ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានអះអាងថា ប្រទេសកូរ៉េខាងជើងបានសាកល្បង «ឧបករណ៍បាញ់គ្រាប់រ៉ុកកែត និងអាវុធរយៈចម្ងាយខ្លីមួយចំនួន»។ នេះគឺជាការអះអាងលើកដំបូងបង្អស់របស់កូរ៉េខាងជើង អំពីការសាកល្បងដែលបង្កើននូវភាពតានតឹងយោធាបន្ថែមទៀតនេះ។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជាអ្នកបញ្ជាផ្ទាល់នៅក្នុងការបាញ់សាកល្បងគ្រាប់ផ្លោងទាំងនេះចូលទៅក្នុងសមុទ្រនៅភាគខាងកើតប្រទេសកូរ៉េខាងជើង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង។
រូបភាពដែលទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានបង្ហោះ បានបង្ហាញថា លោក Kim Jong Un សម្លឹងមើលតាមកែវយឹតនៅពេលសាកល្បងអាវុធនេះ ហើយបន្ទាប់មកក៏ញញឹមញញែម នៅពេលលោកចង្អុលលើអេក្រង់ដែលបង្ហាញថា កោះទិសដៅដែលអាវុធនេះសំដៅទៅត្រូវបានបំផ្លាញ។
អ្នកវិភាគនានាបាននិយាយថា អាវុធមួយក្នុងចំណោមអាវុធដែលបានបាញ់ចេញមើលទៅដូចជាគ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីដែលទើបបង្កើតថ្មី។ ប្រសិនបើជាការពិតមែន នេះគឺជាការសាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងដំបូងបង្អស់ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ។
ការសាកល្បងនេះគឺជាកិច្ចប្រឹងប្រែងថ្មីចុងក្រោយបង្អស់របស់កូរ៉េខាងជើងនៅក្នុងការបង្ហាញពីការមិនពេញចិត្ត និងបង្កើនការដាក់សម្ពាធជាបន្តបន្ទាប់លើសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង តាំងពីមានការបរាជ័យនៅក្នុងការចរចារឿងលុបបំបាត់នុយក្លេអ៊ែរមក។
កាលពីថ្ងៃសុក្រ រដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្កោលទោសការសាកល្បងនេះថាជាការបង្កហេតុដែលមិនចាំបាច់ និងជាការរំលោភលើកិច្ចព្រមព្រៀងយោធារវាងប្រទេសកូរ៉េទាំងពីរ៕