ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក អបអរ​សាទរ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​របស់​កម្ពុជា


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅឯ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​អបអរ​សាទរ​ទិវា​ឯករាជ្យ​ជាតិ​កម្ពុជា​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃ​សៅរ៍​នេះ។

លោក Pompeo បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ថា៖ «តាំង​នាម​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ប្រជាជន​អាមេរិក ខ្ញុំ​សូម​អបអរ​សាទរ​ប្រជាជន​កម្ពុជា​នៅ​ខួប​ទី ៦៧ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ខ្លួន»។

លោក Pompeo បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «យើង​មាន​កិត្តិយស​ណាស់​ក្នុង​ការប្រឈម​មុខ​នឹង​ឧបសគ្គ​រួម​ក្នុង​នាម​ជា​ដៃ​គូ​ជាមួយ​នឹង​កម្ពុជា ដើម្បី​គាំទ្រ​ដល់​សុខុមាលភាព សុវត្ថិភាព និង​វិបុលភាព​នៃ​ប្រទេស​ទាំង​ពីរ។ យើង​ទន្ទឹង​រង់ចាំ​ការ​បង្កើន​ចំណង​ទាក់ទង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដើម្បី​ជួយ​កសាង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​វិបុលភាព ​ប្រជាធិបតេយ្យ និង​ឯករាជ្យភាព»។

អ្នក​វិភាគ​កិច្ចការ​ការទូត និង​នយោបាយ​មួយ​ចំនួន​ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក ​និង​កម្ពុជា ​ដែល​បាន​ឈាន​ចូល​ដល់​គម្រប់​ ៧០ ​ឆ្នាំ ​នៅ​ឆ្នាំ​ ២០២០ ​នេះ ហាក់​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​មុន ជា​ពិសេស​ចាប់តាំង​ពី​ការ​ចូល​កាន់​តំណែង​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ កាល​ពី​ខែ​សីហា ​ឆ្នាំ​មុន​មក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG