ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកឃ្លាំមើល​ការបោះឆ្នោត​ជំរុញ​ពលរដ្ឋ​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈ​តួលេខ​ទាប​ជាង​គោលដៅ​រំពឹងទុក


រូបឯកសារ៖ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​ ២០១៦ មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ។​ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​ ២០១៦ មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ។​ (ហ៊ាន សុជាតា/វីអូអេ)

ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​លើក​ឡើង​ថា ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ក្នុង​រយៈ​ពេល​១​ខែ​នេះ ទាប​ជាង​ការរំពឹង​ទុក ដោយ​ពួកគេ​ ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត ខណៈ​ការបោះ​ឆ្នោត​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់។

គិត​ចាប់​តាំង​ពី​ថ្ងៃ​បើក​ការ​ពិនិត្យ​បញ្ជី​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ប្រជា​ពលរដ្ឋ​ប្រមាណ​៣០​ម៉ឺននាក់​ បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ នេះ​បើ​តាម​ទិន្នន័យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត បន្ថែម​អ្នក​បោះ​ឆ្នោត​ថ្មី​នេះ នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹតុ្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០២២​ខាង​មុខ។

ចំនួន​ពលរដ្ឋ​៣០​ម៉ឺន​នាក់​នេះ​ គឺ​ជា​ចំនួន​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ក្នុង​ផែន​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ជាង​១,៦​លាន​នាក់​របស់​គ.ជ.ប នៅ​ក្នុង​យុទ្ធនា​ការ​ចុះ​ឈ្មោះពលរដ្ឋ​តាម​ឃុំ​សង្កាត់ ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០២១។

រូបឯកសារ៖ ផ្ទាំង​ក្រណាត់​ផ្សព្វផ្សាយ​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១ នៅ​សាលា​សង្កាត់​ត្រើយកោះ ក្នុង​ខេត្ត​កំពត​នៃ​ប្រទេស​កម្ពុជា។ រូបថត​កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០២១។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ផ្ទាំង​ក្រណាត់​ផ្សព្វផ្សាយ​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១ នៅ​សាលា​សង្កាត់​ត្រើយកោះ ក្នុង​ខេត្ត​កំពត​នៃ​ប្រទេស​កម្ពុជា។ រូបថត​កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០២១។ (ស៊ុន ណារិន/វីអូអេ)

លោក កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា តួលេខ​នៃ​អ្នក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​បច្ចុប្បន្ន​នៅ​មិន​ទាន់​អាច​បំពេញ​តាម​គោលដៅ​ចំនួន​កំណត់​នៅ​ឡើយ​ទេ។

លោក​ប្រាប់​វីអូអេ​ថា៖ «តាម​ពិត​តួលេខ​នេះ​ មក​ដល់​ថ្ងៃ​នេះ​ទៅ​ហើយ យើង​ឃើញ​ម្ភៃ​ថ្ងៃ​ជាង​ទៅ​ហើយ។ អ៊ីចឹង​កិច្ច​ការងារ​នេះ​ បាន​ត្រឹម​តែ​បី​សែន​ទេ។ ​បើ​សិន​យើង​ពិនិត្យ​មើល​មែន​ទែន បី​សែន​នេះ​ បើ​យើង​ធៀប​ទៅ​ វា​អត់​គ្រប់​ទៅ​តាម​គោល​ការណ៍ ឬ​ក៏​ចំនួន​កំណត់​របស់​គ.ជ.ប ​ទេ។ ហើយ​ចំនួន​នេះ ​គឺ​ជា​ចំនួន​តិច​ណាស់។ គិត​ទៅ​វា​បាន​តែ​មួយ​ភាគ​បួន​ទេ មួយ​ភាគ​បួន​នៃ​ការ​ប៉ាន់​ប្រមាណ​សរុប»។

លោកបន្ថែម​ថា ​នា​ពេល​បច្ចុប្បន្ន​អង្គការ​របស់​លោក​បាន​តាម​ដាន​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន​ផ្សេងៗ​ក្នុង​ប្រទេស​ផង​ដែរ ដោយ​បាន​ចាត់​តាំង​មន្រ្តី​ទៅ​តាម​មូលដ្ឋាន​ខេត្ត​ចំនួន​១៦ ហើយ​មន្រ្តី​ម្នាក់​ទទួល​បន្ទុក​ក្នុងខេត្ត​មួយ ដោយ​ត្រួត​ពិនិត្យលើ​ឃុំ​ចំនួន​៤។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថា​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយសេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិច​ (NICFEC) និយាយ​ថា​ ចំនួន​អ្នក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មិន​ទាន់​ឈានដល់​កម្រិត​រំពឹង​ទុក​នៅ​ឡើយ​ទេ ដោយ​លោកសង្កេត​ឃើញ​ថា​មាន​អ្នក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​នៅ​ពេល​ចុង​សប្តាហ៍​តែ​ប៉ុណ្ណោះ។

លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ចូលរួម​ចុះ​ឈ្មោះ ​ទោះ​បី​ជា​លោក​គិត​ថា​នៅ​ពេល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ត្រូវ​បាន​បញ្ចប់​នា​ចុង​ខែ​វិច្ឆិកា​ខាង​មុខ ការ​ចុះ​ឈ្មោះ​អាច​សម្រេច​បានត្រឹម​តែ​៥០%​នៃ​ចំនួន​រំពឹង​ទុក​ក៏​ដោយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ដែល​ទើប​ដល់​អាយុ​១៨​ឆ្នាំ ឲ្យ​គាត់​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា។ ទី​ពីរ​ ពលករ​ដែល​គាត់​អញ្ជើញ​មក​ពី​ប្រទេស​ក្រៅ ដូច​ថៃ​ដូច​អី​អ៊ីចឹង​ទៅ ដែល​គាត់​អត់​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ហ្នឹង ឲ្យ​គាត់​ទៅ​ចុះ​ឈ្មោះ​ ឲ្យ​បាន​គ្រប់ៗ​គ្នា​ផង​ ងាយ​ស្រួល​ឆ្នាំ​ក្រោយ​ យើង​មាន​ការ​បោះ​ឆ្នោត​ពីរ​ឆ្នាំ​ជាប់​គ្នា​២០២២​ និង​២០២៣ ​ម្តង​ទៀត»។

កាល​ពី​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ ដោយ​សារ​អវត្ត​មាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ អាច​ចូល​រួម​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ឬ​យ៉ាង​ណា។ នៅ​ក្នុង​ដំណាក់​កាល​នៃ​ជំងឺ​កូវីដ​១៩​នេះ ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​ពិសេស​នៅ​ប្រទេស​ថៃ ក៏​បាន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ហើយ​មិន​អាច​ត្រឡប់​ទៅ​វិញ​បាន​នៅ​ពេល​នេះ។

លោក សោម សូរីដា អគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ តួលេខក្នុង​ផែន​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ចំនួន​ជាង១,៦​លាន​នាក់​ ជា​តួលេខ​គោល​ដៅ ដោយ​មាន​ទាំងអ្នក​ដែល​ស្លាប់ ក៏​ដូចជា​ចំនួន​ពលរដ្ឋ​ចំណាកស្រុក។

លោកថ្លែង​ថា៖ «ដោយ​ហេតុ​នេះ​ហើយ បាន​ជា​គ.ជ.ប​ មិន​ដាក់​ផែន​ការ​៥០​ម៉ឺន ឬ​៦០​ម៉ឺន​ទេ ពីព្រោះ​ដោយ​សារ​តួលេខ​យើង​ឃើញ​១លាន​ ៦​សែន​នេះ។ បើ​សិន​ជា​យើង​ដាក់​៥០​ ទៅ​៦០​ម៉ឺន​នោះ តើ​១​លាន​នាក់​ជាង​ទៀត​ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ មាន​ន័យ​ថា គ.ជ.ប មិន​យក​ចិត្ត​ទុក​ដាក់។ អញ្ចឹង​ជា​គោល​ការណ៍ គ.ជ.ប ​នៅ​ក្នុង​ច្បាប់ ​គឺ​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ​ គឺ​ត្រូវ​ធានា​ឲ្យ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ហ្នឹង បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​បោះ​ឆ្នោត ដើម្បី​ឲ្យ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គ្រប់ៗ​គ្នា»។

លោកបន្ត​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រំពឹង​ថា​ ពលរដ្ឋជាង​៥០​ម៉ឺន​នាក់​ នឹង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​ក្នុង​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ឃុំ​សង្កាត់ ដែល​មាន​រយៈ​ពេល​៥០​ថ្ងៃ​នេះ។

យ៉ាង​ណាក្តី​ លោក​ សោម សូរីដា មិន​ទាន់អាច​បញ្ជាក់​តួលេខ​ពិត​ប្រាកដ​នៃ​ពលរដ្ឋ​ទើប​អាយុ​១៨ ដែល​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​ នៅ​ឡើយ​នោះ​ទេ។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ​តាម​ការ​សង្កេត​របស់​លោក​ គឺ​ចំនួន​ពលរដ្ឋ​ក្នុង​ក្រុម​នេះ​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត មានអត្រា​កើន​ឡើង​ខ្ពស់​ជាង​មុន​ពី​៣០%​ ទៅ​៣៥​% បើ​ធៀប​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​កាល​ពី​អាណត្តិ​មុន។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​គ.ជ.ប ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​កញ្ញា លក្ខខណ្ឌ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​យុទ្ធនាការ​ចុះ​ឈ្មោះ​ថ្មី​នេះ គឺ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ ហើយ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក​ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង ដែល​កើត​មុន ឬ​កើត​ត្រឹម​ថ្ងៃ​ទី៦​ ខែ​មិថុនា​ ឆ្នាំ​២០០៤ និង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅ​ឋាន ​ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី​ ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ សង្កាត់​ដែល​សាមី​ខ្លួន​កំពុង​រស់​នៅ ឬ​ស្នាក់​អាស្រ័យ​នៅ៕

XS
SM
MD
LG