទេស​វ៉េណេស៊ុយអេឡា​ទេ​ ហើយ​ថា ​លោក​និង​លោក​ Putin ​មាន​បំណង​ដូចគ្នា​គឺ​ចង់ឃើញ​រឿងវិជ្ជមាន​កើត​ឡើង​សម្រាប់​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ៕

ប្រែ​សម្រួល​ដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG