ពិភពលោកកំពុងតាមដានការបោះឆ្នោតនៅសហរដ្ឋអាមេរិកដោយសារលទ្ធផលបោះឆ្នោតរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបង្អស់នៅលើពិភពលោកនេះ អាចមានឥទ្ធិពលដល់ប្រទេសទាំងជាមិត្ត និងជាសត្រូវ។
អ្នកតាមដានស្ថានការណ៍នយោបាយនិងការបោះឆ្នោតនៅអាមេរិក និងអ្នកតាមដានទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រាប់វីអូអេថាពួកគេចង់ឲ្យមានការផ្លាស់ប្តូរមេដឹកនាំនៅអាមេរិក ខណៈអ្នកខ្លះទៀតថា បើទោះបីជាមានការផ្លាស់ប្តូរ ឬមិនផ្លាស់ប្តូរមេដឹកនំាអាមេរិកក៏ដោយ ទំនាក់ទំនងរបស់អាមេរិក និងកម្ពុជា នឹងនៅដដែល។
គណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ មានគោលនយោបាយអភិរក្សនិយមដោយផ្តោតសំខាន់លើផលចំណេញផ្នែកពាណិជ្ជកម្ម និងផលប្រយោជន៍ជនជាតិអាមេរិកមុនគេ។ រីឯគណបក្សប្រជាធិបតេយ្យដែល លោក ចូ បៃដិន ជាបេក្ខភាពប្រធានាធិបតី មានគោលនយោបាយសេរីនិយម ដោយគិតគូរអំពីមុខមាត់អាមេរិក លើឆាកអន្តរជាតិហើយលោកគ្រោងនឹងចូលរួមឡើងវិញក្នុងកិច្ចព្រមព្រៀងអន្តរជាតិដែលរដ្ឋបាលលោក ត្រាំបានដកខ្លួនចេញ។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព យល់ថារដ្ឋបាលលោកត្រាំ មិនសូវឲ្យតម្លៃទៅលើគោលការណ៍សិទ្ធិមនុស្សនោះទេ។ លោកស្រីថាគោលការណ៍សិទ្ធិមនុស្សមួយចំនួនត្រូវបានផាត់ចេញថែមទៀតដូចជាការពង្រឹងការចូលរួមរបស់សង្គមស៊ីវិល សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងសុខភាពបន្តពូជជាដើម។ លោកស្រីសង្ឃឹមថាគណបក្សប្រជាធិបតេយ្យដែលផ្តល់អាទិភាពចំពោះបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនឹងអាចឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនេះ។
«ខ្ញុំសង្ឃឹមថា នឹងមានការផ្លាប់ប្តូរមួយដែលអ្នកកាន់អំណាចក្រោយ គាត់នឹងឲ្យតម្លៃលើគោលការណ៍សិទ្ធិមនុស្សជាអាទិភាព ឲ្យតម្លៃទៅលើគោលការណ៍សមភាពទាំងស្ត្រី បុរស និងអ្នកស្រលាញ់ភេទដូចគ្នា និងផ្តល់គុណតម្លៃឲ្យបានច្រើនក្នុងការគាំទ្រដល់តួអង្គសង្គមស៊ីវិលក្នុងការលើកកម្ពស់គោលការណ៍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០១៦មក អ្វីដែលច្បាស់នោះគឺការគោរពសិទ្ធិមនុស្ស។ កុមារជាច្រើនដែលរត់គេចពីប្រទេសរបស់ខ្លួនមកសហរដ្ឋអាមេរិកជាមួយឪពុកម្តាយរបស់ពួកគេត្រូវបានរដ្ឋាភិបាលលោកត្រាំ ពង្រាត់ពីឪពុកម្តាយហើយដាក់ពួកគេចូលក្នុងទ្រុង។ នេះបើយោងតាមក្រុមអ្នកតាមដាននិងរិះគន់។
ចំណែកសេរីភាពក្នុងការបញ្ចេញមតិនៅសហរដ្ឋអាមេរិក ក៏មានការធ្លាក់ចុះដោយសារជាញឹកញាប់ អ្នកសារព័ត៌មានត្រូវលោក ត្រាំ វាយប្រហារដោយពាក្យសម្តីគំរោះគំរើយ។ នេះបើផ្អែកតាមអង្គការការពារសេរីភាពសារព័ត៌មានមួយចំនួន។
លោក អ៊ិត សូធឿត នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (Cambodian Center for Independent Media) មើលឃើញថា កន្លងមក រដ្ឋបាលលោក ដូណាល់ ត្រាំ មិនខ្វាយខ្វល់អំពីសេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនោះទេ។
«អាមេរិកកន្លងមកត្រូវបានគេចាត់ទុកថា ជាប្រទេសបិតាប្រជាធិបតេយ្យផ្តល់សេរីភាពក្នុងការបញ្ចេញមតិ ពិសេសសេរីភាពសារព័ត៌មានហ្នឹង។ វាមាន First Amendment អីហ្នឹង។ ប៉ុន្តែទើបតែរដ្ឋបាលចុងក្រោយនេះទេ គាត់មានជម្លោះជាមួយប្រព័ន្ធផ្សព្វផ្សាយច្រើន និងមានការដករឹតត្បិតថវិកាច្រើនទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកដែលខ្លួនបានផ្តល់ឲ្យ»។
លោក សូធឿត ថា ប្រសិនគណបក្សប្រជាធិបតេយ្យជាប់ឆ្នោត អាចមានឥទ្ធិពលវិជ្ជមានដល់សេរីភាពសារព័ត៌មានដូចជាការពិចារណាលើការផ្តល់ជំនួយបន្ថែម និងលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសារព័ត៌មានឡើងវិញ។
នៅក្នុងឆ្នាំ ២០១៨ បន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងចម្បងមួយរបស់កម្ពុជាត្រូវបានរំលាយ សហរដ្ឋអាមេរិកបានសម្រេចព្យួរជំនួយមកលើកម្ពុជាដោយលើកឡើងថាខ្លួនបានចំណាយថវិកាជាង ១ពាន់លានដុល្លារ ដើម្បីគាំទ្រកម្ពុជាក្នុងនាមជា«ដៃគូអភិវឌ្ឍដោយប្តេជ្ញាចិត្ត» ពង្រឹងសុខមាលភាពប្រជាធិបតេយ្យ សង្គម និងសេដ្ឋកិច្ច អស់រយៈពេលជាង២៥ឆ្នាំកន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ មើលឃើញថាបេក្ខភាពប្រធានាធិបតីទាំងពីរសុទ្ធតែផ្តោតសំខាន់ចំពោះការទប់ទល់នឹងអំណាចចិន គ្រាន់តែប្រើប្រាស់យុទ្ធសាស្ត្រខុសគ្នាប៉ុណ្ណោះ។
«ទាំងសងខាងសុទ្ធតែមានយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលដាលនៃអំណាចប្រទេសចិន ទាំងនយោបាយ យោធា និងសេដ្ឋកិច្ច។ បើលោក ត្រាំឈ្នះ គាត់វាយប្រហារជាលក្ខណៈជម្លោះតែម្តង។ ប៉ុន្តែបើលោក បៃដិនឈ្នះវិញ យើងអាចមើលរដ្ឋបាលរបស់លោកអូបាម៉ាវិញ កាលជំនាន់គាត់កាន់អំណាច គាត់ប្រើពាក្យមួយថា «បង្វែរគោលដៅមកអាស៊ី»។
សម្រាប់លោក អ៊ូ វីរៈ កម្ពុជាគួរជ្រើសរើសគោលជំហរណាដែលមិនរងផលប៉ះពាល់ខ្លាំងពីជម្លោះនៃមហាអំណាចទាំងពីរ។
កន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក មានភាពតានតឹងផង និងធូរស្រាលផង។
កាលពីឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានចោទប្រកាន់គណបក្សជំទាស់ ថាបានព្យាយាម«ធ្វើបដិវត្តពណ៌» ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រោមការគាំទ្រពីសហរដ្ឋអាមេរិក។ អាជ្ញាធរបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»។
ក្នុងរយៈពេលពីរអាណត្តិរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលមកពីគណបក្សប្រជាធិបតេយ្យ លោកបានបង្ហាញពីជំហរច្បាស់លាស់ចំពោះមេដឹកនាំប្រទេសដែលមានការរំលោភសិទ្ធិមនុស្ស។ កាលពីឆ្នាំ២០១៦ លោកអូបាម៉ា បានលុបចោលជំនួបរបស់លោកជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ក្រោយរដ្ឋាភិបាលរបស់លោក Duterte សម្លាប់ជនសង្ស័យបទល្មើសគ្រឿងញៀនក្រៅប្រព័ន្ធតុលាការ។ នេះបើយោងតាមសារព័ត៌មានជាច្រើន។
សារព័ត៌មានអាមេរិក បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បង្ហាញភាពស្និទ្ធស្នាលជាមួយមេដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង និងរុស្ស៊ី គឺ លោក គីម ជុងអ៊ុន និងលោក វ្លាដឺមៀរ ពូទីនជាដើម។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានផ្ញើលិខិតតបទៅ លោក ដូណាល់ ត្រាំ ថ្លែងអំណរគុណប្រធានាធិបតីអាមេរិករូបនេះដែលបានបញ្ជាក់ថាលោកមិនព្យាយាម«ផ្លាស់ប្តូររបប» នៅកម្ពុជាទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថាលោកមិនចង់អត្ថាធិប្បាយចំពោះការបោះឆ្នោតនៅសហរដ្ឋអាមេរិកទេ ព្រោះលោកជាតំណាងរាជរដ្ឋាភិបាលកម្ពុជា។ ទោះយ៉ាងណា លោកថា ការផ្លាស់ប្តូរប្រធានាធិបតីអាមេរិក មិនជះឥទ្ធិពលខ្លាំងមកដល់ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកទេ។
«គណបក្សទាំងពីរហ្នឹងតែងតែផ្តល់ឱកាសឲ្យកម្ពុជាទោះបីវោហារស័ព្ទនយោបាយសហរដ្ឋអាមេរិកនិយាយអំពីសិទ្ធិមនុស្ស ឬនិយាយអំពីប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា កិច្ចសហការសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានកំណើន... មិនអញ្ចឹង? យើងមើលវិស័យពាណិជ្ជកម្មនៅតែមានកំណើន វិស័យដទៃនៅតែមានកំណើន។ វាខុសគ្នាតែថាតើសហរដ្ឋអាមេរិកហ្នឹង មានសល់លុយប៉ុន្មានសម្រាប់ឲ្យចាយក្នុងការងារកិច្ចការបរទេស តែប៉ុណ្ណឹងទេ»។
ដូចគ្នានឹងលោក ផៃ ស៊ីផានដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា កម្ពុជានឹងគោរពតាមការសម្រេចចិត្តរបស់ពលរដ្ឋអាមេរិក។ ចំពោះការសម្រេចបានប្រធានាធិបតីពីគណបក្សណាមួយនោះ កម្ពុជានិងសហរដ្ឋអាមេរិកនៅតែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
«ការបោះឆ្នោតជារឿងផ្ទៃក្នុងរបស់អាមេរិកមែន ប៉ុន្តែវាជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពនយោបាយនៅទូទាំងពិភពលោក»។
ការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដោយសេរី និងបើកចំហនៅសហរដ្ឋអាមេរិកនេះ មិនត្រឹមតែមានឥទ្ធិពលមកលើនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជានោះទេ តែថែមទាំងលើផ្នែកសង្គមកម្ពុជាផងដែរ។
កញ្ញា ចាន់ជឹម វិជ្ជនី វ័យ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្កនក្នុងទីក្រុងភ្នំពេញ និយាយថាការប្រកួតប្រជែងនយោបាយនៅសហរដ្ឋអាមេរិកអាចឲ្យមេដឹកនាំ បង្ហាញជំនាញដោះស្រាយបញ្ហាប្រទេសជាតិក្នុងនាមជាប្រធានាធិបតី ឬជាគូប្រជែងគណបក្សកាន់អំណាច។
កញ្ញា វិជ្ជនី និយាយថា៖ «ការដែលគាត់អាចរិះគន់ដៃគូនយោបាយគាត់បានអញ្ចឹង អាចបញ្ជាក់ថានៅសហរដ្ឋអាមេរិកហ្នឹង គេបើកសេរីភាពឲ្យមានការធ្វើនយោបាយយ៉ាងពេញទំហឹង ដែលបេក្ខជនមកពីគណបក្សប្រឆាំងណាមួយអាចរិះគន់គណបក្សដែលកាន់អំណាចអញ្ចឹងណា។ [...] អញ្ចឹងប្រជាជននៅកន្លែងណា ក៏គាត់អាចយល់ដឹងបានថាតើគួរបោះឆ្នោតឲ្យអ្នកណាគេ»។
លោក ម៉ៅ ច័ន្ទសុវណ្ណី វ័យ២៤ឆ្នាំ ជាអ្នកប្រឹក្សាក្នុងវិស័យអចលនទ្រព្យមួយរូប ដែលពេញចិត្តគោលនយោបាយរបស់គណបក្សសាធារណរដ្ឋរបស់លោកដូណាល់ ត្រាំ។
លោកនិយាយថា៖ «(គណបក្សសាធារណរដ្ឋ) មានគោលនយោបាយរៀងមុត ដូចជាការប្រយុទ្ធប្រឆាំងជាមួយភេរវកម្ម ប្រកាសប្រឆាំង[ដោយ]សង់ជញ្ជាំងម៉ិកស៊ិក ក៏ដូចជាការកាត់ពន្ធរបស់[ប្រជាពលរដ្ឋដែលមានជីវភាពថ្នាក់កណ្ដាល]ដើម្បីជួយកាត់បន្ថយការយកពន្ធរបស់ប្រជាជនអាមេរិក ក៏ដូចជាគោលនយោបាយអន្តោប្រវេសន៍»។
លោក សុវណ្ណី មើលឃើញថា គោលនយោបាយអាមេរិកក្រោមរដ្ឋបាលលោក ត្រាំភាគច្រើនផ្តោតសំខាន់លើពាណិជ្ជកម្ម ជាជាងសិទ្ធិមនុស្ស ហើយរដ្ឋបាលកាន់អំណាចនៅអាណត្តិចុងក្រោយនេះ មិនបានចូលរួមជាមួយនឹងអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា។
បច្ចុប្បន្ន លោក សុវណ្ណី និងមិត្តភក្តិ៧នាក់ទៀតកំពុងភ្នាល់គ្នានិងទន្ទឹងចាំលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយកំណត់យកអាហារពេលល្ងាចមួយពេលជារង្វាន់សម្រាប់ក្រុមអ្នកឈ្នះ៕