លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo បានអញ្ជើញទៅដល់ទីក្រុងតូក្យូនៅថ្ងៃសៅរ៍នេះ ដែលជាការឈប់សំចតលើកទី១នៃដំណើរទស្សនកិច្ចរបស់លោករយៈពេល៣ថ្ងៃទៅកាន់តំបន់អាស៊ីខាងកើត។
លោកនឹងធ្វើការចរចាជាមួយលោក Shinzo Abe នាយករដ្ឋមន្រ្តីនិងលោករដ្ឋមន្រ្តីការបរទេស Taro Kono នៃប្រទេសជប៉ុនដែលត្រូវគេរំពឹងនឹងគ្របដណ្តប់លើដំណើរទស្សនកិច្ចនៅពេលខាងមុខរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងនិងបញ្ហាពាណិជ្ជកម្ម។
អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះ ក៏នឹងទៅបំពេញទស្សនកិច្ចប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិនមុនពេលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ។
នៅក្នុងទីក្រុងព្យុងយ៉ាង លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo ត្រូវគេរំពឹងនឹងធ្វើការចរចាស្តីពីការធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo បានមានប្រសាសន៍នៅពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុនថា គោលបំណងនៃជំនួបរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងគឺធ្វើឲ្យប្រាកដថា យើងបានយល់ពីអ្វីដែលភាគីមួយៗកំពុងព្យាយាមធ្វើពិតប្រាកដដើម្បីឲ្យសម្រេចការសន្យារបស់យើងនៅក្នុងប្រទេសសិង្ហបុរី ដែលនៅទីនោះមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើជំនួបកំពូលជាប្រវត្តិសាស្រ្ត។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo បានមានប្រសាសន៍ទៀតថា លោក ក៏ចង់កំណត់កាលបរិច្ឆេទសម្រាប់ជំនួបលើកទី២រវាង គីម ជុងអ៊ុន និងប្រធានាធិបតីដូណាល់ ត្រាំ៕