គណបក្សនយោបាយមួយចំនួន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បន្តខ្វែងគំនិតគ្នាលើការលុបចោល និងកែប្រែនីតិវិធីមួយចំនួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ខាងមុខនេះ ដោយគណបក្សទាមទារឲ្យស្ថាប័នរៀបចំការបោះឆ្នោតរក្សានីតិវិធីដូចឆ្នាំ២០១៧ ដើម្បីធានាឲ្យមានតម្លាភាព និងទំនុកចិត្ត។
កាលពីថ្ងៃទី៧ ខែមករា គ.ជ.ប. បានអនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ការកែប្រែនីតិវិធីនេះ ក៏រងការរិះគន់ពីគណបក្សនយោបាយមួយចំនួន និងអ្នកធ្វើការលើការបោះឆ្នោតផងដែរ។
ភាពមិនទាន់យល់ស្របគ្នានេះ គឺនៅត្រង់ចំណុចមួយចំនួន ដែលទីមួយ គឺការរក្សាព័ត៌មានអំពីតួលេខនៃចំនួនសន្លឹកឆ្នោតដែលបានទទួល សន្លឹកឆ្នោតដែលមិនបានប្រើ សន្លឹកឆ្នោតខូចនៅក្នុងទម្រង់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងទីពីរ គឺការចែកជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតឲ្យទៅគណបក្សនយោបាយដែលមានវត្តមាន គឺដូចការបោះឆ្នោតមុនៗ។
គណបក្សចំនួន៣ រួមមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម និងគណបក្សកែទម្រង់កម្ពុជា បានចេញញត្តិរួមគ្នាមួយ ចុះថ្ងៃទី១១ ខែមករា ដោយទាមទារឲ្យស្ថាប័ន គ.ជ.ប. រក្សាទុកនូវចំណុចទាំងពីរខាងលើនេះ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការទុកចិត្តពីគណបក្សនយោបាយ និងអ្នកបោះឆ្នោត។ នេះ បើតាមញត្តិដែលវីអូអេទទួលបាន។
គណបក្សទាំងនោះក៏ទាមទារឲ្យគ.ជ.ប. រក្សានូវការកត់ត្រាទិន្នន័យនៃចំនួនសន្លឹកឆ្នោតខូច ចំនួនសន្លឹកឆ្នោតដែលទទួលបានជាក់ស្តែង ចំនួនសន្លឹកឆ្នោតដែលមិនបានប្រើ ចំនួនសន្លឹកឆ្នោតដែលមានក្នុងហិបឆ្នោត ឲ្យនៅដដែល ដូចការបោះឆ្នោតអាណត្តិមុន ដែលមាននៅក្នុងចំណុចទីពីរស្តីពីលទ្ធផលនៃការផ្ទៀងផ្ទាត់ចំនួនសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលមានចែងនៅក្នុងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់១១០២) ដែលជាកំណត់ហេតុត្រូវចែកជូនគណបក្សនយោបាយដែលមានវត្តមាន ហើយបិទផ្សាយនៅតាមការិយាល័យរាប់សន្លឹកឆ្នោត និងនៅទីស្នាក់ការគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការ។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងថា គណបក្សនៅតែទាមទារឲ្យគ.ជ.ប. រក្សាទិន្នន័យក្នុងទម្រង់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់១១០២) ឲ្យនៅដដែល ហើយគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ត្រូវតែចម្លងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតឲ្យគណបក្សនយោបាយដែលមានវត្តមាន ដោយមានត្រាបញ្ជាក់ឲ្យត្រឹមត្រូវនៅតាមការិយាល័យបោះឆ្នោត ដើម្បីឲ្យមានការទុកចិត្តពីគណបក្សនយោបាយ និងអ្នកបោះឆ្នោត។
លោកបន្តថា ការបោះឆ្នោតកន្លងទៅ លទ្ធផលដែលបិទផ្សាយនៅមុខការិយាល័យបោះឆ្នោតមានការហែកចោលភ្លាម ហើយបើសិនជាថតតាមទូរស័ព្ទ នោះទិន្នន័យនឹងពិបាកយកធ្វើជាទិន្នន័យផ្លូវការក្នុងការតវ៉ាណាមួយ នៅពេលមានភាពមិនប្រក្រតីកើតឡើង។
លោកថ្លែងថា៖ «នៅពេលដែលយើងថតទៅស្រាប់តែអ្វីដែលគេ upload [បញ្ចូលទិន្នន័យ]ចេញមកខុសគ្នា តើទិន្នន័យមួយណាជាទិន្នន័យផ្លូវការដែលយើងយកទៅជជែកគ្នា? ស្រួលមិនស្រួល គេចោទប្រកាន់ថា យើងហ្នឹងទៅកែទិន្នន័យ ទៅក្លែងឯកសារសាធារណៈ នាំមានរឿងមានរ៉ាវដល់ពួកយើងទៀត។ អ៊ីចឹងដើម្បីធានាបានតម្លាភាពគ.ជ.ប. ត្រូវតែបង្ហាញនូវភាពកណ្តាល ភាពយុត្តិធម៌ ហើយទិន្នន័យទាំងអស់ហ្នឹង ត្រូវតែប្រគល់ឲ្យគណបក្សនយោបាយ ដូចការអ្វីដែលបាន[ធ្វើ] ដូចបោះឆ្នោតមុនៗអ៊ីចឹង»។
លោក ឡឹក សុធារ នៅតែមិនពេញចិត្តទៅលើការកែប្រែនីតិវិធីមួយចំនួនរបស់គ.ជ.ប. ដោយបានលើកឡើងថា៖ «ធ្វើប្រហែលគ.ជ.ប. លើកមុនផង នៅតែមានការជជែកគ្នា នៅតែមានការបកស្រាយផ្សេងៗគ្នាពីរឿងលទ្ធផលនៃការបោះឆ្នោត។ចុះទម្រាំតែលុប[នីតិវីធីមួយចំនួន]ទៀត តើភាពសង្ស័យវាខ្លាំងប៉ុនណា? ភាពខ្វែងគំនិតគ្នាលើលទ្ធផលកាន់តែធំប៉ុនណា?»
កាលពីចុងខែធ្នូ ឆ្នាំ២០២១ គណបក្សនយោបាយ ក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឲ្យគ.ជ.ប. រក្សាទុកប្រការមួយចំនួននោះ ក្នុងគោលបំណងដើម្បីបង្ហាញអំពីការព្យាយាមធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របពេលគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ទទួលបានការទុកចិត្តពីសំណាក់គណបក្សនយោបាយ និងអ្នកបោះឆ្នោត និងបញ្ចៀសការជាប់គាំងនយោបាយ។
លោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានការពារថា ការកែប្រែនីតិវិធីនេះ គឺដើម្បីធានាប្រសិទ្ធភាពការងារតែប៉ុណ្ណោះ។ លោកបន្ថែមថា នីតិវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់នេះ គឺមានការកែប្រែនូវការទទួលយកលទ្ធផលនៃការរាប់សន្លឹកឆ្នោតតែប៉ុណ្ណោះ ដែលកាលពីអាណត្តិមុនគណបក្សនយោបាយនីមួយៗទៅយកនៅតាមការិយាល័យបោះឆ្នោត ប៉ុន្តែ អាណត្តិនេះ គឺយកនៅគណៈកម្មការរៀបចំការបោះឆ្នោត ឃុំសង្កាត់ក្នុងថ្ងៃតែមួយជំនួសវិញ។លោកបញ្ជាក់ថា ការបិទលទ្ធផលនៃការរាប់សន្លឹកឆ្នោតតាមមុខការិយាល័យ និងការប្តឹងតវ៉ា គឺធ្វើទៅតាមនីតិវិធីច្បាប់ដដែល ដូចការបោះឆ្នោតលើកមុនៗ។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលការបោះឆ្នោត ប្រាប់វីអូអេថា គ.ជ.ប. គួរតែរក្សាទុកដូចនីតិវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧ ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធទទួលយកបាន។ ហើយអ្វីដែលសំខាន់ គ.ជ.ប. ត្រូវតែពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្ត្រីនៅតាមការិយាល័យឲ្យបានល្អជាងមុន។
លោកថ្លែងថា៖ «គ.ជ.ប. គួរពិចារណារក្សានៅដដែល ហើយខំប្រឹងពង្រឹងវិញ។ ខ្ញុំមើលទៅប្រហែលជាការព្រួយបារម្ភរបស់គ.ជ.ប.នូវក្នុងការលើកឡើងរបស់គណបក្សនយោបាយ ទាក់ទងការខុសឆ្គងនូវការចម្លងលទ្ធផលទេ។ ប៉ុន្តែករណីនេះ ខ្ញុំថា គួរតែពង្រឹងសមត្ថភាពមន្ត្រីការិយាល័យបោះឆ្នោតហ្នឹង។ ពង្រឹងគាត់ឲ្យមានការយកចិត្តទុកដាក់។ វាជារឿងមួយដែលប្រសើរណាស់»។
លោកបន្តថា មន្ត្រីការិយាល័យបោះឆ្នោត ជាអ្នកទទួលបន្ទុក និងជាអ្នកទទួលខុសត្រូវចំពោះលទ្ធផលនៃការរាប់សន្លឹកឆ្នោត។ គណៈកម្មការឃុំសង្កាត់ មិនមែនជាអ្នកទទួលខុសត្រូវនោះទេ។ ដូច្នេះ ការចែកលទ្ធផលនៃការរាប់សន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត គឺដើម្បីផ្តល់ទំនុកចិត្តដល់ភាគីគណបក្សដែលបានចូលរួម និងសង្កេតដោយផ្ទាល់នៅទីតាំងបោះឆ្នោត។
លោកបញ្ជាក់ថា៖ «ការយកទៅដល់ឃុំនោះ វាដូចគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែ វា មិនដូចជាការប្រគល់ ការរៀបចំ ការវាយត្រានៅការិយាល័យទេ ពីព្រោះ ការវាយត្រានៅការិយាល័យ វា ឆ្លុះបញ្ចាំងអំពីការចូលរួមរបស់គណបក្សនយោបាយហ្នឹង»។
លោកបន្ថែមថា ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប. ត្រូវតែពិនិត្យ និងជជែកឲ្យយល់ស្របគ្នាទៅលើលក្ខខណ្ឌនានាជាមួយគណបក្សនយោបាយដែលបានចូលរួមប្រកួតការបោះឆ្នោត មុននឹងអនុម័ត ឬសម្រេចនីតិវិធីសម្រាប់ការបោះឆ្នោតណាមួយ៕